Friday, November 29, 2024
Homeបរិយាយវិចារណញ្ញាណពូកែ ចលនាខ្លាំង

វិចារណញ្ញាណពូកែ ចលនាខ្លាំង

សុភាសិតបារាំង ១ឃ្លាថា “វិចារណញ្ញាណពូកែ បង្កើតបានជាចលនាខ្លាំង” (Les ruissantes raisons font les puissantes actions) មានខ្លឹមសារជ្រាលជ្រៅណាស់ សម្រាប់វាស់កម្រិតខ្លាំង ឬខ្សោយរបស់អ្នកដឹកនាំ។ បើអ្នកនយោបាយ ឬអ្នកដឹកនាំមានការពិចារណាតិច ឆាប់ឡើងតាមខ្យល់ពេក ធ្វើឱ្យចលនាដឹកនាំខ្សោយ តែបើចេះគិតគូរវែងឆ្ងាយ មិនងឿងតាមខ្យល់ ធ្វើឱ្យការដឹកនាំខ្លាំង ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “វិចារណញ្ញាណ” មានន័យថា “ប្រាជ្ញាជាគ្រឿងត្រិះរិះឱ្យឃើញច្បាស់ ឱ្យស្គាល់ខុសត្រូវ”។ មនុស្សណាក៏មានវិចារណញ្ញាណដែរ គ្រាន់តែច្រើន ឬតិចប៉ុណ្ណោះ ដោយមិននិយាយពីមនុស្សវិកលចរិត ឬឡប់សតិនោះឡើយ។ ជាទូទៅ ប្រជាពលរដ្ឋសាមញ្ញ មិនចាំបាច់ប្រើវិចារណញ្ញាណពេកទេ ប៉ុន្តែ សម្រាប់អ្នកនយោបាយជាន់ខ្ពស់ វិចារណញ្ញាណនេះសំខាន់ណាស់។ សព្វថ្ងៃ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានចាត់ទុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាឥស្សរជនមាន “វិចារណញ្ញាណលើសគេឯង” ចំណែកអ្នកគាំទ្របក្សសង្គ្រោះជាតិ ក៏បានចាត់ទុកលោកសម រង្ស៊ី និងលោកកឹម សុខា ថាជាឥស្សរជន “ចេះប្រើវិចារណញ្ញាណពូកែ” ដែរ។ ដូច្នេះបើអ្នកនយោបាយកំពូលៗនេះ មានវិចារណញ្ញាណពូកែអាច “បង្កើតចលនាខ្លាំង” ឬធ្វើឱ្យគណបក្សរបស់ខ្លួនខ្លាំងក្លា ជាក់ស្តែងសំឡេងឆ្នោតប្រកៀកប្រកិតគ្នា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នេះ ស្តែងឱ្យឃើញថា បើឥស្សរជនទាំង៣រូបនេះមិនពូកែវិចារណញ្ញាណ ក៏មិនអាចជាប់លេខ១ និងលេខ២បានដែរ។

ឥឡូវដំណាក់កាលដែលត្រូវប្រើវិចារណញ្ញាណពូកែ ចាប់ផ្តើមទៀតហើយ ខណៈដែលបក្សប្រឆាំង រៀបជើងព្រួលចាំទប់ទល់នឹងច្បាប់ស្តីពី “គណបក្សនយោបាយ” ដែលអាចឈានដល់ការរំលាយបក្សប្រឆាំង មិនឱ្យចូលសង្វៀនប្រជាធិបតេយ្យ នាឆ្នាំ២០១៨។ ក្នុងកាលៈទេសៈនេះ យើងអាចសន្និដ្ឋានបានថា លោកសម រង្ស៊ី និងលោកកឹម សុខា កំពុងប្រើ “វិចារណញ្ញាណ មិនធ្លាប់មានពីមុន ដើម្បីយកមកទប់ទល់ស្ថានការណ៍” តាមរយៈការណាត់ជួបគ្នានៅក្រុងហុងកុង មុនវិសោធនកម្ម ច្បាប់ថ្មី ចូលជាធរមាន។ រឿងទប់ទល់យ៉ាងណានោះ គ្មានអ្នកណាដឹងទេ ព្រោះជារឿងសម្ងាត់ គ្រាន់តែដឹងថា “បើវិចារណញ្ញាណមិនពូកែ” បក្សប្រឆាំង នឹងត្រូវដួលរលំក្រោមអានុភាពច្បាប់ថ្មីនោះ។

ដោយឡែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលត្រូវបានអ្នកគាំទ្រ ចាត់ទុកថា ជាឥស្សរជនឆ្នើមមាន “វិចារណញ្ញាណពូកែជាងគេ” នោះ ត្រូវទប់ទល់នឹងបក្សប្រឆាំងផង អន្តរជាតិផង ជាពិសេស ទប់ទល់នឹងការបញ្ចើចបញ្ចើលើកជើងរបស់មន្ត្រីក្រោមឱវាទដែលប៉ិនអែបអបផង។ ការទប់ទល់នឹងសម្ពាធអន្តរជាតិ ក៏ដូចបក្សប្រឆាំង មិនសូវពិបាកប៉ុន្មានទេ ព្រោះជា “សត្រូវចេញមុខ” ប៉ុន្តែ “មិត្តក្លែងក្លាយ” ដែលពូកែអែបអប ពិបាកទប់ទល់បំផុត ចាំបាច់ ត្រូវតែប្រើវិចារណញ្ញាណឱ្យដល់កម្រិត ទើបឈ្នះ។

ថ្មីៗនេះ អាជ្ញាធរខេត្តសៀមរាប បានស្នើទៅក្រសួងអប់រំ សុំដូរឈ្មោះ “វិទ្យាល័យអង្គរ” ទៅជា “វិទ្យាល័យតេជោ ហ៊ុន សែន អង្គរ”។ សំណើនេះមិនទាន់មានការឆ្លើយតបផង ស្រាប់តែប្អូនស្រីសម្តេចនាយករដ្ឋមន្ត្រី លោកស្រីហ៊ុន ស៊ីណាត ស្នើ “កុំដូរឈ្មោះអី” ដោយលោកស្រីស្តាប់ឮប្រជាពលរដ្ឋនៅខេត្តសៀមរាប ចង់ឱ្យរក្សាឈ្មោះ “វិទ្យាល័យអង្គរ” ឱ្យនៅដដែល ហើយថា “រាស្ត្រខ្លះកំពុងខឹងរាលដាលដល់សម្តេច”។ ទន្ទឹមនោះក៏មានគ្រូបង្រៀន និងសិស្សានុសិស្សមួយចំនួន បានសរសេរក្នុងហ្វេសប៊ុក ស្នើទៅសម្តេច ឱ្យរក្សាឈ្មោះ “វិទ្យាល័យអង្គរ” ឱ្យនៅដដែល។

ផ្តើមចេញពីប្រភពព័ត៌មាននេះ “នគរធំ” អាចសន្និដ្ឋានបានថា សម្តេចនាយករដ្ឋមន្ត្រី ដែលមាន “វិចារណញ្ញាណពូកែ” ច្បាស់ជាមិនឡើងតាមខ្យល់ ស្រេចតែអាជ្ញាធរថ្នាក់ក្រោមរុញនោះឡើយ។ កន្លងមក សម្តេចធ្លាប់ “កិនអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ” ថាជា “រដ្ឋមន្ត្រីទំនើង” ដោយសារលោករដ្ឋមន្ត្រី “ដូរឈ្មោះផ្លូវតាមទំនើងចិត្ត ធ្វើឱ្យវង្វេង”។ ជាក់ស្តែងផ្លូវជាតិលេខ១០ ពីបាត់ដំបងទៅប៉ៃលិន ត្រូវដូរទៅជាលេខផ្សេងទៅហើយ ធ្វើឱ្យចាស់ៗជំនាន់មុនវង្វេង រកក្រុងប៉ៃលិន មិនឃើញ។

នៅក្នុងលិខិតអាជ្ញាធរខេត្តសៀមរាប គោរពជូនលោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសរសេរជាអាទិ៍ថា “ក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់អគារសិក្សាចំនួន៣ខ្នង កម្ពស់៤ជាន់ ស្មើនឹង១២០បន្ទប់ និងអគារអន្តេវាសិកដ្ឋាន  សិស្សស្រី ចំនួន១អគារ ៣ជាន់ ស្មើនឹង៣០បន្ទប់។ ដូចនេះ ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់គណៈគ្រប់គ្រង បុគ្គលិក សិក្សា និងសិស្សានុសិស្សទាំងអស់នៃវិទ្យាល័យអង្គរ ក្នុងការសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ រដ្ឋបាលខេត្តសៀមរាប សូមគោរពស្នើសុំអនុញ្ញាតប្តូរឈ្មោះពីវិទ្យាល័យអង្គរ ទៅជាវិទ្យាល័យតេជោហ៊ុន សែន អង្គរ”

លិខិតស្នើសុំនេះ បង្ហាញថា មកពីសម្តេចនាយករដ្ឋមន្ត្រី ចាត់ឱ្យកសាងអគារសិក្សាបន្ថែម ទើបគណៈគ្រប់គ្រងវិទ្យាល័យ ស្នើសុំដូរឈ្មោះ ប៉ុន្តែ បើអ៊ីចឹង “វិទ្យាល័យសម្តេចឪ” នៅក្រុងព្រះសីហនុ ដែលសម្តេចនាយករដ្ឋមន្ត្រី បានចាត់ចែងសង់អគារបន្ថែមដែរនោះ ហេតុអ្វីអាជ្ញាធរក្រុងព្រះសីហនុ មិនស្នើសុំដូរឈ្មោះដែរទៅ? ចំណុចនេះហើយបានជាប្អូនស្រីសម្តេច ស្នើកុំឱ្យដូរ ទំនងជាលោកស្រីបានចុះទៅស្តាប់មតិយោបល់រាស្ត្រ និងដឹងថា អាជ្ញាធរខេត្តសៀមរាប ដឹងគុណសម្តេចខ្លាំងជាងអាជ្ញាធរខេត្តឯទៀត។ កន្លងមក លោកស្រីហ៊ុន ស៊ីណាត ក៏ធ្លាប់រិះគន់អាជ្ញាធររាជធានីភ្នំពេញ ពាក់ព័ន្ធច្បាប់ចរាចរណ៍ផងដែរ ក្នុងន័យផ្តល់យោបល់ដល់បងប្រុស។

