តំបន់កាហ្សា៖ តាមប្រភពព័ត៌មានពីពេទ្យទាហាននៅតំបន់កើតហេតុឲ្យដឹងថាកងទ័ពអ៊ីស្រាអែលដែលបានបោះទីតាំងឈរជើងនៅតាមព្រំដែនរវាងភាគខាងជើងតំបន់កាហ្សាស្ត្រីបនិងអ៊ីស្រាអែលបានបើកការបាញ់ប្រហារលើជនជាតិប៉ាឡេស្ទីនចំនួន៣នាក់ឲ្យរងរបួសកាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះក្នុងចំណោមអ្នកទាំងបីមានម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
អ្នកនាំពាក្យក្រសួងសុខាភិបាលកាហ្សាលោក Ashraf al-Qedra បានថ្លែងប្រាប់អ្នកសារព័ត៌មានថាពីរនាក់ក្នុងចំណោមពួកគេត្រូវបានបាញ់ប្រហារនិងរងរបួសនៅក្បែររបងព្រំដែនជាមួយអ៊ីស្រាអែលហើយម្នាក់ក្នុងចំណោមអ្នកទាំងបីគឺត្រូវបាញ់ឲ្យរបួសនៅក្បែរក្រុង Beit Lahia នៃភាគខាងជើងកាហ្សាស្ត្រីប ។
សាក្សីដែលមើលឃើញនិងភ្នែកបានថ្លែងថាការប៉ះទង្គិចគ្នានេះបានកើតឡើងកាលពីល្ងាចថ្ងៃសុក្ររវាងយុវជនប៉ាឡេស្ទីនជាច្រើននាក់ដែលជាអ្នកគប់ដុំថ្មមកលើទាហានអ៊ីស្រាអែលដែលបោះទីតាំងឈរជើងក្បែររបងព្រំដែន ។ ក្រោយមកទើបទាហានអ៊ីស្រាអែលបានបាញ់ប្រហារអ្នកទាំងនោះឲ្យរងរបួសតែម្តង ។
ទិន្នន័យផ្លូវការបានឲ្យដឹងថា រលកកម្តៅនៃភាពតានតឹងបាននិងកំពុងកើតមានឡើងរវាងជនជាតិប៉ាឡេស្ទីននិងអ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ២០១៥ ដែលនាំឲ្យជនជាតិប៉ាឡេស្ទីនស្លាប់បាត់បង់ជីវិត៣៥៤នាក់ ជនជាតិហ្សកដានីម្នាក់ អ៊ីស្រាអែល៤៦នាក់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា