ភ្នំពេញ ៖ លោកស្រី Jemima Parry-Jones ប្រធានសមាគមអភិរក្សសត្វត្មាត ពីការផុតពូជប្រចាំទ្វីបអាស៊ី ហៅកាត់ថា SAVE បានថ្លែងថា វត្តមានសត្វត្មាតនៅកម្ពុជា ឆ្លុះបញ្ចាំងពីកិច្ចការពារ និងអភិរក្សបានយ៉ាងគាប់ប្រសើរ ខណៈប្រភេទសត្វស្លាបមួយនេះ មានវត្តមានមួយចំនួនតិចតួចប៉ុណ្ណោះ នៅលើពិភពលោក។

លោកស្រី Jemima Parry-Jones បានអញ្ជើញចូលរួមជាមួយក្រុមអ្នកជំនាញបរិស្ថានជាតិ និងអន្តរជាតិ មកពីកម្ពុជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន មីយ៉ាន់ម៉ា ដែលនៅមានវត្តមានសត្វត្មាត រស់នៅ ព្រមទាំងអង្គ ការដៃគូ និងដៃគូអភិវឌ្ឍន៍ប្រទេសអង់គ្លេស សរុបប្រមាណ ៣០នាក់ នៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៥ ដើម្បីសិក្សាដកបទពិសោធន៍ពីកម្ពុជា ក្នុងការអភិរក្សសត្វត្មាត បានល្អប្រសើរ នៅដែនជម្រកសត្វព្រៃ សៀមប៉ាង ក្នុងភូមិ សាស្ត្រស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នេះជាដំណើរទស្សនកិច្ចស្វែងយល់ពីវត្តមានសត្វត្មាត នៅកម្ពុជា បន្ទាប់ពីក្រុមអ្នកជំនាញទាំងអស់នោះ បានជួបគ្នានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ លើកទី១៤ ដែលធ្វើនៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្តូរគំនិតយោល់ឱ្យគ្នាទៅវិញទៅមក សំដៅធានាវត្តមាន ក៏ដូចជាបង្កើនចំនួនសត្វត្មាត ឡើងវិញ ខណៈសត្វស្លាបប្រភេទនេះ ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជបំផុត ក្នុងបញ្ ជីក្រហមនៃអង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។

ក្រុមអ្នកជំនាញបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ ក្នុងនោះបានការពារជម្រកជីវៈចម្រុះ ដូចជាប្រភេទសត្វត្មាត រស់នៅប្រកបដោយភាពសុខសាន្ត នៅតាមតំបន់ការពារធម្មជាតិ។
លោកស្រី Thiri Da Wei Aung តំណាងអង្គការអភិរក្សសត្វព្រៃ របស់ប្រទេសមីយ៉ាន់ម៉ា VWG បានថ្លែងថា ការផ្តល់ចំណីជាសត្វគោ ឬក្របីងាប់បន្ថែម ដល់សត្វត្មាតប្រចាំសប្តាហ៍ជាទៀងទាត់ គឺជាការប្រសើរបំផុត ខណៈការអភិរក្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនទាន់ធ្វើបានដូច នៅកម្ពុជា នេះឡើយ។
លោកអៀង សំណាង ប្រធានផ្នែកតាមដាននិងអង្កេតជីវៈចម្រុះ ប្រចាំក្រុមហ៊ុន Rising Phoenix Co.Ltd ដែលជាក្រុមហ៊ុនទទួលការខុសត្រូវសម្រាប់ការចូលរួមអភិរក្ស និងដល់ចំណីបន្ថែមដល់សត្វត្មាត ដែលហៅថា “អាហារដ្ឋានត្មាត” ក្នុងដែនជម្រកសត្វព្រៃ សៀមប៉ាង បានបញ្ជាក់ថា ក្នុងមួយសប្តាហ៍ គឺត្រូវកាប់សត្វគោ ឬក្រ បី ចំនួន១ក្បាល សម្រាប់សត្វត្មាត នៅក្នុងតំបន់ការពារធម្មជាតិមួយនេះ។ ការដាក់ចំណីនេះ ត្រូវធ្វើជាទៀង ទាត់ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដើម្បីរង់ចាំដល់ថ្ងៃសុក្រ ឬថ្ងៃសៅរ៍ ដើម្បីឱ្យត្មាតចុះមកស៊ី ពោលគឺដើម្បីឱ្យសត្វគោ ឬសត្វក្របី ដែលត្រូវបានសម្លាប់នោះ ហើមស្អុយសិន ទើបត្មាតចុះមកស៊ី។ នៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាង មានត្មាត ចន្លោះពី៨០ក្បាល ទៅ១០០ក្បាល ក្នុងមានប្រភេទត្មាតភ្លើង ត្មាតផេះ និងត្មាតត្នោត ដែលមានចំនួនច្រើនជាងគេ។
បច្ចុប្បន្ន ទីជម្រកនិងកន្លែងប្រភពចំណីសម្រាប់សត្វត្មាតនៅកម្ពុជា មានដូចជា ដែនជម្រកសត្វព្រៃ សៀមប៉ាង នៃខេត្តស្ទឹងត្រែង្ប ដែនជម្រកសត្វព្រៃ ឆែប ក្នុងខេត្តព្រះវិហារ ដែនជម្រកសត្វព្រៃ សម្បូណ៌ ក្នុងខេត្តក្រចេះ និងដែនជម្រកសត្វ លំផាត់ ក្នុងខេត្តរតនគិរី។

លោកប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិនៅកម្ពុជា បានថ្លែងថា សុវត្ថិភាពរបស់វត្តមានសត្វត្មាតនៅកម្ពុជា ឈានទៅរកភាពល្អប្រសើរ តាមរយៈការពារតំបន់ផ្តល់ជម្រក ប្រភពចំណី និងចំណេះដឹងរបស់ប្រជាសហគមន៍រស់នៅក្បែរតំបន់ការពារធម្មជាតិ ដូចជាការមិនប្រើថ្នាំ បំពុលទៅលើសត្វ ដំណាំកសិកម្ម ការមិនដាក់អន្ទាក់ចាប់សត្វព្រៃ ជាដើម។
លោកស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានឱ្យដឹងថា មន្ទីរបរិស្ថាន ដែលមានឧទ្យានុរក្ស បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច អង្គការដៃគូ ចុះល្បាត និងអនុវត្តច្បាប់ ក្នុងដែនជម្រកសត្វព្រៃ សៀមប៉ាង ដោយជាលទ្ធផលកត់សម្គាល់ឃើញថា បទល្មើសទៅលើធនធានធម្មជាតិ ក៏ដូចជាសត្វព្រៃ មាន ការថយចុះយ៉ាងច្រើន។ ការថយចុះនៃបទល្មើសនេះ ដោយសារកត្តាពង្រឹងច្បាប់ និងការបង្កើនការចុះល្បាត ការចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា សត្វត្មាត ត្រូវបានចាត់ទុកជាតួអង្គដើរតួនាទីយ៉ាងសំខាន់ ក្នុងការថែរក្សាបរិស្ថាន ដោយសារវាបានស៊ីសាកសពសត្វ ជួយកាត់បន្ថយការរីករាលដាលនៃជំងឺឆ្លងពីសត្វងាប់។ ពួកវាជាភ្នាក់ងារសម្អាតបរិស្ថាន និងនាំចំណូលសេដ្ឋកិច្ចជាតិ និងសហគមន៍ តាមរយៈភ្ញៀវទេសចរ បង់កម្រៃចូលទស្សនានៅក្នុងតំបន់ធម្មជាតិ ដែលត្រូវបានការពារ។ ប៉ុន្តែពួកវា ត្រូវបានរាយការណ៍ថា ប្រឈមមុខនឹងការគំរាមកំហែង សំខាន់ៗជាច្រើនរួមមាន ៖ ការបាត់បង់ទីជម្រក ការពុល ថ្នាំពេទ្យសត្វ កង្វះអាហារ។ ជាមួយគ្នានេះ បញ្ហាសេនេទិចចង្អៀត ក្នុងចំណោមសត្វត្មាត ដែលអាចបន្តពូជបាន ត្រូវបានលើកឡើងផងដែរ ទាក់ទងនឹងការខ្សោយក្នុងការប្រឆាំងនឹងជំងឺ និងបង្កឱ្យធ្លាក់ចុះនូវសត្ថភាពបង្កកំណើតរបស់ត្មាត៕
