ខេត្តមណ្ឌលគិរី ៖ ក្រុមការងារត្រួតពិនិត្យនិងតាមដានរបស់អង្គការ WWF-កម្ពុជា បានប្រទះឃើញកូនក្រពើភ្នំ ៣ក្បាល នៅទន្លេស្រែពក ក្នុងអំឡុងពេលនៃដំណើរចុះល្បាត រយៈពេលប្រាំថ្ងៃ ទៅកាន់ទន្លេស្រែពក និងនៅតាមដងទន្លេ។

អង្គការ WWF-កម្ពុជា បានប្រកាសនៅរាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លើបណ្តាញសង្គមផ្លូវការរបស់ខ្លួនថា ក្រុមការងារបានប្រទះឃើញកូនក្រពើភ្នំ ចំនួនបីក្បាល ដែលនេះជាការរកឃើញដ៏កម្រ នៃប្រភេទសត្វល្មូនដែលជិតផុតពូជ។ ក្រុមស្រាវជ្រាវ និងតាមដានជីវៈចម្រុះប៉ាន់ស្មានថា ក្រពើទាំងនេះ មានអាយុពី ៥ ទៅ៦ខែ។
ប្រភពដដែល បន្តថា តំបន់នេះក៏ធ្លាប់ជាកន្លែងដែលក្រុមការងារត្រួតពិនិត្យនិងតាមដានរបស់អង្គការ WWF-កម្ពុជា ធ្លាប់ប្រទះឃើញ ពួកវាកាលពីឆ្នាំមុន ហើយកិច្ចការស្រាវនេះ ប្រព្រឹត្តទៅក្នុងគោលបំណងតាមដានពីរបៀបដែលសត្វក្រពើកំពុងរស់នៅ ក៏ដូចជាពងនិងញាស់កូនថ្មី ដែលនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់យើងជាខ្លាំង ក្នុងកិច្ចការល្បាត ព្រមទាំងការដកហូតឧបករណ៍នេសាទខុសច្បាប់នានា ជាដើម ពីតំបន់នេះ។

WWF-កម្ពុជា បន្ថែមថា តាមរយៈការងារអភិរក្សប្រកបដោយភាពជោគជ័យនាពេលនេះ អាចសម្រេចទៅបាន ក៏ដោយសារមានការចូលរួមពីមន្ត្រីឧទ្យានុរក្សរបស់មន្ទីរបរិស្ថានខេត្ត ក្រុមស្រាវជ្រាវសហគមន៍ និងតំណាងសហគមន៍តំបន់ការពារផងដែរ។
សូមជម្រាបថា តាមអ្នកជំនាញពន្យល់ថា ក្រពើភ្នំ បានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី។ នៅកម្ពុជា ឧទ្យានជាតិជួរភ្នំក្រវាញ ក៏ជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះ។

ក្រពើភ្នំ ជាប្រភេទសត្វជិតផុតពូជបំផុត និងគំរាមកំហែងដល់ការផុតពូជពីធម្មជាតិ។ សត្វក្រពើភ្នំ មានចំនួនប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះ នៅលើពិភពលោក ក្នុងនោះកម្ពុជា ត្រូវបានចាត់ទុកថា មានវត្តមានសត្វក្រ ពើភ្នំ ច្រើនជាងគេ ប្រមាណជាង៣០០ក្បាល៕