ខេត្តហ៊ូណាន (ចិន) ៖ ប្រទេសចិន បានជួសជុលទំនប់បឹងដុងធីង (Dongting) ដែលជាបឹងធំទីពីរក្នុងប្រទេស បានរួចរាល់ហើយ ត្រឹមតែប៉ុន្មានថ្ងៃ បន្ទាប់ពីការបាក់ទំនប់ បណ្តាលឲ្យមនុស្សរាប់ពាន់ នាក់ត្រូវជម្លៀសចេញ។តាមប្រភពទីភ្នាក់ងារព័ត៌មានស៊ីនហួរ បុគ្គលិកសង្គ្រោះជនជាតិចិន រាប់រយនាក់ បំពាក់ដោយឧបករណ៍ ឡានដឹកថ្ម និងទូកជាច្រើនគ្រឿង បានអនុវត្តការងារជួសជុលទំនប់បឹងដុងធីង ដែលបាក់ នៅក្នុងស្រុកហួរ៉ុង (Hua Rong) ខេត្តហ៊ូណាន (Hunan) បានដោយជោគជ័យ នូវផ្នែកដែលបាក់ដាច់ ប្រវែង ២២៦ម៉ែត្រ នៅម៉ោង ១០:៣១នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក។

គួរបញ្ជាក់ថា ទំនប់បឹងដុងធីង ដែលជាបឹងទឹកសាបធំទីពីរ នៅក្នុងប្រទេសចិន ស្ថិតនៅស្រុក ហួរ៉ុង ទីក្រុងយេយ៉ាង ខេត្តហ៊ូណាន ភាគកណ្តាលប្រទេសចិន បានបាក់ដាច់ កាលពីថ្ងៃសុក្រទី០៥ ខែកក្កដា ឆ្នាំ២០២៤ បង្ខំឱ្យមានការជម្លៀសប្រជាជនរាប់ពាន់នាក់ ដែលនៅក្បែរនោះ ចេញពីលំនៅឋាន ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ។

នៅរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤ ប្រជាជននៅភាគកណ្តាលប្រទេសចិន មានការភ័យស្លន់ស្លោ ពេលបានឮដំណឹងអំពីការបាក់ទំនប់បឹងដុងធីង ដែលបណ្តាលឲ្យមានបរិមាណទឹកយ៉ាងច្រើនហូរចេញពីបឹង ហើយអាជ្ញាធរត្រូវជម្លៀសមនុស្សជិត ៦០០០នាក់ ចេញពីតំបន់នោះជាបន្ទាន់។

តាមប្រភពទីភ្នាក់ងារព័ត៌មានស៊ីនហួរ ឲ្យដឹងថា ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយរបស់ប្រទេសចិន បានបញ្ជូនមន្ត្រីជាង ៨០០នាក់ រថយន្តជិត ១៥០គ្រឿង និងនាវារាប់សិបគ្រឿង ដើម្បីពន្លឿនការជួសជុលទំនប់ដែលបាក់ខូច និងប្រតិបត្តិការជួយជនរងគ្រោះ ក្រោយការបាក់ទំនប់ បណ្តាលឱ្យមានទឹកជំនន់ភ្លាមៗ៕ ខៀវទុំ