ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផ្សព្វផ្សាយ ពាណិជ្ជកម្ម និងកិច្ចសហការជាមួយឧស្សាហកម្មថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត និងចែកចាយផលិតផលដែលមានជាតិនីកូទីន។

សេចក្តីណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឆ្នាំ២០២៦ ដែលចុះហត្ថលេខាដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បញ្ជាក់ថា ដើម្បីអនុវត្តតាមយុទ្ធសាស្ត្របញ្ចកោណ ដំ ណាក់កាលទី១ របស់រាជរដ្ឋាភិបាល នៃនីតិកាលទី៧ របស់រដ្ឋសភា ក្នុងគោលបំណងរក្សាបាននូវការអភិវឌ្ឍធនធានមនុស្ស ឱ្យមានគុណភាពខ្ពស់ និងសុខភាពល្អ ដែលជាទ្រព្យសកម្មជាតិ និងយុទ្ធោបករណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស រយៈពេលវែង ក៏ដូចជាទប់ស្កាត់ បង្ការ ដោះស្រាយឱ្យបានទាន់ពេលវេលា និងរក្សាការពារសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសមន្ត្រីរាជការ សិស្ស បុគ្គលិកសិក្សា រដ្ឋ បាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ សង្កាត់ និងម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មឯកជន នៅរាជធានីភ្នំពេញ ត្រូវអនុវត្តដូចខាងក្រោម ៖
១- មិនត្រូវផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ និងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមី សម្រាប់ជក់ គ្រប់ប្រភេទ នៅគ្រប់ទីកន្លែង។
២- មិនត្រូវចាប់ដៃគូសហការជាមួយឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផល មានជាតិនីកូទីន ទោះក្នុងគោលបំណងណាមួយ ជាអាទិ៍ សកម្មភាពសប្បុរសធម៌ ព្រឹត្តិការណ៍កីឡា សិល្បៈផ្សេងៗ។
៣- មិនត្រូវទទួលការឧបត្ថម្ភគាំទ្រ ឬចុះអនុស្សរណៈជាមួយឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នក ចែកចាយផលិតផលមានជាតិនីកូទីន។
៤- មិនអនុញ្ញាតឱ្យផ្តល់ទីតាំង ឬទីធ្លា សម្រាប់រៀបចំកម្មវិធីផ្សព្វផ្សាយ ឬពិព័រណ៍របស់ឧស្សាហករថ្នាំជក់ និងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយផលិតផលមានជាតិនីកូទីន។
ទទួលបានសេចក្តីណែនាំនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ទាំង១៤ មន្ទីរជំនាញជុំវិញរាជធានីភ្នំពេញ គ្រប់គ្រឹះស្ថានសាធារណៈនិងឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវអនុវត្តនិងផ្សព្វផ្សាយ សេចក្តីណែនាំនេះ ឱ្យបានទូលំទូលាយ និងមានប្រសិទ្ធ ភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់…៕