រុស្ស៊ី៖ មន្ត្រីទទួលបន្ទុកដកហូតអាវុធម្នាក់របស់រុស្ស៊ីបានថ្លែងកាលពីថ្ងៃច័ន្ទថារដ្ឋាភិបាលអាចនឹងបំផ្លាញចោលទាំងស្រុងនូវអាវុធគីមីរបស់ខ្លួនដែលជាទីតាំងស្តុកអាវុធប្រភេទនេះធំជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ២០១៧ ។
លោក Mikhail Babich ប្រធានគណៈកម្មការរដ្ឋទទួលបន្ទុកការដកហូតអាវុធគីមីរបស់រុស្ស៊ីបានថ្លែងថាប្រសិនជាយើងធ្វើការកែប្រែទៅតាមសន្តិភាពនាពេលបច្ចុប្បន្នហើយពុំមានភាពអវិជ្ជមាននៃបច្ចេកវិទ្យា យើងនឹងរៀបចំបំផ្លាញចោលទាំងស្រុងនូវអាវុធប្រភេទនេះក្នុងឆ្នាំ២០១៧តែម្តង ។
នៅក្នុងកិច្ចប្រជុំមួយជាមួយនិងប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន លោក Babich បានថ្លែងថាប្រទេសរុស្ស៊ីគឺស្ថិតក្នុងដំណាក់កាលចុងក្រោយក្នុងការប្រតិបត្តិនូវសន្ធិសញ្ញាស្តីពីការគ្រប់គ្រងអាវុធគីមីដែលបានចុះហត្ថលេខាដោយប្រទេសចំនួន១៩២ និងបានចូលជាធរមានក្នុងឆ្នាំ១៩៩៧ ។
បើតាមការបញ្ជាក់ពីលោក Babich រហូតមកដល់ពេលបច្ចុប្បន្នរុស្ស៊ីចំណាយថវិកាប្រមាណជា៥,៦ប៊ីលានដុល្លារលើការកំទេចអាវុធគីមីចោល ។
តែយ៉ាងណាលោកបានលើកឡើងថាមានអាវុធគីមីជិត៧០.៥០០តោនត្រូវបានស្តុកទុកនៅជុំវិញពិភពលោក ក្នុងនោះ៤ម៉ឺនតោនគឺស្ថិតក្នុងប្រទេសរុស្ស៊ីហើយ២៧.០០០តោននៅសហរដ្ឋអាមេរិកនៅសេសសល់នៅតាមបណ្តាប្រទេសដទៃ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា