ភ្នំពេញ ៖ សិក្ខាសាលាមួយបានធ្វើទ្បើងរវាងក្រុមហ៊ុន Campura និងក្រុមហ៊ុន Huawei នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ក្នុងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា (Sofitel Phnom Penh Phokeethra Hotel) ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនអាជីវកម្ម សហគ្រាស និងស្ថាប័នទាំងខ្នាតតូច និងខ្នាតធំ ស្តីអំពី “Huawei Solution Day”។ ក្នុងសិក្ខាសាលានេះអតិថិជនបានចូលរួមមិនត្រឹមតែនឹងអាចស្គាល់ពីផលិតផល Huawei Information and Communications Technology (ICT) រួមជាមួយ Network, Server, Storage, Video Conference and Modular Datacenter ប៉ុណ្ណោះទេ ហើយអតិថិជនថែមទាំងទទួលបានព័ត៌មានថ្មីៗទាក់ទង់ទៅនឹងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រ និងវិស័យបដិសណ្ឋារកិច្ច (សណ្ឋាគារ) ផងដែរ។ ដោយសារតែក្រុមហ៊ុន Campura ជាក្រុមហ៊ុនមួយឈានមុខគេលើ System Integrator ដែលជាដៃគូពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei ដូច្នេះ Huawei ក៏បានបង្កើតសិក្ខាសិលានេះដើម្បីចង់បង្ហាញពីផលិតផល Huawei ថ្មីៗបន្ថែមទៀតនៅលើបណ្តាញទីផ្សារកម្ពុជា។ Huawei បានចាត់ទុកទីផ្សារកម្ពុជាដែល Huawei ត្រូវបានផ្តោតលើយ៉ាងសំខាន់។
លោក Xiong Jian ដែលជានាយកជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានថ្លែងថា ”ជាមួយនឹងការរីកចម្រើនឆាប់រហ័សនៃសេដ្ឋកិច្ច និងវិស័យបចេ្ចកវិទ្យា ក្រុមហ៊ុន Huawei បានចូលរួមយ៉ាងសកម្មដើម្បីភាពរីកចំរើននៅកម្ពុជា។ ក្នុងឱកាសនេះ Huawei បានសហការជាមួយ Campura សម្រាប់សិក្ខាសាលា “Huawei Solution Day” ទៅកាន់អតិថិជនដ៏ល្អនៅក្នុងប្រទេសកម្ពុជា”។
លោកបានឲ្យដឹងទៀតថា ក្រុមហ៊ុន Huawei បានចូលទីផ្សារកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩ ជាមួយនឹងការគាំទ្រ និងការទុកចិត្តពីសំណាក់អតិថិជនកម្ពុជា រហូតមកទល់ពេលនេះ យើងទទួលបានជោគជ័យយ៉ាងខ្លាំង ហើយក្រុមហ៊ុន Huawei នឹងបន្តការលើកកម្ពស់ការវិនិយោគ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ហើយនិងវិស័យទាក់ទងគ្នាជាមួយប្រជាជនកម្ពុជា។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Huawei បានទទួលជោគជ័យលើឧបករណ៍ប្រើប្រាស់បណ្តាញទូរគមនាគមន៍ និងសម្ភារប្រើប្រាស់សម្រាប់អតិថិជន ដូចជាទូរស័ព្ទដៃ ជាដើម និងសម្ភារៈផ្សេងទៀត ហើយ Enterprise Business គឺជាមុខព្រួញដែល Huawei ផ្តោតលើ និងយកចិត្តទុកដាក់នៅក្នុងប្រទេសកម្ពុជា។ ជាពិសេស យើងបានរៀបចំសិក្ខាសាលានេះរួមជាមួយដៃគូដ៏មានតម្លៃរបស់យើងគឺ Campura ក្នុងបំណងចង់ផ្តល់នូវផលិតផលដ៏ល្អៗ និងផ្តល់នូវដំណោះស្រាយនៃការប្រើប្រាស់ផលិតផល ICT ព្រមទាំងការចែករំលែករឿងរ៉ាវធ្លាប់បានជោគជ័យជាច្រើននៅទូទាំងពិភពលោក។ យើងក៏មានបំណងចង់ក្លាយជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធដែលគួរឱ្យទុកចិត្តបំផុតដល់អតិថិជនកម្ពុជាផងដែរ។
លោក សៅ វលក្ខណ៏ ដែលជាអគ្គនាយក (CEO) នៃក្រុមហ៊ុន Campura បានសម្តែងនូវភាពរីករាយសម្រាប់ឱកាសដ៏គួរឱ្យរំភើបនៅក្នុងសិក្ខាសាលាថា ”យើងមានសេចក្តីសោមន្សរីករាយដោយបានចូលរួមជាមួយក្រុមហ៊ុន Huawei ដើម្បីនាំយកបច្ចេកវិទ្យាថ្មីៗ ពោរពេញដោយភាពច្នៃប្រឌិតដល់ប្រទេសកម្ពុជា។ ជាមួយនឹងបទពិសោធន៏កន្លងមកនៃ System Integrator ហើយយើងសង្ឈឹមយ៉ាងមុតមាំ ដើម្បីឲ្យមានការកើនឡើងទីផ្សារនៅក្នុងប្រទេសកម្ពុជា និងផ្តល់ជូនឲ្យអតិថិជនទាំងទ្បាយមានឱកាសសាកល្បងបច្ចេកវិទ្យាឈានមុនគេរបស់ Huawei។ លើសពីនេះទៀត ភាពជាដៃគូនេះជាយុទ្ធសាស្ត្រមួយយ៉ាងសំខាន់ ដោយបូករួមជាមួយនិងភាពខ្លាំងរបស់ស្ថាប័នទាំងពីរ ដែលជំរុញឲ្យមានការរីកចម្រើននៅក្នុងប្រទេសយើង៕