ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យ ១ក្រុម ដែលជាមុខសញ្ញាប្លន់ម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ ឈានដល់ការបង្ក្រាប ដោយឃាត់ខ្លួនបាននារីម្នាក់ ដែលពាក់ព័ន្ធនឹងក្រុមចោរលួចប្លន់ម៉ូតូ ខណៈដែលប្រុសស្នេហ៍ រួមនិងបក្ខពួក ២នាក់ទៀត បានរត់គេចខ្លួនបាត់។

ការឃាត់ខ្លួននារីជាសង្សារចោរប្លន់នេះ បានធ្វើឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅចំណុចភូមិសម្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។
នារីសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះយ៉ែម ផានិត អាយុ២២ឆ្នាំ។ ចំណែកជនសង្ស័យជាគូស្នេហ៍ ដែលបានរត់គេចខ្លួនបាត់ មានឈ្មោះសឿន តួ ភេទប្រុស អាយុ២៥ឆ្នាំ។ ទាំង២នាក់ត្រូវជាគូសង្សា និងមាន មុខរបរជាកម្មករចាំចម្ការស្វាយ ឱ្យឈ្មោះហ៊ឹម វណ្ណា ភេទប្រុស ស្នាក់នៅក្នុងភូមិសម្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលឈានដល់ការឃាត់នារីជាជនសង្ស័យខាងលើនេះ គឺកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលយាយម៉ៅពេជ្រនិល បានសហការជាមួយកម្លាំងប្រជាការពារ ល្បាតពួនស្ទាក់នៅគោលដៅខាងលើ បានប្រទះឃើញមានមនុស្សចំនួន២នាក់ (១-ឈ្មោះសឿន តួ ភេទប្រុស និងទី២-ឈ្មោះយ៉ែម ផានិត ភេទស្រី) ដែលទាំង២នាក់ត្រូវជាគូសង្សារ បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ លុះពេលធ្វើដំណើរមកដល់ចំណុចខាងលើ ឃើញកម្លាំងសមត្ថកិច្ច ក៏បានជិះគេចខ្លួន បានបន្តិចក៏ទុកម៉ូតូចោល រួចហើយជនសង្ស័យឈ្មោះសឿន តួ បានរត់គេចខ្លួនចោលគូស្នេហ៍ ឈ្មោះយ៉ែម ផានិត និងម៉ូតូ នៅកន្លែងកើតហេតុ។

ប្រភពដដែល បន្តថា បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួននារីសង្ស័យឈ្មោះយ៉ែម ផានិត មកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលយាយម៉ៅ ពេជ្រនិល និងឆែកម៉ូតូខាងលើ ប្រទះឃើញសម្ភារៈវត្ថុតាងមួយចំនួន រួមមាន ដាវកែច្នៃ ចំនួន១ដើម សោលេខ៨ ចំនួន២ សោលេខ១០ ចំនួន២ និងសោលេខ១៤ ចំនួន១ដើមផងដែរ ។
នៅចំពោះមុខសមត្ថកិច្ច នារីសង្ស័យឈ្មោះយ៉ែម ផានិត បានឆ្លើយសារភាពថា ខ្លួននិងឈ្មោះសឿន តួ ដែលបានរត់គេចខ្លួន គឺជាសង្សារ ដោយបានស្គាល់គ្នានៅភ្នំពេញប្រហែល៤-៥ឆ្នាំហើយ តែក្រោយមក ក៏បានឈ្លោះគ្នា និងទើបត្រូវគ្នាវិញប្រហែល១៥ថ្ងៃមុននេះប៉ុណ្ណោះ ក៏មកស្នាក់នៅក្នុងចម្ការស្វាយខាងលើ។ ពេលនាងមកនៅចម្ការស្វាយនេះ បានឃើញម៉ូតូចំនួន២គ្រឿង ១-ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ដែលគូស្នេហ៍ប្រាប់ថា លួចបានពីខេត្តកោះកុង និង២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំ ពេញ 1CA-8495 (ម៉ូតូចាស់) និងត្រូវបានគូស្នេហ៍ប្រាប់ថា គេយកមកបញ្ចាំ។
នារីសង្ស័យខាងលើ បានបន្តសារភាពថា កាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ កន្លងទៅ ឈ្មោះ សឿន តួ បានប្រាប់នាងថា បានលួចយកម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ បានចំនួន១គ្រឿង និងមានលុយចំនួន៣លានរៀល នៅចំណុចមុខបន្ទាយទាហានថ្លុកតាសេក ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច។
បន្ទាប់មក នៅវេលាម៉ោង១១យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ សមត្ថកិច្ចបាននាំនារីសង្ស័យឈ្មោះយ៉ែម ផានិត ទៅត្រួតពិនិត្យឆែកឆេរ រោងចាំចម្ការខាងលើ ព្រមទាំងដកហូតវត្ថុតាងរួមមាន ១-ម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ (លួចពីខេត្តកោះកុង)។ ២-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-8495 (ម៉ូតូចាស់ គេយកមកបញ្ចាំ)។ ៣-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ចំនួន១គ្រឿង ជនសង្ស័យលួចបាន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅចំណុចមុខបន្ទាយថ្លុកតាសេក ស្ថិតក្នុងភូមិទី៣ ឃុំយាយម៉ៅ ពេជ្រនិល ស្រុកភ្នំស្រួច។ ៤-ឧប ករណ៍សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ៥-គ្រឿងបន្លាស់ម៉ូតូមួយចំនួន។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងខ្ទមចាំចម្ការស្វាយខាងលើ មានមនុស្សចំនួន៤ រស់នៅជាប្រចាំ រួមមាន ទី១-ឈ្មោះយ៉ែម ផានិត ភេទស្រី អាយុ២២ឆ្នាំ (ឃាត់ខ្លួន)។ ទី២-ឈ្មោះសឿន តួ ភេទប្រុស អាយុ២៥ឆ្នាំ (រត់គេចខ្លួន)។ ទី៣-ឈ្មោះអែល ភេទប្រុស អាយុប្រហែល ២២ឆ្នាំ (គេចខ្លួន) និងទី៤-ឈ្មោះម៉េង ខាន់ណារាជ្យ ហៅម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ (គេចខ្លួន)។
តាមចម្លើយបញ្ជាក់បន្ថែមពីឈ្មោះយ៉ែម ផានិត បានប្រាប់ ឈ្មោះទាំង៣នាក់ខាងលើ គឺជាបក្ខពួក តែងធ្វើសកម្មភាពលួចម៉ូតូនិងប្រើប្រាស់គ្រឿងជាមួយគ្នានៅក្នុងចម្ការស្វាយខាងលើ។
នារីជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