សុភាសិតសកល ១ឃ្លាថា “សំចៃរំពាត់ ធ្វើឱ្យក្មេងខូច” (Spare the rod and spoil the child) មានខ្លឹមសារអប់រំ ឪពុកម្តាយ គ្រូអាចារ្យ ឬអ្នកដឹកនាំប្រទេស លុះត្រាតែយក “វិន័យដែកថែប” មកអនុវត្ត ទើបមានប្រសិទ្ធភាព។ ខណៈដែល ប្រមុខរាជរដ្ឋាភិបាល បានបញ្ចោញកណ្តាប់ដៃដែក ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ និងបង្ក្រាបល្បែងស៊ីសងបញ្ជល់មាន់ ដោយ មិនយោគយល់សាច់ញាតិនោះ គឺដើរស្របតាមសុភាសិតខាងលើ ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ។
កាលពីជំនាន់ដើម ដែលសាលារៀនជ្រកកោនតាមវត្តអារាម ដោយមានគ្រូជាព្រះសង្ឃ និងមានកូនសិស្សកាន់ក្តារឆ្នួន ដើមគ ប្រវែង២ហត្ថ សម្រាប់សរសេរអក្សរ បើ “គ្រូស្លូត សិស្សល្ងង់” តែបើ “គ្រូកាច សិស្សឆ្លាត”។ សម្រាប់គ្រូស្លូត មិន សូវហ៊ានវាយកូនសិស្សនោះទេ បើមានវាយខ្លះ ត្រឹមគោះនឹងរំពាត់តិចៗ ខ្លាចសិស្សឈឺ ប៉ុន្តែ បើគ្រូកាច វាត់ខ្វាប់ៗ ឡើង កន្ទួលពេញខ្នងមិនខាន បើសិស្សនោះមិនចាំមេរៀនអ្វីមួយ។
ចំពោះវិន័យយោធា ក៏យ៉ាងនោះដែរ បើមេទ័ពខ្លាំងដូច “តេជោយ៉ត” ធ្វើសង្គ្រាមមិនចេះចាញ់បច្ចាមិត្រទេ តែបើមេទ័ព ខ្សោយដូចឧត្តមសេនីយ៍ខ្លះក្នុងរបបលន់ នល់ ចាំតែចាញ់គេទៅ។ ដូច្នេះ “សំចៃរំពាត់ ធ្វើឱ្យក្មេងខូច” គឺសំដៅដល់គ្រូបាធ្យាយ កាច មេទ័ពកាច ស្របតាមច្បាប់ “បណ្តាំព្រះរាជសម្ភារ” ថា “ទាហានថ្កើងដ្បិតសឹក ធ្វើស្រែដ្បិតទឹក ត្រឹកពលដ្បិតបាយ សិស្ស ប្រាជ្ញដ្បិតគ្រូ ជេរពោលដំវាយ ពលជាដ្បិតនាយ ហ្វឹកហ្វឺនខះខំ”។
ក្រឡេកមើលហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជា យើងឃើញថា មូលហេតុដែលនាំឱ្យប្រជាពលរដ្ឋថយជំនឿលើបក្ស កាន់អំណាច ងាកទៅបោះឆ្នោតឱ្យអតីតបក្សសង្គ្រោះជាតិ គឺមកពីអំពើពុករលួយ បក្ខពួក គ្រួសារនិយម ជាពិសេស សាច់ញាតិ ខ្សែអ្នកធំបំពានច្បាប់ បើកល្បែងស៊ីសងដោយគ្មានអាជ្ញាធរមូលដ្ឋានណាហ៊ានក្អក។ ដោយសារបក្សកាន់អំណាច នៅ មានគូប្រជែងខ្លាំងក្នុងការដណ្តើមអំណាច ទើបរដ្ឋាភិបាល មិនសូវហ៊ានធ្វើខ្លាំងជាមួយកូនចៅដែលបំពានច្បាប់នោះទេ ចេះតែ បណ្តែតៗ រហូតដល់ថ្នាក់ក្រោមស្គាល់ចិត្តថា ជា “គ្រូស្លូត” ក៏នាំគ្នាបង្កើតកុងត្រូលជជុះ ឬកាងល្បែងស៊ីសងក្រៅច្បាប់ បណ្តាល ឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ចិត្ត ងាកទៅបោះឆ្នោតឱ្យបក្សប្រឆាំង ដែលលទ្ធផលចុងក្រោយ បង្ហាញថា កៅអីមេឃុំ-ចៅសង្កាត់ ចំនួន៤៨៩ ត្រូវធ្លាក់ទៅដល់អតីតបក្សសង្គ្រោះជាតិ ធ្វើឱ្យបក្សកាន់អំណាច អាក់អន់ស្រពន់ចិត្តមិនតិចទេ ទោះជាឈ្នះ ក៏ ឈ្នះទាំងមួម៉ៅ។
