តំបន់កាហ្សា៖ បណ្តាញព័ត៌មានចិនផ្សាយថាក្រុមចលនាហាម៉ាសអ៊ីស្លាមកាលពីថ្ងៃអាទិត្យនេះបានបដិសេធសំណើររបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងការបញ្ជូនកងទ័ពអន្តរជាតិទៅកាន់តំបន់កាហ្សាស្រ្តីប។
អ្នកនាំពាក្យរបស់ក្រុមហាសម៉ាសលោក Abdulatif al-Qanou បានថ្លែងនៅកាហ្សាក្នុងសេចក្តីថ្លែងការណ៍អំឡុងសន្និសិទកាសែតមួយថាការបញ្ជូនកម្លាំងអន្តរជាតិទៅកាន់តំបន់កាហ្សាស្រ្តីបគឺជាបញ្ហាគ្រោះថ្នាក់មួយហើយខ្លួនក៏បានបដិសេធយ៉ាងដាច់អហង្ការផងដែរ ។
កាលពីព្រឹកថ្ងៃអាទិត្យ ទីភ្នាក់ងារព័ត៌មានអ៊ីស្រាអែលបានរាយការណ៍ថាលោក Netanyahu បានធ្វើសំណើរនេះនៅក្នុងកិច្ចប្រជុំមួយដែលលោកបានប្រារព្ធឡើងជាមួយនិងរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីលោក Julie Bishop ក្នុងទីក្រុងហ្ស៊េរុយសាឡិម ។
លោក Netanyahu បានស្នើយ៉ាងដូច្នេះថាកងទ័ពអ៊ីស្រាអែលត្រូវតែគ្រប់គ្រងតំបន់ West Bank ហើយជាអ្នកត្រួតពិនិត្យមើលអំពីសន្តិសុខក្នុងតំបន់កាហ្សាវិញម្តងដែលមានវត្តមានកងកម្លាំងឃ្លាំមើលរបស់អន្តរជាតិលើទឹកដីនេះ និងធ្វើការដោះស្រាយបញ្ហាភេរវកម្មទៀតផង។
ក្រុមហាម៉ាសបានព្រមានថាមហាអំណាចឬកងកម្លាំងអន្តរជាតិណាមួយដែលបញ្ជូនទៅកាន់កាហ្សានឹងត្រូវបានចាត់ទុកថាជាកម្លាំងចូលកាន់កាប់មួយ ។ ហើយក្រុមហាម៉ាសមិនដែលធ្លាប់ទទួលយកនូវការកាន់កាប់ឬត្រួតត្រាថ្មីនេះឡើយ ។
មន្ត្រីនាំពាក្យក្រុមហាម៉ាសបានបញ្ជាក់យ៉ាងច្បាស់លាស់ថាគំនិតនៃការបញ្ជូនកងកម្លាំងអន្តរជាតិទៅកាន់តំបន់កាហ្សាស្ត្រីបគឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅលើទឹកដីនេះ ហើយយើងនឹងប្រឈមមុខដោយប្រើកម្លាំងជាមួយនិងករណីនេះតាមអ្វីដែលអាចធ្វើទៅបាន ។ លោកបានសង្កត់ធ្ងន់ថាក្រុមអ្នកតស៊ូដោយប្រដាប់អាវុធរបស់ប៉ាឡេស្ទីននឹងការពារកាហ្សាឲ្យខានតែបាន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា