ខេត្តពោធិ៍សាត់ ៖ កម្លាំងយោធា បានចុះទប់ស្កាត់និងបង្ក្រាបការនេសាទលៀសហាមឃាត់ច្រើនតោន ខណៈដែលក្រុមឈ្មួញកំពុងធ្វើសកម្មភាពលើកដាក់រថយន្ត ដើម្បីដឹកជញ្ជូនចេញទៅចែកចាយលក់។
លោកវរសេនីយ៍ត្រី ប៉ែន សុឃឿន នាយការិល័យទី២ នៃកងពលតូចថ្មើរជើងលេខ៥៣ ប្រចាំទិសមុខផែកំពង់ លួង បានបញ្ជាក់ឱ្យដឹង កាលពីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ថា ប្រតិបត្តិការខាងលើធ្វើឡើងត្រង់ចំណុចមាត់ទឹកបឹងទន្លេសាប ស្ថិតនៅភូមិ៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ តាំងពីព្រលប់រហូតដល់ពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥។

ជាលទ្ធផល កម្លាំងបានបង្ក្រាបលៀសខុសទំហំ (តូច) ចំនួន២០០បាវ ស្មើនឹងទម្ងន់ប្រមាណ១០តោន ហើយវត្ថុតាង (លៀស) ដែលត្រូវបានបង្ក្រាបទាំងនោះ ត្រូវបានយកទៅចាក់លែងក្នុងបឹងធម្មជាតិ (បឹងទន្លេសាប) វិញទាំងអស់។ ប៉ុន្តែលោកវរសេនីយ៍ត្រី ប៉ែន សុឃឿន ពុំបានបញ្ជាក់អំពីវត្ថុតាងផ្សេង ដូចជាមធ្យោបាយដឹកជញ្ជូន (កាណូត) ឬជនពាក់ព័ន្ធ ដើម្បីបន្តនីតិវិធីនោះទេ។

ដោយឡែក យោងប្រភពព័ត៌មាន បានឱ្យដឹងថា លៀស ដែលត្រូវបានបង្ក្រាបខាងលើ ជារបស់មេឈ្មួញឈ្មោះតាម៉ុង ដែលគាត់ដឹកជញ្ជូនតាមមធ្យោបាយរថយន្ត ទៅប្រទេសវៀតណាម។ លើសពីនេះទៀតនោះ បក្ខពួកតាម៉ុង កន្លងមក សុំច្បាប់ដឹកជញ្ជូនទៅចែកចាយលក់ក្នុងស្រុក តែផ្ទុយទៅវិញ ដឹកហួសរហូតដល់ប្រទេសក្បែរខាង (វៀតណាម)៕
