ពុទ្ធភាសិត ១ឃ្លាថា “បើមើលឃើញចំណេញ កុំភ្លេចរឿងខាត” ជាព្រះពុទ្ធដីកា ប្រៀនប្រដៅសាវ័ក ជាពិសេស ពុទ្ធបរិស័ទ ឱ្យមានការប្រុងប្រយ័ត្នរឿង “ចំណេញ និងខាត”។ រឿងនយោបាយក៏ដូចគ្នាដែរ ករណីប្តឹងផ្តល់រំលាយគណបក្ស សង្គ្រោះជាតិ លុះត្រាតែអ្នកប្តឹង “មើលឃើញចំណេញ កុំភ្លេចរឿងខាត” ទើបទទួលបានលទ្ធផលល្អសម្រាប់អនាគត ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ព្រះសម្មាសម្ពុទ្ធ បរមគ្រូ បន្ទាប់ពីត្រាស់ដឹងលោកុត្តរធម៌ ព្រះអង្គបានបំពេញពុទ្ធកិច្ច៥យ៉ាង
ឥតល្អៀង ជាពិសេស ប្រមើលឧបនិស្ស័យសត្វដែលគួរយាងទៅប្រោស។ ព្រះអង្គ “ទតឃើញចំណេញ មិនភ្លេចរឿងខាត” នោះទេ ដែលចំណេញនោះ នៅត្រង់ជួយស្រោចស្រង់សត្វលោកដែលកំពុងហែលឆ្លងសមុទ្រវាលវដ្តសង្សារ ឱ្យបានរួចទុក្ខសោក រោគភ័យ គ្រប់ជំពូក។ ឯរឿងខាតនោះ គឺព្រះអង្គត្រូវប្រឈមនឹងការផ្តន្ទាឈ្នានីស ពីសំណាក់អ្នកមិនជឿសាសនា ដូចជាព្រះបាទសុប្បពុទ្ធ (បិទផ្លូវព្រះពុទ្ធមិនឱ្យបិណ្ឌបាត) ទេវទត្ត (ព្យាយាមធ្វើគុតព្រះអង្គ) នាងចិញ្ចា (ព្យាយាមបង្ខូចព្រះកិត្តិយសព្រះអង្គ ពាក់ព័ន្ធដល់មាតុគ្រាម) ជាដើម។ ក្រៅពីការព្យាបាលទាំងនេះ ព្រះពុទ្ធត្រូវចំណាយពេលវេលាខាតបង់រយៈពេល២ខែ ក្នុង ការទូន្មានជដិល ៣នាក់បងប្អូន គឺឧរុវេលកស្សប នទីកស្សប និងគយាកស្សប ខណៈដែលអ្នកបួសក្រៅសាសនានេះ ប្រកាន់ ទិដ្ឋិរឹងរូស។ គ្រាន់តែឧរុវេលកស្សប ជាបងគេនោះ ព្រះបរមគ្រូចំណាយខាតក្នុងការធ្វើបាដិហារ្យ ដល់ទៅ១៥០០បែប ក្នុង ការទូន្មានជដិលរូបនេះ ឱ្យចុះចាញ់ និងសុំបួសក្នុងសំណាក់ព្រះអង្គ។
យ៉ាងណាមិញ ករណី “បើមើលឃើញចំណេញ កុំភ្លេចរឿងខាត” ក៏អាចយកមកអនុវត្តសម្រាប់ឆាកនយោបាយបានដែរ ពោលគឺបក្សកាន់អំណាច អាចមើលឃើញផលចំណេញរួចទៅហើយ បានជាចាត់ការរឿងលោកសម រង្ស៊ី និងកឹម សុខា ឱ្យខ្ទប់ជញ្ជាំង ឬដួលកប់ភក់ដូចពេលនេះ និងត្រៀមបំពេញការខ្វះខាតរួចទៅហើយ ដូចជាដឹងថា កម្មករ កម្មការិនី កំពុង ខ្វះអ្វី ក៏ព្យាយាមជួយបំពេញតាមសំណូមពរ។
ឥឡូវករណីប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ ដែលបានដាក់ពាក្យបណ្តឹងទៅក្រសួងមហាផ្ទៃ ឱ្យចាត់ការតាមនីតិវិធី ប្តឹងបន្តទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិនោះ អ្នកតាមដានមើលឃើញថា “លោក បានចំណេញច្រើន តែបង់ខាតក៏ច្រើនណាស់ដែរ”។ រីឯសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានគម្រោងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ដែរនោះ “ចំណេញនិងខាត ដើរទន្ទឹមគ្នាតែម្តង”។
-កត្តានាំផលចំណេញ ៖ ដោយហេតុថា ការបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៥ និងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ កន្លងមក គណបក្សហ៊្វុនស៊ិនប៉ិច ក៏ដូចគណបក្សយុវជនកម្ពុជា ទទួលបានសូន្យអាសនៈ តំណាងរាស្ត្រ និងបានកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់តិចតួចនោះ កាលបើគណបក្សសង្គ្រោះជាតិរលាយទៅ អ្នកគាំទ្របក្ស នេះ អាចនឹងពិចារណាឡើងវិញ ឬងាកទៅបោះឆ្នោតឱ្យហ៊្វុនស៊ិនប៉ិច ឬថា ហ៊្វុនស៊ិនប៉ិច អាចប្រមូលមនុស្សបានមកវិញ ព្រោះ កាលពីអាណត្តិទី១ ហ៊្វុនស៊ិនប៉ិច ធ្លាប់ឈ្នះ។
-កត្តានាំឱ្យខាត ៖ កុំភ្លេចថា តួលេខអ្នកបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ មានដល់ទៅជាង៣លានសំឡេងឯណោះ ក្នុងពេលបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤។ អ្នកគាំទ្របក្សប្រឆាំង រាប់លាននាក់នោះ ពិបាកអូសទាញណាស់ បើមិនបានផលប្រយោជន៍ ឬលាភសក្ការៈអ្វីដល់ពួកគាត់។ ជួនកាល ពួកគាត់ងាកទៅគាំទ្របក្សកាន់អំណាច ប្រសើរជាងគាំទ្រ ហ៊្វុនស៊ិនប៉ិច ឬបក្សលោកពេជ្រ ស្រស់។ ម៉្យាងទៀត អ្នកនយោបាយ ឬប្រធានគណបក្សណាក៏ចង់ធ្វើនាយករដ្ឋមន្ត្រីដែរ តែអ្នកនយោបាយ ល្មមៗ ធ្វើយ៉ាងណាក៏មិនឈ្នះសម្តេចហ៊ុន សែន ដែរ អ៊ីចឹងបានត្រឹមរត់ត្រឹកៗតាមពីក្រោយគេប៉ុណ្ណោះ។
កត្តាចំណេញនិងខាតខាងលើនេះ កំពុងរង់ចាំសម្តេចក្រុមព្រះ និងលោកពេជ្រ ស្រស់ ដែលរៀបគម្រោងប្តឹងរំលាយ គណបក្សសង្គ្រោះជាតិ នោះហើយ។ មិនទាន់អីផង យើងឃើញមុននឹងរត់គេចខ្លួនឡើងយន្តហោះទៅបរទេស លោកស្រីមួរ សុខហួរ អនុប្រធានបក្សប្រឆាំង បានពន្លះសម្តេចក្រុមព្រះ កប់ៗមាត់ ឃើញថា ព្រះអង្គត្រូវខាតបង់ព្រះកិត្តិយសខ្លះៗទៅ ហើយ ខណៈដែលស្ត្រីម្នាក់ជាអតីតសមាជិកហ៊្វុនស៊ិនប៉ិច រិះគន់ប៉ះពាល់ដល់ព្រះរាជវង្សានុវង្សបែបនេះ។
ដូច្នេះយើងឃើញថា ការងារអ្វីក៏ដោយ “បើមើលឃើញចំណេញ កុំភ្លេចរឿងខាត” ដែលករណីនេះ គួរយកគំរូតាម ឈ្មួញដឹកទំនិញរត់ពន្ធ គេមើលឃើញចំណេញធំណាស់ តែក៏មិនភ្លេចរឿងខាតនោះដែរ ដោយហ៊ានចំណាយលុយហុចឱ្យ កុងត្រូលជជុះតាមដងផ្លូវជាហូរហែ។ យ៉ាងណាមិញ បើប្តឹងរំលាយបក្សសង្គ្រោះជាតិ ត្រូវអ្នកប្តឹងនោះ ហ៊ានចំណាយទាំង ស្មារតីនិងសម្ភារៈដល់អ្នកគាំទ្របក្សសង្គ្រោះជាតិ ទើបទទួលបានលទ្ធផលជាវិជ្ជមាន។ រឿងចំណេញ និងខាតនេះ ដើរទន្ទឹម គ្នារហូត ប៉ុន្តែ ឈ្នះចាញ់នៅលើតុលាការកំពូលឯណោះទេ គឺបើអាចរំលាយ ជណភ្រ បាន ក៏បានចំណេញដល់អ្នកប្តឹងច្រើន ជាងខាត តែបើរំលាយមិនបាន អ្នកប្តឹងនឹងខាតច្រើនជាងចំណេញ។
សព្វថ្ងៃយើងឃ្លាំមើលថា អ្នកច្បាប់កំពុងរៀបជើងព្រួលតទល់គ្នា ឬប្រើច្បាប់ទល់នឹងច្បាប់ បន្ទាប់ពីមានការចាប់ខ្លួន លោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគារពីបទក្បត់ជាតិ។ មេធាវីប៉ុន្មានរូបដែលការពារជនជាប់ចោទ បានលើកពីច្បាប់ថា “លោកកឹម សុខា មិនទាន់ត្រូវបានកាត់ទោស មិនអាចរំលាយបក្សសង្គ្រោះជាតិបានទេ”។ រីឯអ្នកច្បាប់ ខាងបក្សកាន់អំណាច លើកឡើងពីមាត្រាខ្លះនៃរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ ពាក់ព័ន្ធដល់ “សន្ទិដ្ឋិភាព ជាមួយបរទេស” ឬ “ក្បត់ជាតិ” ពោលគឺ បើប្រធានគណបក្សក្បត់ជាតិ គណបក្សក៏ត្រូវពាក់ព័ន្ធក្បត់ជាតិជាប្រព័ន្ធដែរ។
ទោះយ៉ាងណា រឿងច្បាប់ទុកឱ្យអ្នកច្បាប់តទល់គ្នាទៅចុះ យើងដឹងតែពីបកស្រាយពុទ្ធភាសិត “បើមើលឃើញចំណេញ កុំភ្លេចរឿងខាត” ប៉ុណ្ណោះ។ ដូចលើកឡើងខាងលើរួចមកហើយថា ព្រះសម្មាសម្ពុទ្ធ បរមគ្រូ បានចំណេញធំពីការប្រោស សត្វលោក ចម្លងវាលវដ្តសង្សារឱ្យផុតអន្លង់ទុក្ខ ទៅដាក់ដល់ត្រើយព្រះនិព្វាន និងបង្កើតព្រះពុទ្ធសាសនា ឱ្យតាំងនៅបាន ៥០០០ព្រះវស្សា។ ទន្ទឹមនោះ ព្រះអង្គត្រូវខាតបង់ព្រះកិត្តិយស ដោយសារនាងចិញ្ចា ទៅចង្អុលព្រះភក្ត្រ័ក្នុងពេលព្រះអង្គ កំពុងសម្តែងធម៌ទេសនា ទម្រាំតែព្រះឥន្ទ្រ ជួយផ្តល់យុត្តិធម៌ថ្វាយព្រះអង្គបាន ឃើញថា ពុទ្ធបរិស័ទធ្លោយជឿតាមនាងចិញ្ចា ខ្លះៗទៅហើយ។ យ៉ាងណាមិញ សម្តេចក្រុមព្រះ អាចនឹងបានចំណេញពីការប្តឹងផ្តល់រំលាយបក្សប្រឆាំង តែព្រះអង្គ ត្រូវប្រឈម នឹងការរិះគន់ពីអតីតកូនចៅដែលមាននិន្នាការ “ប្រឆាំងខ្លាំង”។ ចំណែកលោកពេជ្រ ស្រស់ ក៏បានចំណេញដែរ ពីការប្តឹងផ្តល់នោះ តែលោកអាចប្រឈមនឹងការចោទប្រកាន់ពីអ្នកគាំទ្របក្សប្រឆាំងថា ធ្វើការបម្រើអ្នកនេះ អ្នកនោះ ដូចឃើញកន្លងមក។
សរុបទៅ “បើមើលឃើញចំណេញ កុំភ្លេចរឿងខាត” មានខ្លឹមសារវែងឆ្ងាយណាស់ ទោះជារៀបរាប់យ៉ាងណាក៏មិន អស់សេចក្តីដែរ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បើធ្វើអ្វីបានចំណេញច្រើន សម្តេចមិនដែលភ្លេចរឿងខាតនោះទេ ពោលគឺ សុខចិត្តនឿយហត់បែកញើសជោកខ្លួនចុះជួបកម្មករ-កម្មការិនី ឬអាជីវករ ប្រជាពលរដ្ឋ ជួយបំពេញការខ្វះខាតតាម សំណូមពរ។ ដូច្នេះ អ្នកនយោបាយឯទៀត បើចង់ចំណេញសន្លឹកឆ្នោត គួរសិក្សាពីចំណុចខ្វះខាតឱ្យដល់កម្រិត ទើបទទួល បានលទ្ធផលល្អ សម្រាប់អនាគត៕
ដោយ អាចារ្យថាំ