Saturday, January 11, 2025
Homeសង្គម និងជីវិតហ្វូងខ្ទីង ចូលរកចំណីជាមួយគោអ្នកភូមិ

ហ្វូងខ្ទីង ចូលរកចំណីជាមួយគោអ្នកភូមិ

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថា ក្រុមសត្វខ្ទីងមេ-កូន ដែលជាសត្វដ៏កម្រ និងងាយរងគ្រោះជិតផុតពូជ បានបង្ហាញវត្តមានសាជាថ្មី នៅក្នុងដែនជម្រកសត្វព្រៃ “ព្រៃឡង់” ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដោយពួកវាតែងមកប្រលែងលេង និងរកចំណីជាមួយគោរបស់អ្នកភូមិ។

តាមប្រភពក្រុមមន្ត្រីឧទ្យានុរក្សប្រចាំនៅក្នុងតំបន់ដែនជម្រកសត្វព្រៃ “ព្រៃឡង់” ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានឱ្យដឹងថា សត្វខ្ទីង មេកូន និងហ្វូងសត្វខ្ទីងខ្លះទៀត ពួកវាតែងបង្ហាញវត្តមាននៅក្នុងភូមិភ្ញាក់រលឹក ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ។ ឆ្នាំ២០២៤ កន្លងមក ពួកវាបានមកលេងជាមួយគោអ្នកភូមិ ប្រមាណ៣ដងហើយ ដែលស្ទើរក្លាយជារឿងធម្មតាទៅហើយ ។

បើតាមមន្ត្រីឧទ្យានុរក្សប្រចាំនៅតំបន់មួយនេះ បានបញ្ជាក់ប្រាប់ថា តាមរយៈការកត់សម្គាល់នៃវត្តមានរបស់សត្វខ្ទីង ដែលក្នុងនេះ មានមេនិងកូន បានបង្ហាញវត្តមានក្នុងភូមិរបស់ប្រជាសហគមន៍ដែលនៅក្បែរដែនជម្រក សត្វព្រៃ “ព្រៃឡង់” ដែលក្នុងនេះវាបានមកចូលក្នុងហ្វូងរបស់គោរបស់អ្នកភូមិ។

ទាក់ទិនក្នុងរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានថ្លែង ដោយធ្វើការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននៃជីវចម្រុះ ដែលទាំងនេះដោយសារតែការចូលរួមពីគ្រប់ភាគីក្នុងកិច្ចការពារជីវចម្រុះនៅកម្ពុជា ពិសេសនៅក្នុងដែនជម្រកសត្វព្រៃ “ព្រៃឡង់”។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរឱ្យចូលរួមការពារធនធានធម្មជាតិដែលជាផ្នែកមួយសំខាន់ មិនត្រឹមតែលើកកម្ពស់ជីវចម្រុះនៅកម្ពុជា ទេ តែវាក៏ជាផ្នែកមួយសំខាន់ក្នុងការលើកស្ទួយវិស័យទេសចរណ៍ ក្នុងការរកចំណូលដល់ប្រជាសហគមន៍ថែមទៀត។ កិច្ចការពារបាននៃជីវចម្រុះ ជួយឱ្យរក្សាបាននូវលំនឹងបរិស្ថានក្នុងតំបន់ ជាពិសេសរក្សាបានសត្វព្រៃ ក្នុងតំបន់ធម្មជាតិ ដែលនេះវាក៏ជាការបន្សល់ ទុកនូវកេរមរតកដល់មនុស្សជំនាន់ក្រោយជារបស់ដ៏មានតម្លៃមហាសាល មិនអាចកាត់ថ្លៃបាន។

យោងតាមឯកសារស្រាវជ្រាវបានបញ្ជាក់ថា “ខ្ទីង រស់នៅក្នុងតំបន់មួយចំនួននៃប្រទេសកម្ពុជា ក្នុងនោះមានដូចជា ភូមិភាគឦសាន និងខាងជើង ខេត្តកោះកុង ពោធិ៍សាត់ (ជួរភ្នំក្រវាញ) និងកំពង់ស្ពឺ”។

សូមបញ្ជាក់ថា សត្វខ្ទីង មានមាឌធំ ខ្លួនខ្មៅ បូកក្រាស់ លាតសន្ធឹងរហូតដល់ស្ទើរពាក់កណ្តាលខ្នង ហើយមានកខ្លីបន្តិច រាងមាំដោយបួរនៅផ្នែកខាងក្រោម។ ចំណែកជើងទាំងបួន ចាប់ពីជង្គង់ចុះក្រោម មានពណ៌ប្រផេះ រីឯនៅលើថ្ងាស មានរោមវែងពណ៌ប្រផេះ ឬលឿងមាស ស្រាល។

ខ្ទីងញី មានមាឌតូច និងស្នែងតូច ហើយពុំសូវមានបូកនិងបួរ ដូចខ្ទីងឈ្មោលទេ។ ស្នែងខ្ទីង មានរាងសំប៉ែតជាងស្នែងទន្សោង ហើយដុះមកពណ៌ប្រផេះខៀវ ផ្នែកគល់ដុះចេញក្រៅរួចកោងឡើងទៅលើដូចទន្សោងដែរ។ ខ្ទីង មានទម្ងន់ពី ៥០០-១០០០គីឡូក្រាម។ ខ្ទីងឈ្មោលពេញ វ័យមានកម្ពស់ ១,៨៥-២ម៉ែត្រ រីឯញី១,៦០ម៉ែត្រ។ សត្វខ្ទីង វាចូលចិត្តរស់នៅក្នុងព្រៃស្រោង ព្រៃល្បោះ វាលស្មៅ និងអាចរស់នៅរយៈកម្ពស់ ខ្ពស់ជាងសត្វ ទន្សោង ។

ប្រភេទអាហារដែលវាស៊ី មានដូចជា ល្បះខ្ចី ទំពាំង ស្មៅ និងវល្លិ ជាដើម ហើយជាធម្មតា ខ្ទីង ចេញរកស៊ីនៅ ពេលព្រឹកព្រលឹមនិងពេលល្ងាច។ ខ្ទីង ចូលចិត្តរស់នៅជាហ្វូង។ ចំពោះខ្ទីងញី អាចបង្កើតកូនបាន១ បន្ទាប់ពីពរពោះរយៈពេលពី ៩ខែ រីឯកូនរបស់វា មានពណ៌ត្នោត រហូតដល់វាមានអាយុពី៤-៥ខែ ទើបក្លាយទៅជាពណ៌ខ្មៅ៕

RELATED ARTICLES