សុភាសិតសាកល១ឃ្លាថា “បើមានមនុស្សថ្មី អ្វីៗត្រូវមានការផ្លាស់ប្តូរ” (New broom sweeps clean) មានខ្លឹមសារផ្តោតជាសំខាន់ទៅលើ “ចិត្តរបស់មនុស្សម្នាក់ៗ មិនដូចគ្នា” ពោលគឺបើប្តូរអ្នកគ្រប់គ្រង ក៏ដូចជាប្តូររបៀបរបបធ្វើការងារដែរ។ ខណៈដែលអភិបាលរាជធានី-ខេត្ត ៤រូប ត្រូវបានផ្លាស់ប្តូរតាមរយៈព្រះរាជក្រឹត្យនោះ អាចចៀសមិនផុតពីការផ្លាស់ប្តូរ ទម្រង់ការងារស្នូលមិនខានឡើយ ដែលយើងមើលឃើញថា កំពុងដើរស្របសុភាសិតខាងលើ ទើប “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
កាលពីប៉ុន្មានថ្ងៃមុន រាជរដ្ឋាភិបាលបានសម្រេចទូលថ្វាយព្រះមហាក្សត្រ សុំព្រះរាជក្រឹត្យ ធ្វើការផ្លាស់ប្តូរអភិបាល រាជធានី-ខេត្ត ចំនួន៤រូប ដែលបានផ្សព្វផ្សាយជ្រួតជ្រាបជាសាធារណៈរួចមកហើយ។ លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ត្រូវបានជំនួសដោយលោកឃួង ស្រេង, លោកលន់ លឹមថៃ អភិបាលខេត្តកំពង់ចាម ត្រូវបានជំនួសដោយលោកគួច ចំរើន, លោកប្រាជ្ញ ច័ន្ទ អភិបាលខេត្តត្បូងឃ្មុំ មានលោកលី ឡេង ស្នងតំណែង ខណៈដែលលោកប៊ុន លើត អភិបាលខេត្តកោះកុង ក៏មានលោកស្រីមិថុនា ភូថង ចូលបន្តវេនដែរ។ មន្ត្រីរដ្ឋបាលទាំង៨រូប ទាំងចាស់ទាំងថ្មីនោះ សុទ្ធតែជាសមាជិកគណបក្សប្រជាជនកម្ពុជា ដើរតាមមាគ៌ានយោបាយរបស់ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា ប៉ុន្តែ គួរកុំភ្លេចថា “បើមានមនុស្សថ្មី អ្វីៗត្រូវមានការផ្លាស់ប្តូរ”។ ការផ្លាស់ប្តូរនេះ មិនមែនប្តូរនយោបាយបក្សនោះទេ តែជាការ “ប្តូរចរិតមនុស្ស” ដែលយើងសូមបរិយាយលម្អិតដូចខាងក្រោម ៖
ជាទូទៅ “ចរិតមនុស្ស មាន៦យ៉ាង” គឺ
- រាគចរិត (ចូលចិត្តរបស់ស្អាតៗបែបរាគៈ)
- ទោសចរិត (ឆាប់ខឹង ឆេវឆាវ)
- មោហចរិត (វង្វេងល្ងិតល្ងង់មិនសូវចេះពិចារណា)
- វិតក្កចរិត (ចូលចិត្តត្រិះរិះច្រើន)
- សទ្ធាចរិត (ចូលចិត្តសាងបុណ្យកុសល)
- ពុទ្ធិចរិត (ចូលចិត្តស្តាប់ធម៌ និងសិក្សាស្រាវជ្រាវមិនឈប់)។
