ល្វីសល្វីតុនដែលមានអក្សរកាត់ LV គឺជាម៉ាកយីហោដ៏ល្បីឈ្មោះលំដាប់ពិភពលោកមួយ ។ វាជានិមិត្តរូបនៃទំនិញប្រណីតៗមានតម្លៃថ្លៃកប់ពពក រួមមាន ទំនិញផលិតពីស្បែក ស្បែកជើង នាឡិកា គ្រឿងអល័ង្កា វ៉ែនតា និងសៀវភៅ… ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុននេះក៏ផលិតបន្ទាត់ជ័រសម្រាប់ក្មេងសិស្សសាលាផងដែរ ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺវាមានតម្លៃថ្លៃហួសពីការគិតទុក ។
តាមរយៈគេហទំព័របរទេសមួយផ្សាយថា បន្ទាត់ជ័រម៉ាកល្វីសល្វីតុនមួយប្រវែង១៥សង់ទីម៉ែត្រថ្លៃ១៧៥ដុល្លារអាមេរិក ។ នេះមានន័យថា មួយសង់ទីម៉ែត្រថ្លៃ១១ដុល្លារ ។ បើមើលមួយភ្លែត បន្ទាត់នេះគ្មានអ្វីពិសេសលើសគេឡើយ ក្រៅពីរូបផ្កា៣ឆ្លាក់ជាប់ពីលើ រូបឡូហ្គោតំណាងក្រុមហ៊ុនល្វីសល្វីតុន និងគែមសងខាងពាសដោយស្បែក ។
ក្រៅពីនេះ សម្ភារៈសិក្សាផ្សេងៗទៀតក្នុងនោះតួយ៉ាង ខ្មៅដៃក៏មានតម្លៃខ្ពស់មិនចាញ់បន្ទាត់ជ័រឡើយ ។ ខ្មៅដៃស្រោបដោយស្បែក១សម្រាប់មាន២ដើមគឺតម្លៃ ១៥០ដុល្លារ ខណៈកូនកាបូបស្បែកដាក់ខ្មៅដៃមួយថ្លៃ ៣៤០ដុល្លារ ៕
ដោយ៖ ឈិត គឹមឆុន