Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិចិន រុស្ស៊ី រារាំង​សេចក្តីថ្លែងការណ៍របស់ UN ចំពោះករណីមីយ៉ាន់ម៉ា

ចិន រុស្ស៊ី រារាំង​សេចក្តីថ្លែងការណ៍របស់ UN ចំពោះករណីមីយ៉ាន់ម៉ា

មីយ៉ាន់ម៉ា៖ ប្រភពពី​អ្នកការទូត​បាន​ឲ្យ​ដឹងថា​ចិននិង​រុស្ស៊ី​បា​ន​រារាំង​នូវ​សំណើ​នៃសេចក្តី​ថ្លែងការណ៍​របស់ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃសុក្រ​​ដែល​នឹង​សង្កត់​ធ្ងន់​លើក្តីបារម្ភ​អំពី​ស្ថានការណ៍តានតឹង​ក្នុង​រដ្ឋ ​​Rakhine របស់មីយ៉ាន់ម៉ា ។

យោធារបស់មីយ៉ាន់ម៉ាបាន​ប្រព្រឹត្តនូវ​អំពើប្រមាថមើលងាយ​ប្រឆាំងនិង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា​អស់រយៈ​ពេល៤ខែ​ក្នុង​រដ្ឋ Rakhine ភាគខាងជើងប្រទេស​ដែល​ទីភ្នាក់ងារសិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​​ថ្លែងថា​វាទំនងជានាំមក​នូវ​ការធ្វើទារុណកម្ម​និង​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំងនិង​មនុស្សជាតិ ។

ឯកអគ្គរដ្ឋទូត​អង់គ្លេស​លោក Matthew Rycroft បានថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា​ពុំមានមតិភាគច្រើន​ចំពោះ​សេចក្តីថ្លែងការណ៍នោះឡើយ ។

ប្រមុខបេសកកម្មកាទូត​រូបនោះថ្លែងថា​ចិននិង​រុស្ស៊ី​បាន​​លើកដៃ​ជំទាស់​និង​សេចក្តី​ថ្លែងការណ៍នេះ​ ប៉ុន្តែ​យ៉ាងណា​ឯកអគ្គរដ្ឋទូតប្រទេសទាំងពីរនេះ​ពុំបាន​ឆ្លើយតបនឹងសំណើពី AFP ចំពោះ​ព័ត៌មានជុំវិញករណីខាងលើឡើយ ។

គួរបញ្ជាក់ថា​ជនជាតិ​រ៉ូហ៊ីងយ៉ា​១,១លាននាក់​ត្រូវបានគេស្អប់ខ្ពើម​ពី​សំណាក់​អ្នក​កាន់សាសនា​ព្រះពុទ្ធ​ដែល​បានទទូចថា​ជនជាតិភាគតិចនេះ​គឺជាអ្នកធ្វើ​អន្តោ​ប្រវេសន៍​ខុសច្បាប់​ពីបង់ក្លាដែស​ថ្វីបើ​ភាគច្រើននៃអ្នកទាំងនោះ​រស់នៅ​ប្រទេស​មីយ៉ាន់ម៉ា​ជាច្រើនជំនាន់មកហើយយ៉ាងណាក្តី។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES