Friday, April 25, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្យល់កន្ត្រា.../ក់ ប៉ើងដំបូលផ្ទះ៤៤ សាលារៀន២

ខ្យល់កន្ត្រា…/ក់ ប៉ើងដំបូលផ្ទះ៤៤ សាលារៀន២

ខេត្តបន្ទាយមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៤៤ខ្នង និងសាលារៀន ចំនួន២ខ្នង នៅក្រុងស្រុក ចំនួន៣ រូមមាន ស្រុកមង្គលបុរី ស្រុកម៉ាឡៃ និងក្រុងសិរីសោភ័ណ បានរងនូវការខូចខាតដោយខ្យល់កន្ត្រាក់ នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកមង្គលបុរី បានឱ្យដឹងថា នៅវេលាម៉ោង ២រសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្នុងស្រុកមង្គលបុរី មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់បានបក់បោកខ្លាំង បង្កឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ ចំនួន២ភូមិ នៅឃុំស្រះរាំង ក្នុងនោះ ភូមិតាអ៊ិន រងផលប៉ះពាល់ផ្ទះ ចំនួន១៣ខ្នង និងភូមិក្រូច រងផលប៉ះពាល់ផ្ទះ ចំនួន៩ខ្នង។ យ៉ាងណាករណីគ្រោះធម្មជាតិនេះ មិនបង្កឱ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ។

ចំណែកនៅស្រុកម៉ាឡៃ ក៏មានខ្យល់កន្ត្រាក់កើតឡើងដែរ នៅពេលមានភ្លៀងធ្លាក់កាលពីរសៀលថ្ងៃទី២២ ខែ មេសា ឆ្នាំ២០២៥។ បើយោងតាមរបាយការណ៍របស់នគរបាលស្រុកម៉ាឡៃ បានឱ្យដឹងថា  នៅវេលាម៉ោង ៣និង៥៨នាទីរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ បង្កឱ្យផ្ទះប្រជាពលរដ្ឋ ចំនួន២ភូមិ ក្នុងឃុំទួលពង្រ រងនូវការខូចខាត សរុបចំនួន៧ខ្នង ក្នុងនោះ ភូមិអភិវឌ្ឍន៍ ចំនួន១ខ្នង និងភូមិភ្នំដូនសម ចំនួន៦ខ្នង ។ កណីនេះ មិនបង្កឱ្យមានមនុស្សឬសត្វរងគ្រោះថ្នាក់នោះទេ។

ដោយឡែក ផ្ទះប្រជាពលរដ្ឋ ចំនួន១៥ខ្នង និងសាលារៀន ១ខ្នង ក្នុងសង្កាត់ចំនួន២ ក្រុងសិរីសោភ័ណ បានរងនូវការខូចខាតដោយខ្យល់កន្ត្រាក់ កាលពីល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ផងដែរ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឱ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ មានភ្លៀងធ្លាក់ លាយខ្យល់កន្ត្រាក់ បោកបក់យ៉ាងខ្លាំង បង្កឱ្យផ្ទះប្រជាពលរដ្ឋ ចំនួន២សង្កាត់ បានខូចខាត ក្នុងនោះសង្កាត់កំពង់ស្វាយ ខូចខាតចំនួន ២ខ្នង និងសង្កាត់ម្កាក់ ចំនួន១៣ខ្នង ព្រមទាំងសាលាបឋម សិក្សាម្កាក់ ១ខ្នងផងដែរ៕

RELATED ARTICLES