ស៊ូដង់ខាងត្បូង៖ ប្រភពពីមន្ទីរសន្តិសុខអង្គការសហប្រជាជាតិប្រចាំក្រុង Juba បានឲ្យដឹងថាយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់នៅព្រលានយន្តហោះ Wau Airport របស់ប្រទេសស៊ូដង់ខាងត្បូងដែលនាំឲ្យផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង៣និង៣០នាទីក្នុងស្រុកថ្ងៃច័ន្ទ បណ្តាលមនុស្សចំនួន១៦នាក់រងរបួស ចំណែកអ្នកស្លាប់គេមិនទាន់ដឹងលម្អិតនៅឡើយ ។
ប្រភពបានឲ្យដឹងទៀតថាមនុស្ស១៦នាក់នោះជាអ្នករួមដំណើរជាមួយនិងយន្តហោះកើតហេតុត្រូវបានរកឃើញនៅមន្ទីរពេទ្យ Wau Teaching Hospital ។
រដ្ឋមន្ត្រីព័ត៌មានរដ្ឋ Wau លោក Bona Gaudenesio បានថ្លែងប្រាប់សារព័ត៌មានស៊ីនហួរតាមទូរស័ព្ទថាយន្តហោះមួយគ្រឿងបានធ្លាក់នៅអាកាសយានដ្ឋាន Wau Airport ដែលគេពុំទាន់ដឹងច្បាស់ថាមានអ្នកស្លាប់ប៉ុន្មានអ្នកនោះឡើយខណៈការស្រាវជ្រាវរកអ្នកនៅរស់រានមានជីវិតត្រូវបានគេធ្វើឡើងយ៉ាងដុតដៃដុតជើង។
លោក Gaudenesio បានថ្លែងថាពិតណាស់យន្តហោះមួយគ្រឿងបានធ្លាក់ក្នុងរដ្ឋWau ប៉ុន្តែយើងនឹងផ្តល់ព័ត៌មានច្បាស់ការនៅពេលក្រោយដោយសារតែយើងនៅកំពុងជួយសង្គ្រោះអ្នកដែលរបួសនៅឡើយ ។
ដោយឡែកអាជ្ញាធរអភិវឌ្ឍន៍រដ្ឋាភិបាលផ្ទៃក្នុងបានឲ្យដឹងថាមានមនុស្សចំនួន៤៩នាក់ដែលស្ថិតនៅលើយន្តហោះនោះ ។ ចំណែកវិទ្យុឯកជនមួយឈ្មោះ Eye Radio បានរាយការណ៍លើបណ្តាញសង្គម Twitter ថាយ៉ាងហោចណាស់មានមនុស្ស៩នាក់ត្រូវបានយកចេញពីកំទេចបែកបាក់នៃយន្តហោះនោះទាំងនៅរស់រានមានជីវិត។
ទោះជាយ៉ាងណាប្រភពពីយោធាអង្គការសហប្រជាតិដែលបំពេញបេសកកម្មប្រចាំប្រទេសស៊ូដង់ខាងត្បូងបានអះអាងថាពុំមានសមាជិកបុគ្គលិករបស់ UN ឋិតនៅលើយន្តហោះនោះឡើយហើយវាក៏ពុំមែនជាការវាយប្រហារពីសំណាក់ពួកភេរវករដែរ ។ យន្តហោះនេះបានបុកនឹងវត្ថុមួយនៅលើដីក្នុងអំឡុងពេលបើករត់លើផ្លូវយន្តហោះមុននឹងហោះឡើងហើយក៏ឆេះតែម្តង ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា