ខេត្តសៀមរាប ៖ បំពង់ស៊ីម៉ាំង និងភ្លើងហ្វាកែច្នៃខុសបច្ចេកទេស បំពាក់រថយន្តនិងម៉ូតូ ប្រមាណ៣០០គ្រឿង ដែលសមត្ថកិច្ចចាប់ដកហូតពីក្រុមក្មេងទំនើង នាពេលកន្លងទៅ ត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កិនកម្ទេចចោល កាលពីព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នៅមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងនៅក្នុងពិធីកម្ទេចចោលបំពង់ស៊ីម៉ាំង និងភ្លើងហ្វាកែច្នៃខុសបច្ចេកទេសនោះថា បំពង់ស៊ីម៉ាំង និងភ្លើងហ្វា ដែលត្រូវបានធ្វើការកិនកម្ទេចចោលនេះ គឺបានមកពីប្រតិបត្តិការបង្ក្រាប រយៈពេល ១ឆ្នាំកន្លង មកនេះ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថា ឧបករណ៍ទាំងអស់នេះ ត្រូវបានបំពាក់លើយានយន្តដោយខុសបច្ចេកទេស ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដូចជាបង្កសំឡេងរំខានដល់ការសម្រាករបស់ប្រជាពលរដ្ឋ ជាដើម។

លោកឧត្តមសេនីយ៍ ស្នងការ បានបន្តទៀតថា ចំពោះការដកហូតឧបករណ៍ខុសបច្ចេកទេសនេះ បានធ្វើឡើងនៅទូទាំង ១៣ក្រុង-ស្រុក នៅក្នុងខេត្តសៀមរាប។ លោកស្នងការ បន្តថា មួយរយៈចុងក្រោយនេះ កម្លាំងសមត្ថកិច្ច បានសង្កេតឃើញថា ការបំពាក់នូវឧបករណ៍ខុសបច្ចេកទេស លើយានយន្តនេះ មានការថយចុះច្រើន។

បើទោះជាយ៉ាងនេះក្តី លោកឧត្តមសេនីយ៍ទោ ហួត សុធី បានអះអាងថា ដើម្បីឱ្យសណ្តាប់ធ្នាប់សាធារណៈ កាន់តែល្អប្រសើរ កម្លាំងនគរបាល នៅតែបន្តត្រួតពិនិត្យ និងបង្ក្រាបបន្ថែមនូវយានយន្តដែលបំពាក់ឧបករណ៍បន្ថែម ខុសបច្ចេកទេស ជាពិសេស បំពង់ស៊ីម៉ាំង និងភ្លើងហ្វាកែច្នៃខុសបច្ចេកទេស ដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងខេត្តសៀមរាប ទាំងមូល។

លោកប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានបង្ហោះក្នុងគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់លោក នូវរូបភាពនៃពិធីកម្ទេចចោលបំពង់ស៊ីម៉ាំង និងភ្លើងហ្វាកែច្នៃខុសបច្ចេកទេស នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ នោះថា «កិនកម្ទេចបំពង់ស៊ីម៉ាំងបន្លឺសំឡេងខុសបច្ចេកទេសចំនួន៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេសជាច្រើន។ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៨ មេសា ឆ្នាំ២០២៥ នេះ ធ្វើការកម្ទេចចោលបំពង់ស៊ីម៉ាំងបន្លឺសំឡេងខុសបច្ចេកទេស ចំនួន៣០០គ្រឿង និងភ្លើងបំពាក់ខុសបច្ចេកទេស ដែលបានដកហូតកាលពីពេលកន្លងមក។ សូមអរគុណលោកស្នងការ និងមន្ត្រីជំនាញទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងម៉ឺងម៉ាត់»៕


