Monday, April 21, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមតុលាការបំភ្លឺ រឿងកូនបំណុលផ្កាយ១ ប្តឹ---/ងចាប់ស្ត្រីម្ចាស់បំណុល ដា.../ក់គុក

តុលាការបំភ្លឺ រឿងកូនបំណុលផ្កាយ១ ប្តឹ—/ងចាប់ស្ត្រីម្ចាស់បំណុល ដា…/ក់គុក

ខេត្តសៀមរាប ៖ ក្រោយផ្ទុះរឿងស្ត្រីជាម្ចាស់បំណុលម្នាក់ នៅក្រុងសៀមរាប ត្រូវបានចៅក្រមជំនុំជម្រះសាលា ដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ដាក់ពន្ធនាគារ កំណត់រយៈពេល២ឆ្នាំ ពីបទ “គំរាមកំហែងហែកកេរ្តិ៍” ក្រោយរងបណ្តឹងពីកូនបំណុល ជាមន្ត្រីនគរបាល ពាក់ផ្កាយ១ ហើយត្រូវបានមហាជនរិះគន់ថា ជារឿងអយុត្តិធម៌នោះមក សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា ការសម្រេចរបស់ចៅក្រមជំនុំជម្រះនេះ គឺផ្អែកលើអង្គហេតុ និងអង្គច្បាប់ ប្រកបដោយការពិចារណាត្រឹមត្រូវ តម្លាភាព និងយុត្តិ ធម៌ ចំពោះភាគីដែលមានការពាក់ព័ន្ធក្នុងសំណុំរឿង និងថាម្ចាស់បំណុល ធ្វើការទាមទារបំណុលរបស់ខ្លួន ដោ យប្រើមធ្យោបាយដែលបំពានទៅលើសិទ្ធិរបស់អ្នកដទៃនោះ ម្ចាស់បំណុល ត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ទៅតាមច្បាប់ជាធរមាន។

ក្រោយផ្ទុះការរិះគន់ និងលើកឡើងផ្សេងៗគ្នា ពីសំណាក់មតិមហាជន ជុំវិញករណី មានលុយឱ្យគេខ្ចី គេមិនសង គ្រាន់តែឆាតទារលុយ ក៏ជាប់គុកដែរនោះ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ សាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន ស្រីដា ដែលមានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា សាលាដំបូងខេត្តសៀមរាប បានទទួលជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ លេខ ៥៨៨ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តសៀមរាប តាមដីកាដំណោះស្រាយ លេខ ៧៥១០ ពស.ព្រស/ខ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះសម្បត្តិ កុសល ភេទប្រុស និងមានជន ជាប់ចោទឈ្មោះចិន ស្រីដា ភេទស្រី អាយុ២៧ឆ្នាំ ជាប់ចោទពីបទគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅលើបណ្តា ញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធនឹងចំណាត់ការលើសំណុំរឿងព្រហ្មទណ្ឌខាងលើនេះ នៅគ្រប់ដំណាក់កាលនីតិវិធីរបស់តុលាការ ឈ្មោះចិន ស្រីដា បានគេចវេះ មិនសហការ ដោយពុំដែលចូលខ្លួនតាមការកោះហៅនោះទេ។ នៅដំណាក់កាលអយ្យការ ជនសង្ស័យឈ្មោះចិន ស្រីដា មិនបានចូលខ្លួនតាមការកោះហៅរបស់តំណាងអយ្យការឡើយ បន្ទាប់មក នៅដំណាក់កាលស៊ើបសួរ ចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យចូលខ្លួន ប៉ុន្តែជនត្រូវចោទ ឈ្មោះចិន ស្រីដា ពុំបានចូលខ្លួនតាមការកំណត់របស់ចៅក្រមស៊ើបសួរ ហើយចៅក្រមស៊ើបសួរ ក៏បានចេញដីកាបង្គាប់ឱ្យនាំខ្លួន ប៉ុន្តែពុំអាចនាំខ្លួនជនត្រូវចោទរូបនេះបាន ទើបចៅក្រមស៊ើបសួរ បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ដើម្បីអាចបង្ខំឱ្យជនត្រូវចោទរូបនេះ មកបង្ហាញខ្លួន និងសួរចម្លើយ តាមនីតិវិធីច្បាប់។