ទោះយ៉ាងណា ការស្នើសុំដូរឈ្មោះវិទ្យាល័យអង្គរ ប្រហែលជាមិនបានសម្រេចទេ ព្រោះសម្តេចមាន “វិចារណញ្ញាណពូកែ បង្កើតបានជាចលនាខ្លាំង” គឺខ្លាំងជាង៣០ឆ្នាំហើយ មិនធម្មតាទេ។ បើកាលណាវិចារណញ្ញាណពូកែ គឺមិនងាយសហការីណាអាចរុញបានតាមចិត្តនោះឡើយ ព្រោះសម្តេចធ្លាប់ស្តីបន្ទោស “រដ្ឋមន្ត្រីទំនើង កែលេខផ្លូវស្រេចតែចិត្ត” បើអ៊ីចឹង “វិទ្យាល័យអង្គរ” ដែលជានិមិត្តរូបមាតុភូមិកម្ពុជា សម្តេចមិនអាចធ្វើតាមបំណងអាជ្ញាធរថ្នាក់ក្រោមបានឡើយ ព្រោះតែវិចារណញ្ញាណពូកែនេះឯង។

លោកសេកស្ពៀរ (Shakespeare) កវីនិពន្ធរឿងល្ខោនដ៏ល្បីល្បាញរបស់អង់គ្លេស បានសរសេរថា “អ្នកចូលចិត្តស្តាប់បញ្ជោរ គឺធ្វើនុយឱ្យជនបញ្ជោរ”។ ដូច្នេះថ្នាក់ដឹកនាំប្រទេសនីមួយៗ ពិតជាមិនងាយឱ្យថ្នាក់ក្រោមបញ្ជោរបានឡើយ។ កន្លងមក ក្រសួងព័ត៌មាន ក៏ធ្លាប់ព្រមាននិងដាក់ឱសានវាទដល់អង្គការ និងបណ្តាញព័ត៌មានមួយចំនួនដែលមិនប្រើគោរមងារ “សម្តេច” ដោយព្រមានបញ្ឈប់ការផ្សាយ ឬដកហូតអាជ្ញាប័ណ្ណ ប៉ុន្តែ សម្តេចនាយករដ្ឋមន្ត្រី បានអនុញ្ញាតឱ្យវិទ្យុ កាសែត ហៅសម្តេចថា “លោក” ដោយគ្មានកំហុសអ្វីទេ។ ចំណុចនេះ គឺមកពី “ប្រាជ្ញាជាគ្រឿងត្រិះរិះឱ្យឃើញច្បាស់ ឱ្យស្គាល់ខុសត្រូវ” មិនចេះតែធ្វើអ្វីៗតាមថ្នាក់ក្រោមលើកជើងនោះឡើយ។ ដូច្នេះសំណើសុំដូរឈ្មោះវិទ្យាល័យអង្គរ ប្រហែលជាមិនបានសម្រេចទេ ព្រោះជារបស់ចាស់ ប៉ុន្តែ បើជាសមិទ្ធផលថ្មី កើតឡើងនៅសម័យនេះ ដូចជា “ស្ពានមរតកតេជោ” ឆ្លងសមុទ្រ ទៅកោះពស់ នៅក្រុងព្រះសីហនុ គ្មានមតិជំទាស់ទេ ព្រោះជារបស់ថ្មី។

សរុបទៅ “វិចារណញ្ញាណពូកែ ចលនាខ្លាំង” មានន័យយ៉ាងនេះឯង។ ពេលនេះមេបក្សប្រឆាំង កំពុងប្រើវិចារណញ្ញាណ ដើម្បីទប់ទល់នឹងសម្ពាធវិសោធនកម្មច្បាប់ថ្មី ដែលអាចឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិ។ ចំណែកសម្តេចហ៊ុន សែន ត្រូវប្រើវិចារណញ្ញាណខ្លាំងជាងគេ ព្រោះត្រូវទប់ទល់នឹងសម្ពាធអន្តរជាតិ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សផង ទប់បក្សប្រឆាំង ដែលមានសំឡេងឆ្នោតប្រកៀកប្រកិតផង ទប់នឹងការបញ្ចើចបញ្ចើរបស់មន្ត្រីប៉ិនអែបអបផង ព្រោះកន្លែងណាអែបអបខ្លាំងដូចខេត្តសៀមរាប ជាដើម បែរជា CPP ចាញ់ឆ្នោតបក្សប្រឆាំង ដែលលទ្ធផលនេះ ធ្វើឱ្យថ្នាក់ដឹកនាំ CPP មានការប្រុងប្រយ័ត្ន ក្នុងការប្រើវិចារណញ្ញាណនេះឯង៕

ដោយ អាចារ្យថាំ

RELATED ARTICLES