ផ្ទុះបាតុកម្មកណ្តាលក្រុងបាសេឡូណាប្រឆាំងនិងការចង់បានឯករាជ្យ
តំបន់អឺរ៉ុប៖ ប្រជាជនរាប់ពាន់នាក់គ្រវីទង់ជាតិអេស្ប៉ាញនិងទង់តំបន់ស្វយ័តCatalan បានប្រមូលផ្តុំគ្នាក្នុងទីក្រុងបាសេឡូណាកាលពីថ្ងៃអាទិត្យដើម្បីជំទាស់នឹងការចង់បានឯករាជ្យពីសំណាក់រដ្ឋាភិបាលក្នុងតំបន់ Catalonia ដោយបំបែកខ្លួនចេញពីប្រទេសអេស្ប៉ាញ ។
ក្រុមបាតុករបានដើរហែរក្បួនក្រោមស្លាកដែលមានពាក្យពេជន៍ថា <<គ្មានទេឯករាជ្យ>> និង<<សូមបញ្ឈប់ការធ្វើរដ្ឋប្រហារ>> ដោយបញ្ជាក់ទៅកាន់ផែនការណ៍ធ្វើប្រជាមតិទាមទារឯករាជ្យរបស់រដ្ឋាភិបាលក្នុងតំបន់ថាជាការអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ។
ចំណែកលោក Gloria Chicote គិលានុបដ្ឋាយិកាដែលមានវ័យ៦០ឆ្នាំដែលបានផ្លាស់មកបម្រើការនៅទីក្រុងបាសេឡូណាជាង៣ទសវត្សរ៍ហើយនោះបានថ្លែងថាខ្ញុំមិនចង់បានឯករាជ្យឡើយ ខ្ញុំជាជនជាតិអេស្ប៉ាញ ។
វាគឺជាការតវ៉ាលើកដំបូងដែលធ្វើឡើងដោយសង្គមស៊ីវិល Catalan ជាវេទិកាមួយដែលត្រូវបានរៀបចំឡើងក្នុងឆ្នាំ២០១៤ដើម្បីប្រឆាំងនិងការទាមទារឯករាជ្យសម្រាប់តំបន់ស្វយ័ត Catalonia ដែលមានប្រជាជន៧,៥លាននាក់ស្ថិតនៅភាគឦសានប្រទេសអេស្ប៉ាញ ។
ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី Mariano Rajoy បានហៅកិច្ចខិតខំប្រឹងប្រែងដែលមានចរិកប៉នប៉ងបោះឆ្នោតចាកចេញពីអេស្ប៉ាញប្រឆាំងនិងប្រជាធិបតេយ្យ ដោយលោកលើកឡើងថារដ្ឋធម្មនុញ្ញរបស់អេស្ប៉ាញការពារតំបន់នានាមិនឲ្យធ្វើការសម្រេចចិត្តដោយឯកតោភាគីដែលប៉ះពាល់ដល់ប្រជាជនអេស្ប៉ាញបានឡើយ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា