ចិន(តៃវ៉ាន់)៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃសុក្រថាចិនជំទាស់នឹងការលើកឡើងរបស់ភាគីជប៉ុននិងជំរុញឲ្យរដ្ឋាភិបាលក្រុងតូក្យូប្រយ័ត្នសម្តីរបស់ខ្លួននិងអំពើណាមួយដែលពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ។
មន្ត្រីអ្នកនាំពាក្យលោក Geng Shuang បានធ្វើការគូសបញ្ជាក់បែបនេះបន្ទាប់ពីទីភ្នាក់ងាររបស់ក្រសួងការពារជាតិជប៉ុនបានបញ្ចេញរបាយការណ៍មួយស្តីពីសន្តិសុខរបស់ចិនក្នុងនោះក៏រាប់បញ្ចូលកោះតៃវ៉ាន់ដែលជាតំបន់ត្រូវបានដាក់បញ្ចូលជាអង្គភាពនយោបាយមួយរបស់ចិនដីគោក ។
លោក Geng បានថ្លែងថាយើងសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះការលើកឡើងរបស់ភាគីជប៉ុន ដោយសង្កត់ធ្ងន់លើបញ្ហាពាក់ព័ន្ធនិងកោះតៃវ៉ាន់ដែលជាផ្នែកមួយនៃកិច្ចការផ្ទៃក្នុងនិងទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ចិន ។
លោកបានជំរុញឲ្យភាគីជប៉ុនប្រព្រឹត្តតាមគោលការណ៍ដែលបង្កើតឡើងក្នុងសេចក្តីថ្លែងការណ៍រួមស៊ីណូ-ជប៉ុនឆ្នាំ១៩៧២ ដែលផ្តោតសំខាន់លើគោលនយោបាយចិនតែមួយនិងការបកស្រាយបញ្ហាទាក់ទងនឹងកោះតៃវ៉ាន់ដោយប្រុងប្រយ័ត្ន ។
យោងតាមសេចក្តីថ្លែងការណ៍រួមនេះ រដ្ឋាភិបាលជប៉ុនយល់ពេញបន្ទុកនិងគោរពនូវឋានៈរបស់ចិនចំពោះកោះតៃវ៉ាន់ជាទឹកដីរបស់ចិនដែលមិនអាចផ្លាស់ប្តូរបានឡើយ ។
លោកបានថ្លែងថាជប៉ុនគួរតែទប់ស្កាត់រាល់ការផ្ញើសារចំៗចំពោះកម្លាំងបំបែកខ្លួនទាមទារឯករាជ្យរបស់កោះតៃវ៉ាន់ ដែលជាការធ្វើឲ្យអន្តរាយដល់ស្ថិរភាពនិងសន្តិភាពក្នុងតំបន់ឬបណ្តាលឲ្យមានការរំខានដល់ទំនាក់ទំនងចិន-ជប៉ុនសារជាថ្មី។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា