Tuesday, September 17, 2024
Homeព័ត៌មានអន្តរជាតិណាតូ បន្ថែមអាវុធធុនធ្ងន់ឲ្យអ៊ុយក្រែន ខណៈរុស្ស៊ី និង​បេឡារុស ធ្វើសមយុទ្ធដែនអា​កាស​រួមគ្នា

ណាតូ បន្ថែមអាវុធធុនធ្ងន់ឲ្យអ៊ុយក្រែន ខណៈរុស្ស៊ី និង​បេឡារុស ធ្វើសមយុទ្ធដែនអា​កាស​រួមគ្នា

អង្គការណាតូបាននិយាយកាលពីថ្ងៃអាទិត្យ ទី១៥ ខែមករាថា ទីក្រុងគៀវរំពឹងថានឹងទទួលបានអាវុធធុនធ្ងន់​បន្ថែម​ទៀត​ពីបណ្តាប្រទេសលោកខាងលិចក្នុងពេលឆាប់ៗនេះ ខណៈដែលប្រធានាធិបតី វ៉្លាឌីមៀពូទីនបាន​សរសើរកងកម្លាំងរបស់ខ្លួនបន្ទាប់ពីការអះអាងរបស់ពួកគេថាបានដណ្តើមយកទីក្រុងអ៊ុយក្រែនមួយ។ ប៉ុ​ន្មាន​ថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ីបានអះអាងថាដណ្តើមបានទីក្រុងSoledarនៅភាគខាងកើតអ៊ុយក្រែនដែលជា​កន្លែងរុក​រករ៉ែអំបិលនិងមានមនុស្សរស់នៅដល់១ម៉ឺននាក់មុនពេលជម្លោះលោកពូទីនបានសាទរថាវាជាជោគជ័យដ៏សំខាន់មួយ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បាននិយាយថាអ៊ុយក្រែនអាចរំពឹងថានឹង​មានអាវុធធុន​ធ្ងន់​បន្ថែមទៀតបន្ទាប់ពីសំណើរបស់ទីក្រុងគៀវទៅកាន់សម្ព័ន្ធមិត្តរបស់ខ្លួនសម្រាប់យានរថក្រោះ កាំភ្លើងធំ និង​មីស៊ីល ដែលខ្លួននិយាយថា ជាគន្លឹះក្នុងការការពារខ្លួន។

លោក Stoltenberg បានប្រាប់កាសែត Handelsblatt ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ថាការសន្យានា​ពេលថ្មីៗនេះ​សម្រា​ប់​​ឧបករណ៍សង្គ្រាមធុនធ្ងន់គឺមានសារៈសំខាន់ ហើយខ្ញុំរំពឹងថានឹងមានច្រើនទៀតនា​ពេលអនា​គត​ដ៏ខ្លីខាង​មុខ​នេះ។លោកបន្តថាយើងកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃសង្រ្គាម។ ដូច្នេះវាសំខាន់ណាស់​ដែលយើងបំ​ពាក់​អាវុធអ៊ុយក្រែនដែលវាត្រូវការដើម្បីអាចឈ្នះ។

រុស្សី និងបេឡារុស ចាប់ផ្តើមធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា

ក្រសួងការពារជាតិបេឡារុស្សបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីនិងបេឡារុស្សបានចាប់​ផ្តើមសម​យុទ្ធ​ទ័ពអាកាសរួមគ្នា។សមយុទ្ធដែលទីក្រុង Minsk បានហៅថា ការការពារនៅក្នុងធម្មជាតិ​”នឹងមានរយៈពេល​រហូត​ដល់ថ្ងៃទី ១ខែកុម្ភៈ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបេឡារុសបានអោយដឹងថាគោលដៅសំខាន់នៃសមយុទ្ធនេះគឺដើម្បីបង្កើន ប្រតិបត្តិការនៅក្នុងការអនុវត្តរួមគ្នានៃភារកិច្ចហ្វឹកហ្វឺនប្រយុទ្ធ។

សេចក្តីថ្លែងការណ៍បានបន្តថាសកម្មភាពជាច្រើននឹងត្រូវអនុវត្តក្នុងអំឡុងពេលសមយុទ្ធនេះរួមមានការឈ្លបយកការណ៍តាមអាកាស ការល្បាតដែនអាកាសរួមគ្នា ការគាំទ្រផ្លូវអាកាសសម្រាប់ក្រុមទាហាន ការចុះចតតាម​អា​កាស​តាមយុទ្ធសាស្ត្រក៏ដូចជាការដឹកជញ្ជូនទំនិញ និងការជម្លៀសអ្នករបួស។

ចំនួនអ្នកស្លាប់ដោយការវាយប្រហាររុស្ស៊ីកើនដល់៣៥នាក់

មន្ត្រីម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ទី១៦ខែមករាឆ្នាំ ២០២៣បានអោយដឹងថាចំនួនអ្នកស្លាប់ដោយសារ​ការវាយ​ប្រហារដោយមីស៊ីលរបស់រុស្ស៊ីកាលពីចុងសប្តាហ៍ទៅលើអគារផ្ទះល្វែងក្នុងទីក្រុង Dnipro ភាគអាគ្នេយ៍នៃប្រ​ទេស​​អ៊ុយក្រែន បានកើនឡើងដល់ ៣៥ នាក់ហើយ។

អភិបាលតំបន់ Valentyn Reznichenko បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកតាមគំនរបាក់បែក ដើម្បីស្វែងរកជនរងគ្រោះបន្ថែមទៀត។យ៉ាងហោចណាស់មនុស្ស៧៥នាក់បានរងរបួស​និង៣៥នាក់ផ្សេងទៀត​កំ​ពុងបាត់ខ្លួនបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃសៅរ៍៕

RELATED ARTICLES