Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះឃ្លាំងស្តុកកែវជ័រ

ទុស្សេខ្សែភ្លើង ឆេះឃ្លាំងស្តុកកែវជ័រ

ភ្នំពេញ ៖ ឃ្លាំងស្តុកកែវជ័រ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតអស់ទាំងស្រុង ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍ភ្លាមៗ ដោយពុំបង្កឱ្យឆេះរាល ដាលដល់ផ្ទះសំបែង ប្រជាពលរដ្ឋក្បែរខាងឡើយ។

ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅត្រង់ចំណុចឃ្លាំងស្តុកកែវជ័រ ១កន្លែង មានទីតាំងស្ថិតនៅក្នុងភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ។

ឃ្លាំងដែលរងការឆាបឆេះ ជាប្រភេទសំណង់ដែក ប្រក់ស័ង្កសី ទំហំ ១០ម៉ែត្រ គុណនឹង២០ម៉ែត្រ មានម្ចាស់ឈ្មោះទន់ ផល្លា ភេទប្រុស អាយុ៣៦ឆ្នាំ។ ឃ្លាំងនេះទាំងមូល រួមនិងសម្ភារៈផ្សេងៗទៀត នៅក្នុងនោះមានដូចជា ម៉ូតូ ១គ្រឿង រ៉ឺម៉ក ចំនួន២គ្រឿង ព្រមទាំងគ្រឿងជ័រនិងកែវជ័រ នៅក្នុងឃ្លាំង ត្រូវភ្លើងឆេះអស់ទាំងស្រុង ប៉ុន្តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ ចំពោះមូលហេតុបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅក្នុងប្រតិបត្តិការខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន១៤គ្រឿង ក្នុងនោះរួមមាន រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១២គ្រឿង ប្រើប្រាស់ទឹកអស់ ១០ឡាន ស្មើនឹង ៦០ម៉ែត្រគូប និងមានរថយន្តជំនួយមកពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡានស្មើនឹង ១២ម៉ែត្រគូប រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប និងបានបាញ់ទឹកពន្លត់ឱ្យរលត់ទាំងស្រុងនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥៕

RELATED ARTICLES