តំបន់កាស្មៀ៖ ប្រភពផ្លូវការឲ្យដឹងថាយុទ្ធជន៣នាក់ដែលជាបក្សពួករបស់ក្រុម សកម្មប្រយុទ្ធ Lashkar-e-Toiba (LeT) និងនារីម្នាក់ត្រូវបានសម្លាប់ខណៈដែលប៉ូលិសម្នាក់និងក្មេងប្រុសម្នាក់រងរបួសក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយក្នុងតំបន់ចម្រុងចម្រាស់កាស្មៀដែលគ្រប់គ្រងដោយឥណ្ឌា ។
ការប៉ះទង្គិចគ្នាដ៏សាហាវនេះបានកើតឡើងកាលពីថ្ងៃពុធនៅភូមិ Kalaroos ស្រុកទល់ដែន Kupwara ដែលស្ថិតនៅចម្ងាយ១១០គីឡូម៉ែត្រនៃភាគពាយព្យទីក្រុង Srinagar រដ្ឋធានីរដូវក្តៅរបស់កាស្មៀ ។
អ្នកនាំពាក្យប៉ូលិសបានថ្លែងថា តាមរយៈព័ត៌មានជាក់លាក់គឺកម្លាំងប៉ូលិសអមដោយកងទ័ពនិងទាហានប៉ារ៉ាបានបើកប្រតិបត្តិការឡោមព័ទ្ធនិងស្រាវជ្រាវក្នុងភូមិ Jugtiyal , Hyhama ក្នុងស្រុកកើតហេតុនោះ។
ក្នុងអំឡុងពេលស្រាវជ្រាវនោះដែរ ក្រុមសកម្មប្រយុទ្ធក៏មានវត្តមានក្នុងតំបន់ដែលផ្ទុះអាវុធនោះផងដែរដោយនៅជាមួយភាគីកាន់ការងារស្រាវជ្រាវ ។ ការផ្ទុះអាវុធនេះត្រូវបានសងសឹកគ្នាទៅវិញទៅមកដែលក្នុងនោះយុទ្ធជនរបស់ក្រុម LeT ត្រូវបានសម្លាប់ហើយប៉ូលិសម្នាក់រងរបួស ។
តាមការឲ្យដឹងពីមន្ត្រីប៉ូលិសកុមារជាច្រើននាក់ក៏ត្រូវបានវាយប្រហារដោយគ្រាប់កាំភ្លើងចម្ងាយ១០០ម៉ែត្របណ្តាលឲ្យរងរបួសនិងបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលផងដែរ។ ក្រោយមកក្មេងស្រីម្នាក់ក៏បានស្លាប់បាត់បង់ជីវិតហើយក្មេងប្រុសម្នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ Srinagar ។
លើសពីនេះកងទ័ពឥណ្ឌាបានថ្លែងថាពួកគេរកឃើញកាំភ្លើងរ៉ាហ្វាល់៣ដើមនិងគ្រឿងផ្ទុះមួយចំនួននៅកន្លែងកើតហេតុផងដែរ ។
គួរកត់សម្គាល់ថាកាលពីសប្តាហ៍មុនយុទ្ធជនរបស់ក្រុម LeT ២នាក់និងជនស៊ីវិល២នាក់ត្រូវបានសម្លាប់ក្នុងហេតុការប៉ះទង្គិចគ្នាស្រដៀងគ្នានេះដែរក្នុងស្រុក Pulwama ។ ក្នុងនោះក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ត្រូវគ្រាប់កាំភ្លើងរងរបួសក្នុងអំឡុងពេលតវ៉ា ហើយជនស៊ីវិលដទៃទៀតបានស្លាប់។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា