Tuesday, April 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសំណុំរឿងផ្កាយ១ ប្តឹ.../ងម្ចាស់បំណុល តុលាការផ្ទេរជូនអង្គភាពប្រឆាំងពុករលួយ

សំណុំរឿងផ្កាយ១ ប្តឹ…/ងម្ចាស់បំណុល តុលាការផ្ទេរជូនអង្គភាពប្រឆាំងពុករលួយ

ខេត្តសៀមរាប ៖ សំណុំរឿងលោកផ្កាយ១ សម្បត្តិ កុសល អតីតស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្ដឹងបុរសស្ត្រីពីរនាក់ប្ដីប្រពន្ធ ជាម្ចាស់បំណុលរបស់ខ្លួន ពីបទ សូកប៉ាន់សាក្សី ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២៣ នោះ ពេលនេះ អយ្យការអមសាលាដំបូងសៀមរាប បានសម្រេចផ្ទេរសំណុំរឿងនេះជូនអង្គភាពប្រឆាំងអំពើពុករលួយ ( ACU) ចាត់ការ បន្ទាប់ពីបានពិនិត្យឃើញថា បទល្មើសនេះ គឺជាប្រភេទនៃបទល្មើសមួយ ក្នុងចំណោមបទល្មើសពុករលួយ ដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងការស៊ើបអង្កេត។

 យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ចុះថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ស្តីពីការផ្ទេរសំណុំរឿងរបស់ឈ្មោះ សម្បត្តិ កុសល ប្តឹងឈ្មោះ ចិន ស្រីដា និងឈ្មោះ ទី ប្រាថ្នា ពីបទ ប៉ុនប៉ងសូកប៉ាន់ ជូនអង្គភាពប្រឆាំងអំពើពុករលួយ បានជម្រាបជូនសាធារណជនថា អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលបណ្តឹងព្រហ្មទណ្ឌពីឈ្មោះ សម្បត្តិ កុសល ភេទប្រុស កើតឆ្នាំ១៩៨៤ ប្តឹងលើ ១- ឈ្មោះ ចិន ស្រីជា ភេទស្រី អាយុ៣០ឆ្នាំ ២- ឈ្មោះ ទី ប្រាថ្នា ភេទប្រុស អាយុ៣១ឆ្នាំ ពីបទប៉ុនប៉ងសូកប៉ាន់ ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀម រាប កាលពីអំឡុងឆ្នាំ២០២៣។

 សេចក្ដីប្រកាសព័ត៌មានខាងលើ បន្តថា ក្រោយពីបានពិនិត្យពាក្យបណ្ដឹង ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ឃើញថា បទល្មើសដែលឈ្មោះ សម្បត្តិ កុសល ប្តឹងចូលមកអយ្យការអមសាលាដំបូងខេត្តសៀមរាប គឺជាប្រភេទនៃបទល្មើសមួយ ក្នុងចំណោមបទល្មើសពុករលួយដែលជាសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុក រលួយ ក្នុងការស៊ើបអង្កេត។ ដូច្នេះអយ្យការអមសាលាដំបូងខេត្តសៀមរាប បានសម្រេចផ្ទេរសំណុំរឿងជូនអង្គភាពប្រឆាំងអំពើពុករលួយ ជាសមត្ថកិច្ច តាមនីតិវិធីរួចហើយ។ អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។

សូមបញ្ជាក់ថា សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប ខាងលើនេះ បានធ្វើឡើងក្រោយពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក គង់ សំសារ៉េត បានចេញដីកាកោះ ចុះថ្ងៃអង្គារ ៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ សូមអញ្ជើញលោកមេធាវី ឃីង សុជាថា អត្តលេខ១១៣០ អាសយដ្ឋានភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាមេធាវីការពារសិទ្ធិឲ្យជនសង្ស័យឈ្មោះ ទី ប្រាថ្នា ដើម្បីចូលរួមនីតិវិធីសាកសួរកូនក្ដីខ្លួន នៅអយ្យការអមសាលាដំបូងខេត្តសៀមរាប បន្ទប់ “ឃ”/ក០២ នៅថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៩ៈ៣០នាទីព្រឹក ពីដំណើររឿងតាមបណ្ដឹងរបស់ឈ្មោះសម្បត្តិ កុសល ដែលប្ដឹងកូនក្ដីខ្លួន ពីបទ “ប៉ុនប៉ងសូកប៉ាន់” ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុងឆ្នាំ២០២៣ ។

ទោះបីជាយ៉ាងណា ជុំវិញការសម្រេចផ្ទេរសំណុំរឿងខាងលើនេះ ជូនអង្គភាពប្រឆាំងអំពើពុករលួយ ចាត់ការបន្ត ដូចខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានទេ កាលពីម្សិលមិញ ខណៈដែលអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ក៏មិនអាចទាក់ទងបានដូចគ្នា នៅថ្ងៃដដែលនោះ ។

សូមរំឭកថា ស្ត្រីឈ្មោះ ចិន ស្រីដា មានស្វាមីឈ្មោះ ទ្រី ប្រាថ្នា មានអាសយដ្ឋាននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានដាក់ពាក្យប្តឹងឈ្មោះ សម្បត្តិ កុសល មានឋានន្តរស័ក្តិជាឧត្តម សេនីយ៍ត្រី និងមានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងប្រពន្ធឈ្មោះ រ៉ាំង ភិរម្យ រស់ភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភទំនុកចិត្ត ពាក់ព័ន្ធលុយជាង ២ម៉ឺនដុល្លារ តាមរយៈការខ្ចីជាបន្តបន្ទាប់ ដោយម្ដង យកចំនួន៣០០០ដុល្លារ ម្ដងយក ៤០០០ដុល្លារ និងក្រោយមក កូនបំណុលប្ដីប្រពន្ធទាំងពីរនាក់នេះ គ្មានប្រាក់សង ក៏បង្វែរបំណុលនោះទៅជារត់ការឱ្យបុរសឈ្មោះ សម្បត្តិ កុសល ឡើងបុណ្យស័ក្តិ ក្នុងអំឡុងឆ្នាំ២០២២ ដល់ឆ្នាំ២០២៣។ ក្រោយមកទៀត ស្ត្រីឈ្មោះ ចិន ស្រីដា បានសម្រេចចិត្តដាក់ពាក្យប្តឹងទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, អង្គភាពប្រឆាំងអំពើពុករលួយ និងទៅលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំជួយរកយុត្តិធម៌ជូននាង ព្រោះគ្មានសង្ឃឹមថា លោក សម្បត្តិ កុសល និងភរិយា សងបំណុលនោះមកនាងនាងវិញឡើយ។ យ៉ាងណា រឿងរ៉ាវខាងលើនេះ បានស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះ ស្ត្រីឈ្មោះ ចិន ស្រីដា ត្រូវបានតុលាការខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួន លើបទគំរាមកំហែងហែកកេរ្តិ៍លើបណ្ដាញសង្គម ដោយដើមបណ្ដឹងគឺជាលោក សម្បត្តិ កុសល ស្នងការរង នៃស្នងការដ្ឋានខេត្តបន្ទាយ មានជ័យ ជាប្តីរបស់កូនបំណុលឈ្មោះរ៉ាំង ភិរម្យ បានទាមទារសំណងជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារអាមេរិក។ ស្ត្រីត្រូវចោទឈ្មោះ  ចិន ស្រីដា ត្រូវបានចាប់ខ្លួននិងឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ ។ ប៉ុន្តែនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ សាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចដោះលែងស្រ្តីឈ្មោះចិន ស្រីដា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ៕  កុលបុត្រ

RELATED ARTICLES