អង្គការណាតូបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែមករាថា ទីក្រុងគៀវរំពឹងថានឹងទទួលបានអាវុធធុនធ្ងន់បន្ថែមទៀតពីបណ្តាប្រទេសលោកខាងលិចក្នុងពេលឆាប់ៗនេះ ខណៈដែលប្រធានាធិបតី វ៉្លាឌីមៀពូទីនបានសរសើរកងកម្លាំងរបស់ខ្លួនបន្ទាប់ពីការអះអាងរបស់ពួកគេថាបានដណ្តើមយកទីក្រុងអ៊ុយក្រែនមួយ។ ប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ីបានអះអាងថាដណ្តើមបានទីក្រុងSoledarនៅភាគខាងកើតអ៊ុយក្រែនដែលជាកន្លែងរុករករ៉ែអំបិលនិងមានមនុស្សរស់នៅដល់១ម៉ឺននាក់មុនពេលជម្លោះលោកពូទីនបានសាទរថាវាជាជោគជ័យដ៏សំខាន់មួយ។
អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថាអ៊ុយក្រែនអាចរំពឹងថានឹងមានអាវុធធុនធ្ងន់បន្ថែមទៀតបន្ទាប់ពីសំណើរបស់ទីក្រុងគៀវទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់យានរថក្រោះ កាំភ្លើងធំ និងមីស៊ីល ដែលខ្លួននិយាយថា ជាគន្លឹះក្នុងការការពារខ្លួន។
លោក Stoltenberg បានប្រាប់កាសែត Handelsblatt ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ថាការសន្យានាពេលថ្មីៗនេះសម្រាប់ឧបករណ៍សង្គ្រាមធុនធ្ងន់គឺមានសារៈសំខាន់ ហើយខ្ញុំរំពឹងថានឹងមានច្រើនទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។លោកបន្តថាយើងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃសង្រ្គាម។ ដូច្នេះវាសំខាន់ណាស់ដែលយើងបំពាក់អាវុធអ៊ុយក្រែនដែលវាត្រូវការដើម្បីអាចឈ្នះ។
រុស្សី និងបេឡារុស ចាប់ផ្តើមធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា
ក្រសួងការពារជាតិបេឡារុស្សបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនិងបេឡារុស្សបានចាប់ផ្តើមសមយុទ្ធទ័ពអាកាសរួមគ្នា។សមយុទ្ធដែលទីក្រុង Minsk បានហៅថា ការការពារនៅក្នុងធម្មជាតិ”នឹងមានរយៈពេលរហូតដល់ថ្ងៃទី ១ខែកុម្ភៈ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបេឡារុសបានអោយដឹងថាគោលដៅសំខាន់នៃសមយុទ្ធនេះគឺដើម្បីបង្កើន ប្រតិបត្តិការនៅក្នុងការអនុវត្តរួមគ្នានៃភារកិច្ចហ្វឹកហ្វឺនប្រយុទ្ធ។
សេចក្តីថ្លែងការណ៍បានបន្តថាសកម្មភាពជាច្រើននឹងត្រូវអនុវត្តក្នុងអំឡុងពេលសមយុទ្ធនេះរួមមានការឈ្លបយកការណ៍តាមអាកាស ការល្បាតដែនអាកាសរួមគ្នា ការគាំទ្រផ្លូវអាកាសសម្រាប់ក្រុមទាហាន ការចុះចតតាមអាកាសតាមយុទ្ធសាស្ត្រក៏ដូចជាការដឹកជញ្ជូនទំនិញ និងការជម្លៀសអ្នករបួស។
ចំនួនអ្នកស្លាប់ដោយការវាយប្រហាររុស្ស៊ីកើនដល់៣៥នាក់
មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ទី១៦ខែមករាឆ្នាំ ២០២៣បានអោយដឹងថាចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីចុងសប្តាហ៍ទៅលើអគារផ្ទះល្វែងក្នុងទីក្រុង Dnipro ភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែន បានកើនឡើងដល់ ៣៥ នាក់ហើយ។
អភិបាលតំបន់ Valentyn Reznichenko បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកតាមគំនរបាក់បែក ដើម្បីស្វែងរកជនរងគ្រោះបន្ថែមទៀត។យ៉ាងហោចណាស់មនុស្ស៧៥នាក់បានរងរបួសនិង៣៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍៕