ខេត្តសៀមរាប ៖ ស្ត្រីម្នាក់ ឈ្មោះ ចិន ស្រីដា មានលំនៅក្នុងក្រុងសៀមរាប ត្រូវបានចៅក្រមជំនុំជម្រះសាលា ដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ កំណត់រយៈពេល ២)ឆ្នាំ ពីបទ «គំរាមកំហែងហែកកេរ្តិ៍» ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអំឡុងឆ្នាំខែមីនា ឆ្នាំ២០២៤។

ការសម្រេចឃុំខ្លួនស្ត្រីម្ចាស់បំណុល រកស៊ីចងការប្រាក់នេះ គឺធ្វើឡើងតាមពាក្យបណ្ដឹងរបស់ភាគីប្ដីស្ត្រីកូនបំណុល ក្រោយស្ត្រីម្ចាស់បំណុល ប្រើប្រាស់គណនីហ្វេសប៊ុក របស់ខ្លួន ឆាតទារលុយដែលកូនបំណុលខ្ចី មិនសង និងគំរាមបង្ហោះជាសាធារណៈ។
តាមពាក្យបណ្ដឹងរបស់ដើមចោទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ ចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vi Da ឆាតមកប្តីរបស់កូនបំណុលថា «ម៉េចហើយបង លុយបំណុលដែលប្រពន្ធបងជំពាក់ខ្ញុំ នឹងដោះស្រាយសងឲ្យខ្ញុំ ឬមិនសងទេ? បើមិនដោះ គេចវេះមិនសង ឲ្យខ្ញុំដឹងមួយម៉ាត់ ស្រួលខ្ញុំដាក់ពាក្យបណ្ដឹង ហើយឲ្យសារព័ត៌មានរកដំណោះស្រាយតាមយុត្តិធម៌ឲ្យខ្ញុំ»។
ពាក្យបណ្ដឹងដដែលបន្តថា គណនីហ្វេសប៊ុក ឈ្មោះ Vi Da បានបន្តឆាតថា «ខ្ញុំមានទាំងសំឡេងនិយាយទូរ ស័ព្ទ ប្រពន្ធបងវាខ្ចីលុយខ្ញុំ បង្គ្រប់ឲ្យប្តីឡើងផ្កាយ១ ទៀតបង បើបងនិងប្រពន្ធបង មិនព្រមដោះស្រាយរឿងលុយឲ្យខ្ញុំទេ ខ្ញុំដាក់ពាក្យបណ្ដឹង ហើយផ្ញើសំឡេងឲ្យអ្នកសារព័ត៌មានជួយចុះផ្សាយពីរឿងប្រពន្ធលោកផ្កាយ១ ខេត្តបន្ទាយមានជ័យ ខ្ចីលុយគេ ឲ្យប្តីឡើងផ្កាយ ហើយគេចវេះមិនសង មិនចេញមុខដោះស្រាយ គឺអាចនឹងល្បីខ្លាំងណាបងៗ»។

ដោយមានការគំរាមហែកកេរ្តិ៍ របស់ម្ចាស់បំណុលខាងលើនេះ ទើបប្តីរបស់កូនបំណុល ឈ្មោះសម្បត្តិ កុសល ជាមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរ បាលខេត្តបន្ទាយមានជ័យ បានដាក់ពាក្យប្តឹងម្ចាស់ បំណុលឈ្មោះ ចិន ស្រីដា ដែលជាម្ចាស់គណនីហ្វេសបុក ឈ្មោះ Vi Da នោះ ទៅតុលាការខេត្តសៀមរាប តែម្តង។
ស្ត្រីម្ចាស់បំណុល ឈ្មោះ ចិន ស្រីដា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន របស់លោកឃី ឆៃ ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ យកទៅអនុវត្តទោសនៅពន្ធនាគារខេត្តសៀមរាប តាមបញ្ញត្តិមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ។
ជុំវិញករណីខាងលើនេះ មានប្រតិកម្មរិះគន់ពីមហាជនជាច្រើន បានលើកឡើងថា អយុត្តិធម៌សម្រាប់ស្ត្រីម្ចាស់បំណុល ដែលអ្នកមានលុយឲ្យគេខ្ចី គេមិនសង គ្រាន់តែឆាតទារលុយ ក៏ជាប់គុកដែរ។
ជាក់ស្តែង លោកផែង វណ្ណៈ អ្នកសារព័ត៌មានអនឡាញល្បីឈ្មោះ បានសរសេរក្នុងគណនី និងទំព័រហ្វេសប៊ុក របស់លោក នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ថា «ឮថាប្រពន្ធជំពាក់លុយគេមិនសង ពេលម្ចាស់បំណុលឆាតទៅទារលុយ ប្ដឹងម្ចាស់បំណុលដាក់ពន្ធនាគារថែមទៀត ដោយចោទថា ម្ចាស់បំណុលគំរាមកំហែងហែកកេរ្តិ៍ ? ដោយឡែកខ្លួនឯងប្រព្រឹត្តបទល្មើសជាច្រើនតែអាងខ្នងធំនៅមហាផ្ទៃ ទើបគ្មានអ្នកណាហ៊ានធ្វើអី? បងប្អូនណាដឹងព័ត៌មានលម្អិត សូមឆាតមកលេខតេឡេក្រាមខ្ញុំ ០១២ ៩៣៣៨៨៣ ផង សូមអរគុណ»។

ទោះបីជាយ៉ាងណា យោងតាមអ្នកពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ពេលនេះក្រសួង កំពុងសិក្សាករណីម្ចាស់បំណុលជាប់គុក ព្រោះកូនបំណុលប្ដឹង នៅខេត្តសៀមរាប នោះហើយ។ លោកថា ការសិក្សានេះ គឺមិនស្ថិតលើការលើកឡើងរបស់ភាគីណាមួយនោះទេ តែអាស្រ័យលើអង្គច្បាប់ និងភ័ស្ភុតាងក្នុងសំណុំរឿង។
លោក សេង ឌីណា បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ថា «ក្រសួងយុត្តិធម៌ បានទទួលព័ត៌មាននេះ ហើយកំពុងសិក្សាករណីនេះ ដោយយកចិត្តទុកដាក់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា “យុត្តិ ធម៌ ឬអយុត្តិធម៌ មិនចំណុះលើការលើកឡើងរបស់ភាគីណាមួយនោះទេ តែអាស្រ័យលើអង្គហេតុ អង្គច្បាប់ និងភ័ស្តុតាងក្នុងសំណុំរឿង»៕