នៅដំណាក់កាលជំនុំជម្រះ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះចិន ស្រីដា បានដាក់ពាក្យសុំពន្យារពេលជំនុំជម្រះ ១លើក ដោយមូលហេតុថា មេធាវីទើបតែទទួលការពឹងពាក់ពីជនជាប់ចោទ ហើយចៅក្រមជំនុំជម្រះ បានសម្រេចពន្យារពេលតាមការស្នើសុំ។ បន្ទាប់មក ចៅក្រមជំនុំជម្រះ បានកំណត់កាលបរិច្ឆេទជំនុំជម្រះម្តងទៀត ហើយនាកាលបរិច្ឆេទនោះ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទ មានវត្តមាន ប៉ុន្តែជនជាប់ចោទ នៅតែគេចវេះមិនមកចូលរួមការជំនុំជម្រះដដែល។ ក្រោយបញ្ចប់ការពិភាក្សាដេញដោល និងបានពិនិត្យភ័ស្តុតាងទាំងអស់ដែលមានក្នុងសំណុំរឿង ចៅក្រមជំនុំជម្រះ យល់ឃើញថា អំពើរបស់ជនជាប់ចោទ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ ជាបទគំរាមកំហែងហែកកេរ្តិ៍ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧២ និងមាត្រា ៣៧៣ នៃក្រមព្រហ្មទណ្ឌ។ ដូច្នេះចៅក្រមជំនុំជម្រះ បានប្រកាសសាលក្រមព្រហ្មទណ្ឌលេខ ១៥ ឃ១៦១ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបានសម្រេចផ្តន្ទាទោសជនជាប់ចោទ ឈ្មោះចិន ស្រីដា ដាក់ពន្ធនាគារ កំណត់រយៈពេល ២ (ពីរ) ឆ្នាំ បង្គាប់ឱ្យជនជាប់ចោទ សងសំណងជំងឺចិត្តទៅឱ្យដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៤ (បួន) លានរៀល និងបង្គាប់ឱ្យចាប់ខ្លួនជនជាប់ចោទ ដើម្បីយកមកអនុវត្តទោសតាមនីតិវិធីច្បាប់។ ការសម្រេចរបស់ចៅក្រមជំនុំជម្រះនេះ គឺផ្អែកលើអង្គហេតុ និងអង្គច្បាប់ ប្រកបដោយការពិចារណាត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌ ចំពោះភាគីដែលមានការពាក់ព័ន្ធក្នុងសំណុំរឿង។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ មេធាវីការពារសិទ្ធិឱ្យជនជាប់ចោទឈ្មោះ ចិន ស្រីដា បានប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមខាងលើ ហើយសំណុំរឿងខាងលើនេះ ត្រូវបានបញ្ជូនទៅសាលាឧទ្ធរណ៍បាត់ដំបង កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥។ បច្ចុប្បន្នសំណុំរឿងនេះ កំពុងស្ថិតក្នុង ចំណាត់ការរបស់សាលាឧទ្ធរណ៍បាត់ដំបង។

សូមបញ្ជាក់ជូនថា ៖ ការទាមទារប្រាក់ពីកូនបំណុល គឺជាសិទ្ធិរបស់ម្ចាស់បំណុល ប៉ុន្តែម្ចាស់បំណុល ត្រូវប្រើសិទ្ធិទាមទារនេះ ក្នុងព្រំដែនដែលច្បាប់អនុញ្ញាត កុំឱ្យបំពានលើសិទ្ធិរបស់អ្នកដទៃ។ ក្នុងករណីដែលម្ចាស់បំណុលធ្វើការទាមទារបំណុលរបស់ខ្លួន ដោយប្រើមធ្យោបាយ ដែលបំពានទៅលើសិទ្ធិរបស់អ្នកដទៃនោះ ម្ចាស់បំណុល ត្រូវទទួលខុសត្រូវចំពោះអំពើរបស់ខ្លួន ទៅតាមច្បាប់ជាធរមាន…”។

ទោះបីជាមានការបកស្រាយបំភ្លឺរបស់តុលាការ ដូចខាងលើនេះក្តី ក៏ករណីខាងលើនេះ មានប្រតិកម្មរិះគន់ពីមហាជនជាច្រើន បានលើកឡើងថា អយុត្តិធម៌ណាស់ចំពោះស្ត្រីម្ចាស់បំណុល ដែលមានលុយឲ្យគេខ្ចី គេមិនសង គ្រាន់តែឆាតទារលុយ ក៏ជាប់គុកដែរ។

ជាក់ស្តែង លោកផែង វណ្ណៈ អ្នកសារព័ត៌មានអនឡាញល្បីឈ្មោះ បានសរសេរក្នុងគណនី និងទំព័រហ្វេសប៊ុក របស់លោក កាលពីយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ថា “ជំពាក់លុយលុយគេអត់សងទេ តែមានលុយពឹងមេធាវីប្តឹងម្ចាស់បំណុលបាន។  សុំខ្លាចហើយ ជាពិសេសលោកផ្កាយ១ ហ្នឹងង ធ្លាប់ប្រព្រឹត្តិបទល្មើស បាញ់គំរាម កំហែងមន្ត្រីក្រោមឱវាទ កាលនៅជាអធិការស្រុក នៅខេត្តរតនគីរី តែគាត់មានខ្សែធំ នៅក្រសួងមហាផ្ទៃ ទើបគាត់អត់មានទទួលទោស ហើយបែរជាទទួលការតែងតាំងជាស្នងការរង និងដំឡើងស័ក្តិរហូតដល់ផ្កាយ១។ បើអត់ខ្សែ កំហុសល្មមៗ បកស័ក្តិ ដេញចោល តែពេលមានខ្សែធំ ខុសប៉ុនភ្នំ ឡើងតួនាទី ឡើងស័ក្តិទៀត។ នេះមិនទាន់និយាយដល់រឿងអួតក្អេងក្អាងថា អាចរត់ការចូលក្របខ័ណ្ឌនគរបាលផង…”។

លោកផែង វណ្ណៈ បានសរសេរបន្ថែមថា “ខ្សែធំនៅមហាផ្ទៃ គ្មានអ្នកណាហ៊ានប៉ះ?  លោកសម្បត្តិ កុសល ធ្លាប់បាញ់គំរាមកំហែង និងជេរប្រមាថមន្ត្រីក្រោមឱវាទ កាលនៅជាអធិការស្រុកតាវែង ខេត្តរតនគិរី ត្រូវបានមន្ត្រីក្រោមឱវាទ រួមគ្នាផ្តិតមេដៃប្តឹង តែច្បាប់ មិនអាចចាត់ការលោកសម្បត្តិ កុសល បាន។  មិនត្រឹមតែមិនចាត់ការតាមផ្លូវច្បាប់ទេ ថែមទាំងដំឡើងតួនាទីជាស្នងការរង និងដំឡើងឋានន្តរស័ក្តិ ជាជាបន្តបន្ទាប់ តាំងពីវរសេនីយ៍ទោ រហូតដល់ឧត្តមសេនីយ៍ត្រី។ មន្ត្រីនគរបាលខ្លះ ខុសឆ្គងបន្តិចបន្តួច ត្រូវទទួលវិន័យ បកស័ក្តិ ដកតួនាទីជាបន្តបន្ទាប់ តែបុគ្គលសម្បត្តិ កុសល ប្រព្រឹត្តិបទល្មើសព្រហ្មទណ្ឌ បែរជាគ្មានទោស ហើយបែរជាត្រូវឡើងតួនាទី និងឡើងស័ក្តិ ជាបន្តបន្ទាប់។   ឥឡូវនេះ ជំពាក់លុយគេ មិនសង អាងខ្នងធំ ប្តឹងចាប់ម្ចាស់លុយដាក់គុកថែមទៀត ដោយចោទថា ម្ចាស់លុយ គំរាមកំហែងហែកកេរ្តិ៍?  បទល្មើសគំរាមកំហែងហែកកេរ្តិ៍ មិនធ្ងន់ធ្ងរដូចបទល្មើសបាញ់គំរាមកំហែងមន្ត្រីក្រោមឱវាទទេ ហេតុអ្វីគ្មានទោស?»។

បន្ថែមពីលើនេះ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ លោកផែង វណ្ណៈ បានស៊ែរក្នុងគណនីនិងទំព័រហ្វេសប៊ុក របស់លោក នូវវីដេអូសំឡេង ឆ្លើយឆ្លងរបស់លោកឧត្តមសេនីយ៍ សម្បត្តិ កុសល ដែលបានឆាតនិយាយពីរឿងតម្លៃរត់ការចូលក្របខ័ណ្ឌនគរបាល ដែលផ្សាយដោយសារព័ត៌មានអនឡាញ «ខ្មែរជាយដែន» ភ្ជាប់ជាមួយនឹងសំណេរថា “វីដេអូនេះ បញ្ជាក់ ច្បាស់ អំពីប្តីប្រពន្ធឧត្តមសេនីយ៍ សម្បត្តិ កុសល ស្នងការរងខេត្តបន្ទាយ មាន ជ័យ ខ្ចីលុយពីឈ្មោះចិន ស្រីដា ហើយនៅពេលខ្ចី ពួកគេជាប្តីប្រពន្ធ ឥឡូវអត់លុយសង បែរជាថាលែងលះគ្នាហើយ?  ចំណែកឈ្មោះចិន ស្រីដា ដែលជាម្ចាស់បំណុល បានប្តឹងទៅក្រសួងមហាផ្ទៃ ផង ប្តឹងទៅតុលាការ ផង តែគ្មានដំណោះស្រាយ។  ផ្ទុយទៅវិញ ពេល សម្បត្តិ កុសល ប្តឹង គេចាត់ការភ្លាមៗ។ បើមើលទង្វើរបស់ប្តីប្រពន្ធ សម្បត្តិ កុសល មិនមែនត្រឹមជំពាក់លុយទេ គឺឆបោកតែម្តង ដោយយកប្លង់ដីដាក់ ដើម្បីបានលុយ ពេលបានលុយហើយ លួងលោមម្ចាស់លុយ យកប្លង់ដីទៅវិញ។ សូមអ្នកច្បាប់ ស្តាប់វីដេអូនេះ ដែលជាភ័ស្តុតាងលម្អិត អំពីទង្វើរបស់ប្តីប្រពន្ធ សម្បត្តិ កុសល…”។

