បារាំង៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Bruno Le Roux បានលាលែងពីតំណែងកាលពីថ្ងៃអង្គារប៉ុន្មានម៉ោងបន្ទាប់ពីព្រះរាជអាជ្ញាបានបើកការស៊ើបអង្កេតមួយលើរបាយការណ៍ដែលលោកបានជួលកូនស្រីពីរនាក់របស់ខ្លួនឲ្យបំពេញការងារមួយចំនួននៅរដ្ឋសភាជាបណ្តោះអាសន្ន ចាប់តាំងពីក្មេងស្រីទាំងពីរមានវ័យ១៥ឆ្នាំនិង១៦ឆ្នាំ ។
លោកប្រធានាធិបតី Francois Hollande បានថ្លែងថាលោកបានទទួលយកនូវការលាឈប់ពីតំណែងរបស់លោក Le Roux ក្រោយកិច្ចប្រជុំមួយជាមួយនិងលោកនាយករដ្ឋមន្ត្រី Bernard Cazeneuve នៅវិមាន Elysee Palace ។
លោកបានតែងរដ្ឋមន្ត្រីទេសចរណ៍និងពាណិជ្ជកម្មវ័យក្មេងលោក Matthias Fekl ជារដ្ឋមន្ត្រីមហាផ្ទៃថ្មីជំនួសលោក Bruno Le Roux ។
ការិយាល័យព្រះរាជអាជ្ញារបស់បារាំងបានបើកការស៊ើបអង្កេតបឋមមួយកាលពីថ្ងៃអង្គារនេះ បន្ទាប់ពីទូរទស្សន៍ TMC កាលពីថ្ងៃច័ន្ទនេះបានរាយការណ៍ថាលោក Le Roux បានជួលកូនស្រីរបស់លោកឲ្យធ្វើជាជំនួយការរដ្ឋសភាដែលផ្តល់ប្រាក់ឈ្នួលសរុបចំនួន៥៩.០០០ដុល្លារក្នុងកិច្ចសន្យារយៈពេលខ្លីចំនួន២៤ ។
អង្គភាពដដែលបានថ្លែងថាការស៊ើបអង្កេតបឋមនេះកំពុងដឹកនាំដោយទីភ្នាក់ងារប៉ូលិសបារាំងដែលទទួលខុសត្រូវលើការប្រយុទ្ធប្រឆាំងនិងអំពើពុករលួយនិងផ្នែកហិរញ្ញវត្ថុក៏ដូចជាការប្រព្រឹត្តខុសឆ្គងលើការហូតពន្ធជាដើម ។
ខណៈពេលដែលវាជារឿងស្របច្បាប់ក្នុងប្រទេសបារាំងសម្រាប់អ្នកនយោបាយដែលជួលសមាជិកក្រុមគ្រួសាររបស់ពួកគេឲ្យធ្វើការ ទូរទស្សន៍ខាងលើបានរបាយការណ៍ថាកូនស្រីរបស់លោក Le Roux មិនបានបំពេញការងារឲ្យបានគ្រប់ជ្រុងជ្រោយឡើយ ។ ក្នុងអំឡុងពេលនោះកិច្ចសន្យាមួយចំនួនរបស់ពួកគេគឺជាអ្នកជំនិតឬជំនួយការរដ្ឋសភា ហើយក្នុងចំណោមកូនស្រីទាំងពីរមានម្នាក់បាននិងកំពុងធ្វើកម្មសិក្សាពេញម៉ោងក្នុងប្រទេសប៊ែលហ្ស៊ិកខណៈម្នាក់ទៀតកំពុងសិក្សា។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា