Saturday, November 30, 2024
Homeបរិយាយធុងទទេ គោះឮខ្លាំង

ធុងទទេ គោះឮខ្លាំង

សុភាសិតបារាំង១ឃ្លាថា “ធុងទទេ គោះឮខ្លាំង” (Ce sont les tonneaux vides qui font le plus de bruit) មានខ្លឹមសារ ផ្តោតជាសំខាន់ទៅលើអ្នកនយោបាយមិនទាន់បានអំណាច ប៉ុន្តែ មានឈ្មោះល្បីល្បាញ បើគាត់ឃោសនាពីគោលការណ៍ អ្វីមួយឮខ្លាំងណាស់។ ខណៈដែលលោកសម រង្ស៊ី និងលោកកឹម សុខា អតីតប្រធាន និងបច្ចុប្បន្នប្រធានបក្សប្រឆាំង ថ្លែងការណ៍អ្វីមួយឮខ្ទរខ្ទារនោះ គឺមិនខុសពី “ធុងទទេ គោះឮខ្លាំង” ដែល “នគរធំ” ក្តាប់សភាពការណ៍បាន ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

បើបរិយាយតាមអត្ថានុរូប ឬន័យត្រង់ “ធុងទទេ គោះឮខ្លាំង” សំដៅដល់ធុងសាំង ឬប៉ោតប្រេងកាត បើមានដាក់សាំង ឬទឹកពេញ គោះទៅឮសូរ “ឃ្លូសៗ” ដូចត្បកក្បាលមនុស្សឮមិនបានឆ្ងាយទេ។ ផ្ទួយុទៅវិញ ធុងសាំង ឬប៉ោតប្រេងកាតទទេ គោះទៅឮសូរ “ម៉ាង!ៗ” ឡើងសង្កៀរត្រចៀក ឮឆ្ងាយណាស់ អាចគោះដេញមាន់ទាកុំឱ្យស៊ីស្រូវបាន។ អ្នកចម្ការខ្លះចេះ កែច្នៃប៉ោតប្រេងកាត ដូចត្រដោក មានអន្លូងគោះ និងដាក់ស្លឹកត្នោតចងខ្សែសន្ធឹងលើចម្ការពោត ឬចម្ការម្នាស់។ កាលណាត្រូវ ខ្យល់បោកបក់មកប៉ះស្លឹកត្នោត ធ្វើឱ្យត្រដោកប៉ោតទទេនោះ យោលចុះឡើងដូចទាញអន្លូងគោះប៉ោត ឮសូរម៉ាងៗ បង្អើល ស្វា ឬសំពោចមិនឱ្យស៊ីពោត ឬម្នាស់បាន។

បើពោលតាមអត្ថប្បដិរូប ឬន័យធៀប អ្នកនយោបាយល្បីឈ្មោះ តែមិនទាន់បានអំណាច មិនខុសពីធុងទទេនោះឡើយ ពោលគឺគាត់គ្មានសម្បុកសម្បត្តិអ្វីជាដុំកំភួននោះទេ ប៉ុន្តែ មាន “មាត់ ឬវោហារសាស្ត្រ” ស្រែកឮឆ្ងាយណាស់។ សព្វថ្ងៃ អ្នកណាក៏ដឹងដែរថា លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសឯក្រៅប្រទេសនោះ គ្មានអំណាច ឬសម្បុកសម្បត្តិអ្វីក្រៅពីទៅណាមកណាអូសវ៉ាលិស ឡើងយន្តហោះនោះទេ។ គាត់លាលែងតំណែងប្រធានបក្ស និងត្រូវបានដកអភ័យឯកសិទ្ធិតំណាងរាស្ត្រអស់រលីង ដូចធុងទទេ ប៉ុន្តែ វោហារសាស្ត្ររបស់គាត់នៅតែមានអ្នកស្តាប់ សូម្បីតែអ្នកគាំទ្របក្សកាន់អំណាច ក៏តាមដានស្តាប់បទសម្ភាសន៍របស់គាត់តាមវិទ្យុ ឬតាមដានសំណេរលើទំព័រហ្វេសប៊ុក។ បើគាត់ស៊កគន្លឹះអ្វីមួយប៉ះពាល់ដល់បក្សកាន់អំណាច ក៏មានការឆ្លើយតបវិញភ្លាមៗ តាំងពីថ្នាក់លើដល់ថ្នាក់ក្រោម ជួយទប់វោហារសាស្ត្ររបស់គាត់ ដែលស្តែងឱ្យឃើញថា “ធុងទទេនោះ ឮសង្កៀរត្រចៀកពេក ទើបគេនាំគ្នាខ្ទប់ត្រចៀក”។ ចំណែកលោកកឹម សុខា ដែលមានតែតំណែងប្រធានបក្សប្រឆាំង តែគាត់គ្មានអំណាចអ្វីជាដុំកំភួនទេ សូម្បីតែមេភូមិ ក៏គាត់មិនអាចបង្គាប់បញ្ជាបានផង ប៉ុន្តែវោហាររបស់គាត់ឮសូរមិនធម្មតាទេ។

សូមរំព្ញកថា រឿង “ធុងទទេ គោះឮខ្លាំង” នេះ សំដៅដល់សកម្មភាពរបស់មេបក្សប្រឆាំងនេះឯង សូម្បីពីបុរាណកាល ក៏វោហារសាស្ត្ររបស់មេឧទ្ទាម ឬអ្នកនយោបាយប្រឆាំង មានឥទ្ធិពលសម្បើមណាស់។ “ឃុនហ្លួងព្រះស្តេចកន” កាលចេញទៅបំបះ បំបោររាស្ត្រ ប្រឆាំង “ព្រះបាទស្រីសុគន្ធបទ” ក៏បានយកវោហារសាស្ត្រទៅប្រើ ជាពិសេស ស្តេចកន ចេះភូតកុហករាស្ត្រថា “ស្តេចប្រើឱ្យកេណ្ឌទ័ព ដើម្បីកម្ចាត់ព្រះចន្ទរាជា ដែលចង់ដណ្តើមរាជ្យពីព្រះរៀម”។ ការឃោសនារបស់ស្តេចកន មានប្រសិទ្ធភាពខ្លាំងណាស់ រហូតមានប្រជារាស្ត្រចុះចូល និងចេញបម្រើទ័ពមួយចំហៀងប្រទេស។ រីឯលោកសឺង ង៉ុកថាញ់ ជាអ្នកនយោបាយប្រឆាំងរបបអាណានិគមបារាំង និងរបបសង្គមរាស្ត្រនិយម ក៏មានឥទ្ធិពលខ្លាំងណាស់ដែរ គាត់បានបង្កើត “កាសែតនគរវត្ត” វាយប្រហាររដ្ឋាភិបាល រួចរត់ទៅបង្កើត “ចលនាខ្មែរសេរី” ដោយមានវិទ្យុផ្សាយសំឡេង ចេញពីភ្នំដងរែក។ ចំណែកអ្នកតស៊ូផ្សេងទៀត ដែលប្រឆាំងបារាំង ដូចជាអាចារ្យស្វា ពោធិ៍កំបោរ ស្នងសូរ មនោកែវ ក្រឡាហោមគង់ ពិស្ណុលោក ឈូក អាចារ្យលាក់ អាចារ្យ ហែម ចៀវ ជាដើមគ្មានអំណាចដឹកនាំប្រទេសនោះទេ ប៉ុន្តែ ឥទ្ធិពលរបស់ពួកលោកល្បីរន្ទឺ មានចារទុកក្នុងទំព័រប្រវត្តិសាស្ត្រ។

ជាទូទៅ អ្នកនយោបាយដែលមិនទាន់បានអំណាច ខិតខំខ្លាំងណាស់ បើដូចពីបុរាណ ឱ្យតែចូលដល់ភូមិណាមានមនុស្សច្រើន គាត់អង្គុយលើខ្នងសេះ ដំរី ឃោសនាអូសទាញប្រជារាស្ត្រឱ្យគាំទ្រគាត់ ប៉ុន្តែ សម័យនេះ គេប្រើមីក្រូ ឧគ្ឃោសនសព្ទ ហ្វេសប៊ុក វិទ្យុ សម្រាប់ពង្រីក និងផ្សាយសំឡេងឱ្យឮខ្ទរខ្ទារពេញពិភពលោក។ លុះគាត់ដណ្តើមអំណាចបាន ជួនកាលសំឡេងឮរន្ទឺនោះ ក៏ស្ងប់ទៅ ឧទាហរណ៍ដូចលោកស្រីអួង សានស៊ូជី មេដឹកនាំភូមា កាលគាត់ធ្វើនយោបាយ រហូតដល់ពួកយោធាឃុំឃាំងឱ្យ នៅតែក្នុងផ្ទះនោះ សំឡេងរបស់គាត់ឮខ្ទរខ្ទារពេញពិភពលោក។ ឥឡូវពេលគាត់យកអំណាចបាន បែរជាមិនសូវកក្រើកដូចមុន ដែលអាចប្រៀបបាននឹង “ធុងមានទឹកពេញ” គោះមិនសូវឮ តែកាលនៅជាធុងទទេ គោះឮសង្កៀរត្រចៀក។

ក្រឡេកមើលឆាកនយោបាយកម្ពុជាវិញ មេបក្សប្រឆាំង ដែលមិនខុសពីធុងទទេ ឱ្យតែគោះពេលណា ក៏ឮតែការរិះគន់ អំពើពុករលួយ តុលាការមិនឯករាជ្យ ការរំលោភដីធ្លី រំលោភសិទ្ធិមនុស្ស អយុត្តិធម៌សង្គមជាដើម។ លោកសម រង្ស៊ី ជាធុងគោះឮជាងគេ ធ្វើឱ្យប្រជាពលរដ្ឋគាំទ្រគាត់នាំគ្នាស្តាប់ រួចក៏បោះឆ្នោតឱ្យបក្សប្រឆាំងបានកៅអីមេឃុំ-ចៅសង្កាត់ ជិត ៥០០ ដោយមិនគិតថា លោកសម រង្ស៊ី អស់តួនាទីក្នុងបក្ស។ ជាងនេះទៀត ខណៈដែលគណបក្សប្រជាជនកម្ពុជា រៀបចំ ខួប៤០ឆ្នាំ “ទិវារំព្ញកការចងចាំប្រវត្តិតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត” របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលប្រារឰធ្វើនៅសាលាបឋមសិក្សាកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្រាប់តែមន្ត្រីបក្សសង្គ្រោះជាតិ បានរៀបចំ រំព្ញកខួប២២ឆ្នាំ “ថ្ងៃដែលរដ្ឋសភាបណ្តេញលោកសម រង្ស៊ី ចេញពីសមាជិករដ្ឋសភា”។ លោកអេង ឆៃអ៊ាង ដែលទើបនឹងឡើងជាអនុប្រធានបក្សប្រឆាំង បានសរសេរក្នុងទំព័រហ្វេសប៊ុកថា “ថ្ងៃទី២២ ខែមិថុនា ឆ្នាំ១៩៩៥ គឺជាថ្ងៃដែលរដ្ឋសភាខ្មែរ បណ្តេញលោកប្រធាន សម រង្ស៊ី ចេញពីសមាជិករដ្ឋសភា ដោយខុសច្បាប់ ហើយក៏ជាថ្ងៃចាប់ផ្តើមនៃការតស៊ូអហិង្សា ឱ្យ មានការផ្លាស់ប្តូរនៅកម្ពុជា។ ៣ឆ្នាំក្រោយ គឺនៅឆ្នាំ១៩៩៨ (អាណត្តិទី២) លោកប្រធានសម រង្ស៊ី បាននាំមនុស្ស១៥រូប ចូល ទៅអង្គុយកៅអីរដ្ឋសភា ហើយអាណត្តិទី៣ (២០០៣) ២៤រូប អាណត្តិទី៤ (២០០៨) ២៦រូប និងអាណត្តិទី៥ (២០១៣) ៥៥រូប”។ សំណេរនេះស្តែងឱ្យឃើញថា “ធុងទទេ” ឮម៉ាង!ៗ រហូតបណ្តាលឱ្យមន្ត្រីបក្សកាន់អំណាចសង្កៀរត្រចៀក ក៏វាយ បកវិញ ដូចលោកឈាង វុន បានលើកឡើងថា “លោកអេង ឆៃអ៊ាង បានលើកពាក់ព័ន្ធនឹងការដេញសម រង្ស៊ី ចេញពីរដ្ឋសភា ដោយសារមនុស្សហ្នឹងជាទណ្ឌិត ការរំព្ញកហ្នឹងជាគ្មានន័យអីទេ”។ ការឆ្លើយឆ្លងគ្នារវាង “ធុងទទេ” និង “ធុងមានទឹកពេញ” នេះ ត្រូវបានអ្នកតាមដាននយោបាយមួយចំនួន អារកាត់ថា “ឮមិនដល់ធុងទទេ” ខ្លះទៀតថា “បើធុងហ្នឹងឮមិនឆ្ងាយ ហេតុអ្វី បានជាបក្សប្រឆាំង ដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ ជិត៥០០ ដែលអាណត្តិមុនបានតែ៤០កៅអី?”

សរុបទៅ “ធុងទទេ គោះឮខ្លាំង” មានន័យយ៉ាងនេះឯង ដែលជាមេរៀន ឬបទពិសោធន៍សម្រាប់អ្នកនយោបាយមើលឃើញនូវកម្លាំងរបស់គូប្រជែង។ បក្សកាន់អំណាច ដែលជា “ធុងមានទឹកពេញ” នោះ គួរប្តូរយុទ្ធសាស្ត្រយ៉ាងណា គោះឱ្យឮ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ជិតចូលមកដល់។ កំណែទម្រង់ស៊ីជម្រៅ បោសសម្អាតអំពើពុករលួយ អយុត្តិធម៌សង្គម ដែលប្រៀបបាននឹង “ទឹកស្អុយក្នុងធុង” លុះត្រាតែចាក់ទឹកហ្នឹងចេញ ទើបធុងនោះគោះឮម៉ាង!ៗ ដណ្តើមបាន ប្រជាប្រិយភាពមកវិញ តែបើស្តាយស្រណោះទឹកស្អុយ ចេះតែបន្តទុកក្នុងធុង មិនព្រមចាក់ចោល ធុងនោះគោះមិនឮទេ…៕

RELATED ARTICLES