ចរិត៦យ៉ាងនេះ មាននៅគ្រប់មនុស្សលើពិភពលោក គ្រប់ជាតិសាសន៍ ប៉ុន្តែ ចរិតល្អ មាន៣ គឺ ៖
- វិតក្កចរិត
- សទ្ធាចរិត និងពុទ្ធិចរិត រីឯរាគចរិត
- ទោសចរិត និងមោហចរិត មិនល្អទេ។
នៅក្នុងគ្រួសារមួយ ដែលមានកូន៦នាក់ កុំស្មានថា កូនទាំងនោះមានចរិតដូចគ្នាឱ្យសោះ គឺកូនខ្លះឆាប់ខឹងឆេវឆាវ ខ្លះវង្វេងទៅរកអបាយមុខ មានការសេពថ្នាំញៀន ជាដើម ខ្លះទៀតចូលចិត្តការសិក្សាស្រាវជ្រាវ កាន់សៀវភៅនៅនឹងដៃ។ កូនទាំង៦នាក់នេះ នៅក្រោមឱវាទឪពុកម្តាយដូចគ្នា ប៉ុន្តែ ពេលឪពុកធ្វេសប្រហែសមិនបានឃ្លាំមើលឱ្យដិតដល់ ធ្វើឱ្យកូនខ្លះភ្លាត់ទៅអបាយមុខ សេពគប់បាបមិត្ត។ ចំណែកកូនល្អ ទោះឪពុកមិនឃ្លាំមើល ក៏គេប្រឹងរៀនសូត្រស្រាវជ្រាវ ដោយសារ “ពុទ្ធិចរិត” ដែលជា “ឧបនិស្ស័យ” មានមកពីកំណើត។
នៅក្នុងរបបប៉ុល ពត ទោះបីជាកម្មាភិបាលគ្រប់ជាន់ថ្នាក់ “គោរពវិន័យអង្គការចាត់តាំង” ក៏ប្រធានភូមិ ឬគណៈឃុំ មានចរិតមិនដូចគ្នាទេ។ ជួនកាលប្រធានភូមិចាស់ស្លូតណាស់ មិនដែលរករឿងប្រជាជន សព្វបើគ្នាចាប់ត្រី ក្តាមខ្យង ទៅធ្វើម្ហូប លួងក្រពះនោះឡើយ។ លុះប្រធានភូមិចាស់អស់តំណែង ផ្លាស់មនុស្សថ្មីចូល បើប្រជាទាសករណាហ៊ានចាប់ក្តាម ខ្យង ឬបេះ បន្លែទៅស្ងោរហូបសម្រន់ក្តីស្រេកឃ្លាន ច្បាស់ជាជាប់ទោសពីបទ “ក្បត់បដិវត្តន៍” ត្រូវប្រធានភូមិចាប់ចងស្លាកសេកបណ្តើរទៅនៅ “ភូមិថ្មី” បាត់ស្រមោលជារៀងរហូត។
យ៉ាងណាមិញ ការផ្លាស់ប្តូរអភិបាលរាជធានី-ខេត្ត ៤រូប ក៏ដូចជាការតែងតាំងអគ្គនាយកទូរទស្សន៍ជាតិ ដាក់មនុស្សថ្មីជំនួសនោះ នឹងចៀសមិនផុតពី “បើមានមនុស្សថ្មី អ្វីៗត្រូវមានការផ្លាស់ប្តូរ”។ ប្តូរអ្វី? គឺប្តូរចិត្ត ប្តូរផ្នត់គំនិត ប្តូរឥរិយាបថ ប្តូររបៀបធ្វើការ ពុំមែនប្តូរមាគ៌ានយោបាយបក្សកាន់អំណាចនោះទេ។ ការផ្លាស់ប្តូរមន្ត្រីថ្នាក់កណ្តាល ក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលលទ្ធផលបណ្តោះអាសន្ន បង្ហាញថា មណ្ឌលរាជធានីភ្នំពេញ និងខេត្ត កំពង់ចាម ត្រូវបក្សប្រឆាំងយកឈ្នះនោះ ត្រូវមជ្ឈដ្ឋានប្រជាពលរដ្ឋមើលឃើញថា មកពី “អ្នកចាស់ស្ពឹកស្រពន់ មិនសូវរហ័សរហួន” ទើបមេដឹកនាំបក្ស យកមនុស្ស “សកម្មការងារ រហ័សដៃរហ័សជើង” មកជំនួសវិញ។ ធម្មតាមនុស្សខ្លះ ជាពិសេស បុរសៗចូលចិត្តជល់កែវ ណាត់ជួបមិត្តភក្តិក្នុងក្លឹបរាត្រី ភ្លេចការងារស្នូល ខណៈដែលមនុស្សខ្លះទៀត ជាពិសេសនារីភេទ ចាញ់ ក្លិនស្រា តែចូលចិត្តកូកាកូឡា ឬទឹកសុទ្ធ។ ដូច្នេះទំនងជារាជរដ្ឋាភិបាលចង់ឱ្យមានប្រសិទ្ធភាពការងារ ក៏ប្តូរជើងគ្នា “ដាក់អ្នកខ្លាំង មកជំនួសអ្នកខ្សោយ” ប៉ុន្តែ “ដកពីដីទំនាប ទៅដាក់ដីទួល” មិនអាចដកគ្រវាត់ចោលដូចដកស្មៅនោះទេ។
អ្វីដែលមហាជនចាប់អារម្មណ៍ខ្លាំង គឺការផ្លាស់ប្តូរអភិបាលរាជធានីភ្នំពេញ ដែលសន្លឹកឆ្នោតឈ្នះត្រូវបក្សប្រឆាំងដណ្តើមបាន។ មិនរបូតសន្លឹកឆ្នោតយ៉ាងម៉េច? បើសង្កាត់ដែលបក្សប្រឆាំងឈ្នះនោះ “បន្តិចដាច់ភ្លើង បន្តិចស្ទះលូ បន្តិចទឹកភ្លៀងលិចផ្លូវ ឬបើពុំនោះទេ ឃើញតែភាពអនាធិបតេយ្យ រញ៉េរញ៉ៃលើដងផ្លូវ គ្មានការរៀបចំសណ្តាប់ធ្នាប់ ដោយសារការរំលោភទ្រូងផ្លូវ និងចិញ្ចើមផ្លូវដាក់លក់ដូរ ចតយានយន្ត បង្កឱ្យកកស្ទះចរាចរណ៍…”។ រឿងដាច់ភ្លើងពេលធាតុអាកាសក្តៅហែង បណ្តាលឱ្យម៉ាស៊ីនត្រជាក់ កង្ហារលែងវិលនោះ ធ្វើឱ្យរាស្ត្រក្តៅចិត្តជាងធាតុអាកាសក្តៅទៅទៀត។ កន្លែងស្ទះលូហៀរទឹកស្អុយ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះ ពិបាកទ្រាំណាស់ ហើយបើភ្លៀងម្តងៗទឹកលិចផ្លូវនោះ រាស្ត្របន្ទោសតែអាជ្ញាធរហ្នឹងឯង។ តាំងពីឆ្នាំ១៩៧៩ មក យើងឃើញអភិបាលរាជធានី ត្រូវផ្លាស់ប្តូរជិត១០នាក់ទៅហើយ តាំងពីលោកកែវ ចិន្តា, លោកហុក ឡងឌី, លោកជា សុផារ៉ា, លោកឈឹម សៀកឡេង លោកកែប ជុតិមា, លោកប៉ា សុជាតិវង្ស និងប៉ុន្មានរូបទៀត ភ្លេចឈ្មោះ ដែលលោកខ្លះខ្សោយ ខ្លះខ្លាំងមិនស្មើគ្នាទេ។ ទោះជាលោកណាឡើងកាន់តំណែង ក៏មិនអាចដោះស្រាយរឿងដាច់ភ្លើងនោះបានឡើយ ដែលជួនកាលពេលរាស្ត្រកំពុងដាំបាយថ្ងៃត្រង់ ភ្លើងដាច់ម៉ិត ឆៅបាយអស់រាប់ម៉ឺនឆ្នាំង ឯក្មេងក្មាងយំទ្រ- ហឹង ព្រោះគាំងកង្ហារ។ ឥឡូវរឿងដាច់ចរន្តអគ្គិសនីដោះស្រាយមិនចេញផង ឃើញករណីគ្រឿងញៀន និងល្បែងស៊ីសង កើតឡើងដូចផ្សិតត្រូវទឹកភ្លៀង និងបញ្ហាអនាធិបតេយ្យលើចិញ្ចើមផ្លូវ ដងផ្លូវដែលបង្កការកកស្ទះចរាចរណ៍គ្មានឃើញអាជ្ញាធរ ចាត់វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព ថ្ងៃណាក៏កាសែតចុះផ្សាយដែរ ដែលបង្ហាញឱ្យឃើញពីភាពអសកម្មរបស់អាជ្ញាធរ។
យ៉ាងណាក៏ដោយចុះ បើរាជរដ្ឋាភិបាលតែងតាំងអ្នកថ្មីជំនួសអ្នកចាស់ គឺមកពី “ទុកចិត្តអ្នកថ្មី” ថានឹងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រងភូមិសាស្ត្រទឹកដីបេះដូងប្រទេស។ យើងក៏មានជំនឿថា លោកអភិបាលរាជធានីថ្មី នឹង “លាត់ជើងខោ មូរដៃអាវ” ចុះប្រឡូកក្នុងការងារស្នូលមិនខានឡើយ។ បើចង់ដឹងចិត្តរាស្ត្រយ៉ាងណានោះ លុះត្រាតែជិះម៉ូតូឌុប ឬជិះកង់ចេញពិនិត្យភូមិសាស្ត្រស្មុគស្មាញដោយផ្ទាល់ ប៉ុន្តែ បើលោកធំចេញទៅណាមួយជំហានមានឡានទំនើប អង្គរក្សហែហម គគ្រឹកគគ្រេងនោះ ច្បាស់ជាលោកមើលមិនឃើញផ្លូវស្ទះចរាចរណ៍ ឬទឹកលូលិចផ្លូវ គំនរសំរាមស្អុយរលួយនោះឡើយ។ របៀបរបប “ការិយាធិបតេយ្យ” ស្តាប់តែរបាយការណ៍ថ្នាក់ក្រោមនោះ ឃើញថា សន្លឹកឆ្នោតបក្សកាន់អំណាច របូតអស់សន្ធឹកទៅហើយ ដូច្នេះបើនៅតែ “ការិយាធិបតេយ្យ” ឬ “មន្ត្រីជើង១០” ទៀតនោះ ការបោះឆ្នោតឆ្នាំ២០១៨ កាន់តែពិបាកកែកុន។
សរុបទៅ “បើមានមនុស្សថ្មី អ្វីៗត្រូវមានការផ្លាស់ប្តូរ” មានខ្លឹមសារផ្តោតទៅលើការតែងតាំងអ្នកថ្មី ជំនួសអ្នកចាស់នេះឯង។ មិនមែនជាការផ្លាស់ប្តូរនយោបាយបក្សនោះទេ តែប្តូរចរិតមនុស្ស ដូចអ្វីដែលយើងរៀបរាប់ខាងលើ ដើម្បីអូសទាញប្រជាប្រិយភាពមកវិញ។ “នគរធំ” សង្ឃឹមថា លោកអភិបាលរាជធានីថ្មី នឹងបញ្ចោញសមត្ថភាពខ្លាំងជាងមុន ជាពិសេស ដោះស្រាយបញ្ហាដាច់ភ្លើងញឹកញាប់ ការស្ទះចរាចរណ៍ដោយសារការរំលោភដងផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ គ្មានការរៀបចំសណ្តាប់ធ្នាប់៘ និង៘ បានល្អជាមិនខាន ប៉ុន្តែ បើធ្វើមិនបាន ច្បាស់ជា “កៅអីហ្នឹងអង្គុយមិនបានយូរ” នឹងមានការផ្លាស់ប្តូរទៀត…៕
ដោយ អាចារ្យថាំ