គួររំលឹកថា ស្ត្រីម្នាក់ឈ្មោះចិន ស្រីដា មានលំនៅក្នុងក្រុងសៀមរាប ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងខេត្តសៀមរាប ចេញដីកា បង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារ កំណត់រយៈពេល២ឆ្នាំ ពីបទ “គំរាមកំហែងហែកកេរ្តិ៍” ប្រព្រឹត្តនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងអំឡុងខែមីនា ឆ្នាំ២០២៤។

ការសម្រេចឃុំខ្លួនស្ត្រីម្ចាស់បំណុល រកស៊ីចងការប្រាក់នេះ គឺធ្វើឡើងតាមពាក្យបណ្តឹងរបស់ភាគីប្តីស្ត្រីកូនបំណុល ក្រោយស្ត្រីម្ចាស់បំណុល ប្រើប្រាស់គណនីហ្វេសប៊ុក របស់ខ្លួន ឆាតទារលុយដែលកូនបំណុលខ្ចី មិនសង និងគំរាមបង្ហោះជាសាធារណៈ។

តាមពាក្យបណ្តឹងរបស់ដើមចោទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះចិន ស្រីដា បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Vi Da ឆាតមកប្តីរបស់កូនបំណុលថា “ម៉េចហើយបង លុយបំណុលដែលប្រពន្ធបងជំពាក់ខ្ញុំ នឹងដោះ ស្រាយសងឱ្យខ្ញុំ ឬមិនសងទេ? បើមិនដោះ គេចវេះមិនសង ឱ្យខ្ញុំដឹងមួយម៉ាត់ ស្រួលខ្ញុំដាក់ពាក្យបណ្តឹង ហើយឱ្យសារព័ត៌មានរកដំណោះស្រាយ តាមយុត្តិធម៌ឱ្យខ្ញុំ”។

ពាក្យបណ្តឹងដដែលបន្តថា គណនីហ្វេសប៊ុក ឈ្មោះ Vi Da បានបន្តឆាតថា “ខ្ញុំមានទាំងសំឡេងនិយាយទូរស័ព្ទ ប្រពន្ធបងវាខ្ចីលុយខ្ញុំ បង្គ្រប់ឱ្យប្តីឡើងផ្កាយ១ ទៀតបង បើបងនិងប្រពន្ធបង មិនព្រមដោះស្រាយរឿងលុយឱ្យខ្ញុំទេ ខ្ញុំដាក់ពាក្យបណ្តឹង ហើយផ្ញើសំឡេងឱ្យអ្នកសារ ព័ត៌មានជួយចុះផ្សាយពីរឿងប្រពន្ធលោកផ្កាយ១ ខេត្តបន្ទាយមានជ័យ ខ្ចីលុយគេ ឱ្យប្តីឡើងផ្កាយ ហើយគេចវេះមិនសង មិនចេញមុខដោះស្រាយ គឺអាចនឹងល្បីខ្លាំងណាបងៗ”។

ដោយមានការគំរាមហែកកេរ្តិ៍ របស់ម្ចាស់បំណុលខាងលើនេះ ទើបប្តីរបស់កូនបំណុល (រ៉ាំង ភិរម្យ) ឈ្មោះសម្បត្តិ កុសល ជាមន្ត្រីនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី (ផ្កាយ១) មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ពាក្យប្តឹងម្ចាស់ បំណុល ឈ្មោះចិន ស្រីដា ដែលជាម្ចាស់គណនីហ្វេសបុក ឈ្មោះ Vi Da នោះ ទៅតុលាការខេត្តសៀមរាបតែម្តង។

ស្ត្រីម្ចាស់បំណុល ឈ្មោះចិន ស្រីដា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៥ នៅភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប តាមដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន របស់លោកឃី ឆៃ ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តសៀមរាប ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ យកទៅអនុវត្តទោសនៅពន្ធនាគារខេត្តសៀមរាប តាមបញ្ញត្តិមាត្រា៣៥៣ នៃក្រមព្រហ្មទណ្ឌ៕

RELATED ARTICLES