ឥណ្ឌា ៖ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ១គ្រឿង បានធ្លាក់ និងផ្ទុះឆេះ បន្ទាប់ពីហោះហើរចេញ ពីព្រលានយន្តហោះ បានត្រឹមតែ ៥នាទីប៉ុណ្ណោះ។ យន្តហោះនេះ ដឹកមនុស្ស ចំនួ ន ២៤២នាក់ បានធ្លាក់ចូលទៅក្នុងតំបន់ទីប្រជុំជន និងផ្ទះប្រជាពលរដ្ឋ។

តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ថាករណីធ្លាក់យន្តហោះនេះ កើតឡើងនៅក្បែរព្រលានយន្តហោះ ក្រុងអាហ៍មេដាបាដ (Ahmedabad) រដ្ឋគុចារ៉ាត (Gujarat) ប្រទេសឥណ្ឌា។

យោងតាមវីដេអូ ពីស្ថានីយទូរទស្សន៍ក្នុងស្រុក របស់ឥណ្ឌា បានបង្ហាញពីយន្តហោះមុនពេលធ្លាក់ និងផ្សែងហុយទ្រលោម ចេញពីកន្លែងធ្លាក់យន្តហោះ ស្ថិតនៅក្បែរព្រលានយន្តហោះ ក្នុងក្រុងអាហ៍មេដាបាដ ។

របាយការណ៍បឋម បង្ហាញថា យន្តហោះរងគ្រោះ កំពុងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស មានអ្នកដំណើរ និងយាវិក ២៤២នាក់ នៅលើយន្តហោះ។ ក្រុមសង្គ្រោះ និងអ្នកពន្លត់អគ្គិភ័យ បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុភ្លាមៗ ខណៈផ្សែងខ្មៅយ៉ាងក្រាស់ បានហុយទ្រលោម ចេញពីកន្លែងកើតហេតុ។ក្រសួងអាកាសចរណ៍ស៊ីវិល របស់ប្រទេសឥណ្ឌា បានបញ្ជាក់អំពីឧប្បត្តិហេតុនេះ ហើយបានជំរុញឱ្យសាធារ ណជន តាមដានគេហទំព័ររបស់ Air India airindia.com សម្រាប់ព័ត៌មានបន្ថែម។

តាមប្រភពព័ត៌មានថា យន្តហោះដែលជួបឧបទ្ទវហេតុនោះ បានចាក់សាំងពេញ សម្រាប់ការធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ យន្តហោះនេះ បានហោះចេញបានប្រហែល ៥នាទីប៉ុណ្ណោះ មុនពេលធ្លាក់ និងផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ដោយមានផ្សែងហុយឡើងលើមេឃ។

យន្តហោះរងគ្រោះ របស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) B787-8 មួយគ្រឿងនេះ ជាប្រភេទយន្តហោះខ្នាតធំទំនើបបំផុតរបស់ក្រុមហ៊ុន Boeing ដែលបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា (Air India) រយៈពេល ជាង១១ឆ្នាំមកហើយ។

យ៉ាងណា ករណីធ្លាក់យន្តហោះនេះ នៅមិនទាន់មានសេចក្តីរាយការណ៍ បញ្ជាក់ពីវាសនាមនុស្សចំនួន២៤២ នាក់ នៅលើយន្តហោះខាងងលើនេះនៅឡើយ ក្រោយកើតហេតុភ្លាមៗ៕


