មីយ៉ាន់ម៉ា៖ ប្រភពពីអ្នកការទូតបានឲ្យដឹងថាចិននិងរុស្ស៊ីបានរារាំងនូវសំណើនៃសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រដែលនឹងសង្កត់ធ្ងន់លើក្តីបារម្ភអំពីស្ថានការណ៍តានតឹងក្នុងរដ្ឋ Rakhine របស់មីយ៉ាន់ម៉ា ។
យោធារបស់មីយ៉ាន់ម៉ាបានប្រព្រឹត្តនូវអំពើប្រមាថមើលងាយប្រឆាំងនិងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាអស់រយៈពេល៤ខែក្នុងរដ្ឋ Rakhine ភាគខាងជើងប្រទេសដែលទីភ្នាក់ងារសិទ្ធិមនុស្សអង្គការសហប្រជាជាតិថ្លែងថាវាទំនងជានាំមកនូវការធ្វើទារុណកម្មនិងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ ។
ឯកអគ្គរដ្ឋទូតអង់គ្លេសលោក Matthew Rycroft បានថ្លែងប្រាប់អ្នកសារព័ត៌មានថាពុំមានមតិភាគច្រើនចំពោះសេចក្តីថ្លែងការណ៍នោះឡើយ ។
ប្រមុខបេសកកម្មកាទូតរូបនោះថ្លែងថាចិននិងរុស្ស៊ីបានលើកដៃជំទាស់និងសេចក្តីថ្លែងការណ៍នេះ ប៉ុន្តែយ៉ាងណាឯកអគ្គរដ្ឋទូតប្រទេសទាំងពីរនេះពុំបានឆ្លើយតបនឹងសំណើពី AFP ចំពោះព័ត៌មានជុំវិញករណីខាងលើឡើយ ។
គួរបញ្ជាក់ថាជនជាតិរ៉ូហ៊ីងយ៉ា១,១លាននាក់ត្រូវបានគេស្អប់ខ្ពើមពីសំណាក់អ្នកកាន់សាសនាព្រះពុទ្ធដែលបានទទូចថាជនជាតិភាគតិចនេះគឺជាអ្នកធ្វើអន្តោប្រវេសន៍ខុសច្បាប់ពីបង់ក្លាដែសថ្វីបើភាគច្រើននៃអ្នកទាំងនោះរស់នៅប្រទេសមីយ៉ាន់ម៉ាជាច្រើនជំនាន់មកហើយយ៉ាងណាក្តី។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា