Thursday, November 28, 2024
Homeព័ត៌មានអន្តរជាតិរដ្ឋមន្ត្រី បារាំង​ចុះចេញ ពីតំណែង​ក្រោយ ធ្លាយរឿងកូនស្រីកាន់តំណែងធំនៅ..

រដ្ឋមន្ត្រី បារាំង​ចុះចេញ ពីតំណែង​ក្រោយ ធ្លាយរឿងកូនស្រីកាន់តំណែងធំនៅ..

បារាំង៖ រដ្ឋមន្ត្រីមហាផ្ទៃ​បារាំង​លោក Bruno Le Roux បាន​លាលែងពីតំណែង​កា​ល​ពីថ្ងៃអង្គារ​ប៉ុន្មានម៉ោង​បន្ទាប់ពីព្រះរាជអាជ្ញា​បានបើកការ​ស៊ើបអង្កេត​​មួយ​លើ​របា​យការណ៍​ដែល​លោក​បាន​ជួល​កូនស្រីពីរនាក់​របស់ខ្លួន​ឲ្យ​បំពេញការងារ​មួយ​ចំនួន​នៅ​រដ្ឋសភា​ជាបណ្តោះអាសន្ន​ ចាប់តាំងពី​ក្មេងស្រីទាំងពីរមាន​វ័យ​១៥ឆ្នាំ​និង​១៦ឆ្នាំ ។

លោកប្រធានាធិបតី Francois Hollande បាន​ថ្លែងថា​លោក​បាន​ទទួល​យក​នូវ​ការ​លាឈប់​ពីតំណែង​របស់លោក​ Le Roux ក្រោយកិច្ច​ប្រជុំ​មួយ​ជាមួយនិង​​លោក​នា​យក​រដ្ឋ​មន្ត្រី​​ Bernard Cazeneuve នៅ​វិមាន Elysee Palace ។

លោកបាន​តែង​រដ្ឋ​មន្ត្រី​​ទេសចរណ៍និង​ពាណិជ្ជកម្មវ័យក្មេង​​លោក  Matthias Fekl ជា​រដ្ឋ​មន្ត្រីមហាផ្ទៃ​ថ្មី​ជំនួស​លោក Bruno Le Roux ។

ការិយាល័យព្រះរាជអាជ្ញា​របស់បារាំង​បានបើកការ​ស៊ើប​អង្កេត​បឋម​មួយ​កាល​ពីថ្ងៃអង្គារនេះ បន្ទាប់ពី​ទូរទស្សន៍ TMC កាលពីថ្ងៃច័ន្ទ​នេះ​បាន​រាយ​ការ​ណ៍​ថា​លោក Le Roux បាន​ជួល​កូនស្រីរបស់លោក​ឲ្យធ្វើ​ជា​​ជំនួយ​ការ​រដ្ឋសភា​ដែល​ផ្ត​ល់ប្រាក់ឈ្នួល​សរុបចំនួន​៥៩.០០០ដុល្លារ​ក្នុង​កិច្ចសន្យា​រយៈ​ពេល​ខ្លី​ចំនួន​២៤ ។

អង្គភាពដដែល​បាន​ថ្លែងថា​ការស៊ើបអង្កេត​បឋម​​នេះ​កំពុង​ដឹកនាំ​ដោយ​ទីភ្នា​ក់​ងារ​ប៉ូលិស​បារាំង​ដែល​ទទួលខុសត្រូវ​លើ​ការ​ប្រយុទ្ធ​ប្រឆាំងនិង​អំពើ​ពុក​រលួយ​និង​ផ្នែកហិរញ្ញវត្ថុ​​ក៏ដូចជា​ការប្រព្រឹត្ត​ខុសឆ្គង​លើ​ការហូតពន្ធជាដើម ។

ខណៈ​ពេល​ដែល​វា​ជារឿង​ស្របច្បាប់​ក្នុងប្រទេស​បារាំង​សម្រាប់​អ្នក​នយោបាយ​ដែល​ជួលសមាជិក​ក្រុមគ្រួសារ​របស់ពួកគេ​ឲ្យ​ធ្វើការ​ ទូរទស្សន៍ខាងលើ​បានរបាយការណ៍​ថា​កូនស្រី​របស់លោក Le Roux មិន​បាន​បំពេញការងារ​ឲ្យ​បាន​គ្រប់ជ្រុងជ្រោយឡើយ ។ ​ក្នុងអំឡុងពេល​នោះ​កិច្ចសន្យាមួយចំនួន​របស់ពួកគេ​គឺ​ជា​អ្នកជំនិតឬជំនួយការរដ្ឋសភា ហើយក្នុងចំណោម​កូនស្រីទាំងពីរមានម្នាក់​បាន​និងកំពុងធ្វើកម្មសិក្សា​ពេញម៉ោងក្នុងប្រទេស​ប៊ែលហ្ស៊ិកខណៈ​ម្នាក់ទៀត​កំពុង​សិក្សា​។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES