ជប៉ុន៖ ទីភ្នាក់ងារព័ត៌មានក្នុងស្រុកបានរាយការណ៍នៅថ្ងៃអង្គារនេះថាឧទ្ធម្ភាគចក្រឯកជនមួយគ្រឿងបានធ្លាក់ក្នុងពេលដ៏ខ្លីក្រោយហោះចេញពីព្រលាន Kobe ក្នុងតំបន់ Hyogo Prefecture របស់ជប៉ុនបណ្តាលឲ្យមនុស្សពីរនាក់រងរបួស ។
បណ្តាញព័ត៌មានក្នុងស្រុកផ្សាយថាឧទ្ធម្ភាគចក្រមួយគ្រឿងបានជួបឧប្បត្តិហេតុធ្លាក់ក្នុងតំបន់ហ្វឹកហាត់មួយកន្លែងនិង។ មនុស្សពីរនាក់ដែលជិះនៅលើឧទ្ធម្ភាគចក្រនេះជាបុរសទាំងពីរនាក់ដែលមានអាយុ៤០ឆ្នាំ បានរងរបួសហើយត្រូវបាននាំយកទៅកាន់មន្ទីរពេទ្យផងដែរ ។
ការធ្លាក់នេះគឺមិនបណ្តាលឲ្យឧទ្ធម្ភាគចក្រនោះខូចខាតធ្ងន់ធ្ងរអ្វីឡើយ គ្រាន់តែបាក់ស្លាបចំហៀងតែប៉ុណ្ណោះ ។ នៅគ្រានោះដែរមានរថយន្តពន្លត់អគ្គីភ័យនិងរថយន្តសង្គ្រោះសរុបចំនួន១២គ្រឿងបានយកចិត្តទុកដាក់ជួយសង្គ្រោះនៅកន្លែងកើតហេតុ ប៉ុន្តែហេតុការណ៍នេះពុំមានបណ្តាលឲ្យឆេះឬហុយផ្សែងឡើយ ម្យ៉ាងជើងហោះហើរដទៃទៀតដែលគ្រោងចេញដំណើរនាពេលនោះក៏មិនប៉ះពាល់អ្វីដែរ ។
យោងតាមការិយាល័យរដ្ឋបាលរបស់ព្រលានយន្តហោះបានឲ្យដឹងថាឧទ្ធម្ភាគចក្រនេះជាកម្មសិទ្ធិរបស់សាលាបង្ហាត់បង្រៀនបើកយន្តហោះក្នុងស្រុកមួយហើយឧប្បត្តិហេតុនេះផងដែរគឺមានពាក់ព័ន្ធនឹងការហ្វឹកហាត់នៅព្រឹកថ្ងៃអង្គារនេះនៅពេលដែលជួបគ្រោះថ្នាក់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា