Saturday, November 30, 2024
Homeបរិយាយចាប់ច្រវា សម្លឹងត្រើយ

ចាប់ច្រវា សម្លឹងត្រើយ

បន្ទាប់ពីដឹងលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ បក្ស ឈ្នះឆ្នោតទាំងអស់ ដែលដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ និងចាប់ផ្តើម “ចាប់ច្រវា សម្លឹងត្រើយ” ចៀសមិនផុតឡើយ។ ទូកក្តារដែលទើបដំឡើងរួចរាល់ បានអូសទម្លាក់ទឹកទន្លេ ដោយមានច្រវាធ្វើពីឈើស្រឡៅ មានទម្ងន់ស្រាល ប្រុងប្រៀបចេញដំណើរហើយ តម្រូវឱ្យអ្នកអុំឬចែវ សម្លឹងទៅឆ្ងាយ វាស់ស្ទង់ត្រើយម្ខាងឱ្យច្បាស់ ទើបឆាប់ទៅដល់ទីដៅ ដែល “នគរធំ” ក្តាប់បានស្ថានការណ៍ប្រកួតប្រជែងគ្នាដូចអុំទូក ក៏លើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

គ្រាន់តែដឹងថា គណបក្សសង្គ្រោះជាតិ ដណ្តើមបានកៅអីមេឃុំ-ចៅសង្កាត់ ជិត៥០០នៅទូទាំងប្រទេស មក លោកកឹម សុខា បានចេញពីខេត្តមួយចូលខេត្តមួយ ដើម្បីក្រើនរំព្ញកកូនចៅដែលទើបជាប់ឆ្នោតជាមេឃុំ-ចៅសង្កាត់ ជំទប់ ឱ្យពង្រឹងស្មារតី “បម្រើបក្ស និងបម្រើរាស្ត្រ”។ មានន័យថា មេបក្សប្រឆាំង ពង្រឹងគោលនយោបាយ “ចាប់ច្រវា សម្លឹងត្រើយ” តែម្តង ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨ ជិតចូលមកដល់។ ទូកបក្សប្រឆាំង សុទ្ធតែថ្មីទាំងអស់ ដោយសិតច្រវាត្រៀមចែវឆ្លងទន្លេឱ្យឆាប់ដល់ត្រើយនាយ ដោយវាស់ស្ទង់ចម្ងាយផ្លូវទឹក ពិនិត្យជ្រោយឬត្រើយឱ្យបានច្បាស់ជាមុនសិន។ ដោយឡែកបក្សកាន់អំណាច ដែលមានមេឃុំ-ចៅសង្កាត់ភាគច្រើនជា “អ្នកចាស់ ឬទូកចាស់” មិនសូវពិនិត្យ ឬសម្លឹងត្រើយពេកទេ ព្រោះ “ស្គាល់ត្រើយច្បាស់ទៅហើយ” បានត្រឹមតែស្តីបន្ទោសគ្នាពីរឿង “ស្ពឹកស្រពន់យូរដៃយូរជើង បានជារាស្ត្រដាក់ទណ្ឌកម្ម” ជាពិសេស មន្ត្រីបក្សកាន់អំណាចខ្លះបានទាំងចំអកឱ្យលោកកឹម សុខា ថា “កុំប្រញាប់ក្អេងក្អាងពេក!”

ដូច្នេះយើងឃើញថា រវាង “ទូកថ្មី និងទូកចាស់”“ជើងចែវថ្មី និងជើងចែវចាស់” មានរបៀបធ្វើការមិនដូចគ្នាទេ គឺ “អ្នកថ្មីប្រឹងសម្លឹងត្រើយ” ចំណែក “អ្នកចាស់ប្រឹងតែស្តីបន្ទោសគ្នា”។ ត្រើយ២០១៨ បើវាស់ទៅ ឬបើគិតពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ទៅដល់ថ្ងៃបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨ ឃើញថា មិនឆ្ងាយប៉ុន្មានទេ ធ្មេចបើកៗ យល់សប្តិចុះ ឡើងរាល់យប់ ភ្លេចៗខ្លួនទៅដល់ប្លឺម។ អ៊ីចឹងចាត់ទុកថា ចម្ងាយផ្លូវប្រណាំងនេះ មិនដូចការប្រណាំងទូកនៅមុខវាំងនោះទេ ព្រោះពិធីបុណ្យអុំទូក គេអុំឬចែវតាមបណ្តោយទន្លេ ធ្វើយ៉ាងណាឱ្យតែក្បាលទូករុលទៅដល់ “កងព័ន្ធ” នឹងឈ្នះគេ ប៉ុន្តែ រឿង “ទូកថ្មី និងទូកចាស់” លុះត្រាតែទូកជ្រែកទឹកទៅបុកត្រើយ ទើបសន្មតថាឈ្នះ។

ការប្រកាសលទ្ធផលចាញ់ឈ្នះគ្នា រវាងបក្សកាន់អំណាច និងបក្សប្រឆាំង លើសខ្វះគ្នាប្រមាណ៦% នោះ ធ្វើឱ្យមានការជជែកគ្នាតាម “វេទិកាតុកាហ្វេ” ពាក់ព័ន្ធដល់ករណី “ចាប់ច្រវា សម្លឹងត្រើយ”។ តាញៀនកាហ្វេម្នាក់ មាននិន្នាការបក្សកាន់អំណាច និយាយថា “ទូកថ្មី ច្រវាថ្មីនោះគ្មានការពិសោធន៍ ទោះជាប្រឹងអុំយ៉ាងណា ក៏ដេញមិនទាន់ទូកចាស់ ច្រវាចាស់ដែរ!” តាម្នាក់ទៀត ឆ្លើយបកវិញថា “ទូកថ្មី ច្រវាថ្មី ឱ្យតែអ្នកអុំចេះវាស់ស្ទង់ចម្ងាយផ្លូវទឹក មើលត្រើយឱ្យច្បាស់ នឹងយកឈ្នះទូកចាស់ ច្រវាចាស់មិនខាន ព្រោះទូកចាស់នោះ អ្នកអុំស្ពឹកស្រពន់”។ ពួកគាត់បន្តុះបង្អាប់គ្នាទៅវិញទៅមក គាំទ្រនិន្នាការនយោបាយរៀងៗខ្លួន ប៉ុន្តែ ក៏មានមន្ត្រីចូលនិវត្តន៍ម្នាក់ និយាយផ្លវ្ងូកណ្តាលថា “ទូកថ្មី ក៏ដូចទូកចាស់ នៅក្រោមបញ្ជារដ្ឋាភិបាលដូចគ្នា បើរដ្ឋាភិបាលដកហូតច្រវាពីទូកថ្មីនោះ តើបានអីចែវអុំ?”

ការឆ្លើយឆ្លងគ្នានេះ “នគរធំ” ចាប់អារម្មណ៍ត្រង់ការលើកឡើងរបស់មន្ត្រីចូលនិវត្តន៍ ដែលថា “ទូកថ្មី ទូកចាស់ នៅក្រោមបញ្ជារដ្ឋាភិបាល” ក៏យកមកវិភាគ និងយល់ថា “គម្រោងវិមជ្ឈការ ឬគោលនយោបាយបក្សប្រឆាំង ដែលចង់ទម្លាក់ការងារឱ្យមេឃុំ-ចៅសង្កាត់របស់ខ្លួនមានសិទ្ធិអំណាចកសាងមូលដ្ឋាននោះ ទំនងជាទៅមិនរួចទេ”។ ឧបមាថា មេឃុំបក្សប្រឆាំងចង់សង់ស្ពានឆ្លងអូរ ឬព្រែក ពីភូមិមួយទៅភូមិមួយ តែអត់លុយ ក៏ស្នើទៅអភិបាលស្រុក ដែលជាសមាជិកបក្សកាន់អំណាច។ បើអភិបាលស្រុក អភិបាលខេត្ត មិនជួយធ្វើអន្តរាគមន៍ ផែនការមេឃុំបក្សប្រឆាំង នឹងត្រូវបរាជ័យ ជាហេតុនាំឱ្យរាស្ត្រដកសេចក្តីទុកចិត្ត។ ផ្ទុយទៅវិញ មេឃុំបក្សកាន់អំណាចចង់កសាងផ្លូវលំក្រាលក្រួសក្រហមនៅមូលដ្ឋាន ក៏ស្នើថវិកា ហើយត្រូវបានអភិបាលស្រុក អភិបាលខេត្ត ក្នុងបក្សតែមួយ ជួយធ្វើអន្តរាគមន៍ភ្លាមៗនោះ ផែនការនឹងបានសម្រេច។ អ៊ីចឹងរវាងគម្រោងការមិនបានសម្រេច និងបានសម្រេច នឹងក្លាយជាបរាជ័យ ឬជ័យជម្នះក្នុងការបោះឆ្នោតឆ្នាំ២០១៨។ ជាងនេះទៀត បើមាន អនុក្រឹត្យ សារាចរ ឬស.ជ.ណ ធ្លាក់ពីលើមក បើមេឃុំ-ចៅសង្កាត់បក្សប្រឆាំងមិនអនុវត្ត ដោយសំអាងថា “មានលក្ខណៈនយោបាយ” ច្បាស់ជាមានការដកតំណែងមិនខាន ដែលមេបក្សប្រឆាំងមិនអាចជួយកូនចៅបាន ព្រោះមេឃុំ-ចៅសង្កាត់ ដែលរឹងទទឹងនោះ អាចនឹងរងការចោទប្រកាន់ថា “មិនគោរពឋានានុក្រម”

អ្វីដែលសំខាន់ គឺប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ កំពុងរង់ចាំមើលស្នាដៃចៅសង្កាត់ថ្មី តើគាត់ហ៊ានបោសសម្អាតភាពរញ៉េរញ៉ៃតាមដងផ្លូវ ឬយកផ្លូវចតយានជំនិះ លក់ដូរលើផ្លូវ និងតាមចិញ្ចើមដងវិថីបណ្តាលឱ្យស្ទះចរាចរណ៍ឬយ៉ាងណា? ចំណុចនេះ ចៅសង្កាត់ចាស់របស់ CPP ធ្វើមិនកើត បានជាធ្លាក់ឆ្នោត ប៉ុន្តែ បើចៅសង្កាត់ CNRP ទើបឡើងតំណែងហ៊ានទៅស្ទូចយកឡាន ម៉ូតូចតទទឹងទទែងតាមផ្លូវ ឬដើរដេញអ្នកលក់ដូរអនាធិបតេយ្យតាមផ្លូវនោះ ច្បាស់ជា “ទូកទៅមិនដល់ត្រើយ”។ ជួនកាលចៅសង្កាត់ចាស់នៅកាន់តំណែង គ្មានបញ្ជាឱ្យរៀបចំទីតាំងខ្វះសណ្តាប់ធ្នាប់នោះទេ លុះចៅសង្កាត់ថ្មីឡើងភ្លាម ក៏មានបញ្ជាឱ្យរៀបចំកែលម្អតាមវិធីក្តៅ គឺមិនខុសពី “រងថ្មបាក់”

ដូច្នេះមិនមែនស្រួលទេ សម្រាប់ “ទូកថ្មី ច្រវាថ្មី” នោះ គឺមុននឹងធ្វើអ្វី ត្រូវ “សម្លឹងឱ្យគ្រប់ជ្រុងជ្រោយសិន”។ ថ្មីៗនេះ លោកកឹម សុខា មេបក្សប្រឆាំង បានដើរពន្យល់ និងព្រមានកូនចៅទើបជាប់ឆ្នោតមេឃុំ-ចៅសង្កាត់ថា “ត្រូវបែងចែកឱ្យដាច់ ការបម្រើបក្ស និងបម្រើរាស្ត្រ” បានន័យថា “បើនៅក្នុងសាលាឃុំ-សង្កាត់ ត្រូវបម្រើរាស្ត្រ កុំនិយាយរឿងនយោបាយ តែបើចង់បម្រើបក្ស ត្រូវធ្វើក្នុងទីស្នាក់ការគណបក្ស កុំច្របូកច្របល់គ្នា”។ ចំណែកបក្សកាន់អំណាច មិនឃើញព្រមានកូនចៅពីរឿងនេះទេ បានត្រឹមស្តីបន្ទោសគ្នា ឬក៏មានការផ្លាស់ប្តូរតំណែងមន្ត្រីថ្នាក់កណ្តាលតែប៉ុណ្ណោះ ដើម្បីត្រៀមយកឈ្នះឱ្យបាន ៧០% នៃកៅអីតំណាងរាស្ត្រឆ្នាំ២០១៨។

ដោយឡែក គណបក្សតូចៗមួយចំនួន ទោះជាចាញ់ការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧ នេះ ក៏ត្រៀម “ទូកតូច ច្រវាតូច” អុំទៅត្រើយនឹងគេដែរ ដោយគ្មានបំណងអ្វីក្រៅពី “បំបែកសំឡេងឆ្នោតបក្សធំៗទាំងពីរ មិនឱ្យបាន៥០+១”។ ថ្មីៗ នេះ លោកសាម អ៊ីន ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងថា “យើងមានគោលដៅយុទ្ធសាស្ត្រមួយ គឺយើងចង់បំបែកសំឡេង៥០ភាគរយបូក១ នៃគណបក្សធំៗទាំងពីរហ្នឹង”។ ដូច្នេះឧបមាថា បក្សទេវតាទទួលបាន៤៨% បក្ស ព្រះអាទិត្យទទួលបាន៤៥% ឃើញនៅសល់៧% ធ្លាក់ទៅបក្សតូចៗ ច្បាស់ជាជួបវិបត្តិរដ្ឋសភា ឬវិបត្តិគណៈរដ្ឋមន្ត្រី ឆ្នាំ២០១៨ មិនខានឡើយ។ បក្សឈ្នះគេ តែមិនបាន៥០+១នោះ ត្រូវតែចំណាយទាំងស្មារតី និងសម្ភារៈ អូសទាញគណបក្សតូចដែលមានអាសនៈនោះ ឱ្យចូលបង្គ្រប់កូរ៉ុម ដែលស្តែងឱ្យឃើញថា បើចាប់ច្រវាមិនមើលត្រើយឱ្យច្បាស់ នឹងជួបផលវិបាក។

សរុបទៅ “ចាប់ច្រវា សម្លឹងត្រើយ” មានន័យយ៉ាងនេះឯង ពោលគឺបើអ្នកនយោបាយមិនចេះប្រើយុទ្ធសាស្ត្រឱ្យចំគោលដៅ នឹងមិនបានទទួលជោគជ័យទេ។ រវាង “ទូកចាស់ ទូកថ្មី និងទូកតូច” ត្រូវអុំទៅត្រើយនាយដូចគ្នា តែបើទូកថ្មីចេះស្ទាបស្ទង់ ចម្ងាយផ្លូវទឹក អាចស្ទុះទៅដល់មុន ខណៈដែលទូកចាស់រវល់តែបន្ទោសគ្នា។ បើទូកចាស់ និងទូកថ្មី អុំប្រកៀកប្រកិតគ្នា អាចធ្វើឱ្យទូកតូចចូលបំបែក បន្ទច់បង្អាក់ល្បឿនទូកទាំងពីរនោះបានយ៉ាងងាយ៕

ដោយ អាចារ្យថាំ

RELATED ARTICLES