Saturday, April 19, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមលួចស្វាយ២៥០គីឡូ ជា.../ប់ខ្នោះ

លួចស្វាយ២៥០គីឡូ ជា…/ប់ខ្នោះ

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចបេះផ្លែស្វាយ របស់ប្រជាកសិករ បានប្រមាណជាង២៥០គីឡូក្រាម រួចដឹកតាមម៉ូតូសណ្តោងរ៉ឺម៉ក បំណងយកទៅលក់ តែត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន នាំយកមកចាត់ការតាមច្បាប់។

ការបង្ក្រាបករណីលួចផ្លែស្វាយខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ នៅចំណុចឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច។

ជនសង្ស័យជាចោរលួចផ្លែស្វាយដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះទូច មេន ភេទប្រុស អាយុ៣៤ឆ្នាំ មានលំនៅ ភូមិស្រល់ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។ ចំណែកជនរងគ្រោះ ជាម្ចាស់ចម្ការស្វាយ មានឈ្មោះធួន ចាន់ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរម្ចាស់ចម្ការ ស្វាយ មានលំនៅ ភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកង រាជអាវុធហត្ថស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះទូច មេន ពាក់ព័ន្ធករណីលួច។

ប្រភពដដែល បន្តថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងបន្ទាប់ពីជនសង្ស័យម្នាក់នេះបានធ្វើសកម្មភាពលួចបេះផ្លែស្វាយ នៅក្នុងចម្ការ មួយកន្លែង ស្ថិតនៅចំណុចភូមិវាលធំ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលជាកម្មសិទ្ធិរបស់ឈ្មោះធួន ចាន់។

ចំពោះវត្ថុតាងដែលចាប់បាន រួមមាន ម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿង (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) និងផ្លែស្វាយ ទម្ងន់ ២៥០គីឡូក្រាម (ប្រគល់ឱ្យម្ចាស់ដើមវិញ)។

ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានកម្លាំងជំនាញមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស នៃបញ្ជាការការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES