Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខឹ.../ងប៉ូលិសផាក២លាន ចោទពិនិត្យជាតិស្រវឹង ធ្វើស៊ី

ខឹ…/ងប៉ូលិសផាក២លាន ចោទពិនិត្យជាតិស្រវឹង ធ្វើស៊ី

ភ្នំពេញ ៖  បុរសម្នាក់ ទើបនឹងចេញពីមង្គលការបងប្អូន ផឹកស៊ីស្រវឹងធ្លាក់ភ្នែក លុះបើកមកដល់គោលដៅសមត្ថកិច្ចចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានសមត្ថកិច្ចឃាត់ត្រួតពិនិត្យជាតិអាល់កុល ឃើញកម្រិត ០,៤៧មិល្លីក្រាម ក្នុង១លីត្រខ្យល់ និងត្រូវផាកពិន័យចំនួន ២លានរៀល ស្រាប់តែបន្តិចក្រោយមក បុរសរូបនេះខឹងសម្បា ទាញទូរស័ព្ទមកថតវីដេអូឡាយ ចោទប្រកាន់កម្លាំងសមត្ថកិច្ចថា បានធ្វើស៊ីយុវជនជាអ្នកជិះម៉ូតូម្នាក់ ទីបំផុតត្រូវសមត្ថកិច្ចកោះហៅចូលខ្លួនបំភ្លឺ និងសុំទោសជាសាធារណៈ។

តាមប្រភពព័ត៌មានពីក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅមុខសាលាខណ្ឌដង្កោ ស្ថិតនៅផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ។ ក្នុងពេលកំពុងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ មកដល់វេលាម៉ោង១១និង៤៣នាទីយប់ ថ្ងៃដដែល មានរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ប្រផេះ ពាក់ ស្លាកលេខ ភ្នំពេញ 2CC-8365 បើកបរដោយឈ្មោះសុន វិសាល ភេទប្រុស បើកឆ្លងកាត់គោលដៅអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ទើបសមត្ថកិច្ចនៅគោលដៅ មានការសង្ស័យបើកបរក្នុងស្ថានភាពស្រវឹង ក៏បានឃាត់រថយន្តឱ្យឈប់ ដើម្បីឱ្យអ្នកបើកបរសហការត្រួតពិនិត្យជាតិស្រវឹង។ បន្ទាប់ពីធ្វើការផ្លុំរកជាតិស្រវឹងរួច ជាលទ្ធផលរកឃើញមានជាតិអាល់កុល ០,៤៧មិល្លីក្រាម ក្នុង១លីត្រខ្យល់ និងត្រូវសមត្ថកិច្ចចេញវិក្កយបត្រផាកពិន័យតាមច្បាប់ ចំនួន២លានរៀល។

ប្រភពដដែល បន្តថា អ្នកបើកបរមិនបានបង់ថវិកាផាកពិន័យនោះទេ ដោយបានធ្វើសកម្មភាពស្រែកឡូឡា អុកឡុករំខានសមត្ថកិច្ចបំពេញភារកិច្ច និងបានថតផ្សាយសកម្មភាពរបស់សមត្ថកិច្ចបំពេញភារកិច្ច ហើយនិយាយចោទប្រកាន់មកលើសមត្ថកិច្ច គ្មានមូលដ្ឋានច្បាស់លាស់ ថា សមត្ថកិច្ចធ្វើស៊ីបុរសម្នាក់ ជិះម៉ូតូ ១គ្រឿង នៅជាអនីតិជន ឱ្យចូលផ្លុំជាតិអាល់កុល ដើម្បីផាកពិន័យ។ ការពិតបុរសនោះ ឈ្មោះជា ឌីម ភេទប្រុស កើតនៅឆ្នាំ២០០០ គឺគាត់មិនមែនជាអនីតិជននោះទេ ខណៈដែលសមត្ថកិច្ចឱ្យឈ្មោះជា ឌីម ផ្លុំរកជាតិអាល់កុល តែផ្លុំមិនត្រឹមត្រូវតាមបច្ចេកទេស ទើបសមត្ថកិច្ចព្យាយាមណែនាំឱ្យសហការផ្លុំឱ្យបានត្រឹមត្រូវតាមបច្ចេកទេស។  បន្ទាប់មកដោយឃើញបុគ្គលឈ្មោះសុន វិសាល ឡាយវីដេអូ (live) ក៏ឈ្មោះជា ឌីម ឈប់សហការផ្លុំតែម្តង។

ក្រោយមក សមត្ថកិច្ចបាននាំយករថយន្ត និងម៉ូតូរបស់អ្នកទាំង២នាក់ មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយរង់ចាំពួកគេចូលមកដោះស្រាយ។

រហូតមកដល់រសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ម្ចាស់រថយន្តឈ្មោះសុន វិសាល ដែលបានធ្វើសកម្មភាពស្រែកឡូឡាអុកឡុករំខានសមត្ថកិច្ចបំពេញភារកិច្ច និងបានថតផ្សាយសកម្មភាពរបស់សមត្ថកិច្ចបំពេញភារកិច្ចនៅខណ្ឌដង្កោ បានចូលខ្លួនមកដោះស្រាយ និងទទួលស្គាល់កំហុសខុសឆ្គងដែលខ្លួនបានប្រព្រឹត្ត និងយល់ ព្រមធ្វើការសុំទោសជាសាធារណៈ។

បន្ទាប់មក ក្រុមគ្រួសារគាត់បានបង់ផាកពិន័យតាមច្បាប់ ហើយសមត្ថកិច្ចបានធ្វើការណែនាំអប់រំ និងបានប្រគល់រថយន្តជូនគាត់វិញ។

ក្នុងវីដេអូសុំទោសជាសាធារណៈ បុរសឈ្មោះសុន វិសាល បានរៀបរាប់ថា “ខ្ញុំបាទឈ្មោះសុន វិសាល យប់មិញ ខ្ញុំបានទៅចូលរួមការកូនបងប្អូន ហើយខ្ញុំក៏បានហូបគ្រឿងស្រវឹង ពេលនោះខ្ញុំចេញមកវិញ បើកបរឡានព្រូស ពណ៌ប្រផេះ ស្លាកលេខ 8365 ហើយខ្ញុំបានបើកមកជិតដល់គោលដៅត្រួតពិនិត្យគ្រឿងស្រវឹង ខ្ញុំក៏បានឈប់ចតឡាននៅកៀនហ្នឹង ហើយចាំបងប្អូនមកយកទៅផ្ទះ ចាំកូនមិត្តភក្តិ បងប្អូន មកយកទៅផ្ទះ ពេលហ្នុងក៏ជួបបងៗសមត្ថកិច្ច ត្រួតពិនិត្យគ្រឿងស្រវឹង បានហៅខ្ញុំទៅផ្លុំជាតិអាល់កុល ហើយក៏ឃើញ ០,៤៧ ហើយខ្ញុំក៏យល់ព្រមផ្តិតមេដៃ ផ្តិតអី ហើយក្រោយបន្តិចមក ខ្ញុំបានថតវីដេអូបង្ហោះជាសាធារណៈ ធ្វើឱ្យប៉ះពាល់ដល់បងៗសមត្ថកិច្ច ហើយពេលនេះ ខ្ញុំបានលុបវីដេអូហ្នឹងចោលអស់វិញហើយ ខ្ញុំបានលុបវីដេអូដែលខ្ញុំថតបង្ហោះហ្នឹងអស់ហើយ ខ្ញុំសូមទោសចុងក្រោយហ្នឹង បងៗសមត្ថកិច្ច…”៕

RELATED ARTICLES