ខេត្តបាត់ដំបង ៖ លំនៅឋានរបស់ប្រជាពលរដ្ឋ ១ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ ខណៈដែលម្ចាស់ផ្ទះ កំពុងដេកលក់ ធ្វើឱ្យកើតមានការផ្អើលឆោឡោ លុះម្ចាស់ផ្ទះភ្ញាក់ឡើង ឃើញអណ្តាតភ្លើងកំពុងឆេះយ៉ាងសន្ធោ សន្ធៅ ក៏នាំគ្នាស្ទុះរត់ចេញ ដោយមិនអាចជញ្ជូនរបស់ទ្រព្យអ្វីចេញមកក្រៅបានឡើយ។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ។
ម្ចាស់ផ្ទះរងគ្រោះ មានឈ្មោះព្រំ វណ្ណា ភេទស្រី អាយុ៦៧ឆ្នាំ មានលំនៅ ភូមិច្រាបវាល ឃុំអន្លង់វិល ស្រុកសង្កែ។

លោកវរសេនីយ៍ទោ ឈឿង គឹមសាន អធិការរង បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានខាងលើ លោកបានដឹកនាំកម្លាំងផ្នែកជំនាញសណ្តាប់ធ្នាប់ កម្លាំងអន្តរាគមន៍ បានចុះទៅសហការជាមួយកម្លាំងការិយាល័យអគ្គិភ័យខេត្ត ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ដើម្បីអន្តរាគមន៍ធ្វើការទប់ស្កាត់មិនឱ្យរាលដាលទៅផ្ទះអ្នកដទៃ។
នៅក្នុងហេតុការណ៍នៃគ្រោះអគ្គីភ័យនេះ គឺបានឆេះផ្ទះទំហំ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រអស់ទាំងស្រុង។ រីឯកាខូចខាតទ្រព្យសម្បត្តិក្នុងផ្ទះ គឺនៅមិនទាន់ទទួលបានចម្លើយពីម្ចាស់ផ្ទះនៅឡើយទេ តែហេតុការណ៍នេះ មិនមានការប៉ះពាល់ដល់អាយុជីវិតមនុស្សណាម្នាក់ឡើយ៕