ឥឡូវស្ថានការណ៍ប្រែប្រួលហើយ គឺបន្ទាប់ពីតុលាការកំពូលចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ រួចមក បក្សកាន់អំណាច អស់ “គូប្រជែងស្មើទម្ងន់គ្នា” មិនបារម្ភពីរឿងចាញ់ឆ្នោតអ្វីទេ គ្រាន់តែរកល្បិចយ៉ាងណាទប់ទល់នឹងសម្ពាធពី អន្តរជាតិ ជាការស្រេច។ ទោះជាអស់បក្សប្រឆាំង ក៏ “និន្នាការប្រឆាំង មិនទាន់អស់” ជាក់ស្តែង អាជ្ញាធររាជធានីភ្នំពេញ បានបំផុសឱ្យប្រជាពលរដ្ឋគ្រប់ខណ្ឌ-សង្កាត់ លើកទង់ជាតិឱ្យបានគ្រប់ផ្ទះ “ក្នុងទិវា ៧មករា ជាប្រវត្តិសាស្ត្រ” ប៉ុន្តែ ផ្ទះខ្លះ លើកទង់ជាតិ ផ្ទះខ្លះមិនលើក ដែលបង្ហាញថា មកពីពួកគាត់មិនលើកនោះ “មាននិន្នាការប្រឆាំង” ស្របពេលដែលពួកប្រឆាំង នៅក្រៅប្រទេស បំផុសបាតុកម្មប្រឆាំងថ្ងៃ៧មករា។
ដូច្នេះដើម្បីអូសទាញនិន្នាការប្រឆាំងនេះ លុះត្រាតែរាជរដ្ឋាភិបាល “កុំសំចៃរំពាត់ ទើបក្មេងមិនខូច”។ “រំពាត់” សំដៅ ដល់បទបញ្ជាម៉ឺងម៉ាត់ហ្មត់ចត់ បើដាក់ចេញទៅចាំបាច់ត្រូវតែ “តាមឃ្លាំមើល តើថ្នាក់ក្រោមគោរពអនុវត្តបទបញ្ជាហ្នឹង ឬ អត់?”។ កន្លងមក សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បញ្ជាឱ្យលុបបំបាត់កុងត្រូលជជុះ ទប់ស្កាត់ការបំផ្លាញព្រៃឈើ បង្ក្រាបល្បែងស៊ីសងឱ្យអស់ ប៉ុន្តែ នៅពេលសម្តេចស្រែក សកម្មភាពខុសច្បាប់ទាំងនោះក៏ស្ងប់មួយរយៈ លុះមិនបានប៉ុន្មាន ក៏ងើបដដែលវិញ។ ទោះជាបានដឹងថា ថ្នាក់ក្រោមងើបប្រព្រឹត្តអំពើពុករលួយ ក៏ថ្នាក់លើពិបាកដាក់ទណ្ឌកម្មណាស់ ព្រោះ “កាត់ទឹកមិនដាច់ កាត់សាច់មិនបាន” ប៉ុន្តែ ពេលនេះបើ “យល់ញាតិឃ្លាតច្បាប់” ហើយ។
ប៉ុន្មានថ្ងៃនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីបន្ទោសមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច អំពីកម្សោយនៃការ អនុវត្តច្បាប់ (ពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក) និងព្រមានដកបុណ្យស័ក្តិអភិបាលខណ្ឌម្នាក់មក ក៏ស្រាប់តែអាជ្ញាធរមាន សមត្ថកិច្ចរាជធានី លោតកញ្ចាញ់ចេកគ្រប់គ្នា ដោយចាត់វិធានការពង្រឹងច្បាប់ចរាចរណ៍យ៉ាងចាស់ដៃ ចាប់ម៉ូតូដាក់ឡាន យក ទៅពិន័យ និងអប់រំម្ចាស់ (អ្នកបើកបរ) ឱ្យគោរពច្បាប់។ ចំណែកសម្តេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានចេញបញ្ជាឱ្យលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យគ្រប់ទីកន្លែងតាមដងផ្លូវ ព្រោះកន្លងមក ប៉ុស្តិ៍ត្រួតពិនិត្យទាំងនោះ “ត្រួតតែលុយ” ប៉ុណ្ណោះ មិនសូវឃើញ “ត្រួតអាវុធជាតិផ្ទុះ” នោះទេ ទើបសូម្បីសិស្សសាលាជាកូនមន្ត្រីធំៗ ក៏មានកាំភ្លើងខ្លីកាន់ដែរ។ ការ ផ្លាស់ប្តូរចៅហ្វាយខេត្ត ឬប្រធានស្ថាប័ននានា ក៏ដើម្បីពង្រឹងប្រសិទ្ធភាពការងារនេះឯង ដែលអ្នកឃ្លាំមើលស្ថានការណ៍យល់ថា ដល់ពេលដែលរដ្ឋាភិបាល “កែទម្រង់ឱ្យដល់កម្រិត” ដើម្បី “ពង្រឹងនីតិរដ្ឋ” ព្រោះនីតិរដ្ឋ មិនធ្វើត្រឹមតែរំលាយគណបក្សប្រឆាំង ដែលរងការចោទប្រកាន់ថា “បង្កើតបដិវត្តន៍ពណ៌ ប៉ុនប៉ងផ្តួលរាជរដ្ឋាភិបាលស្របច្បាប់” នោះទេ ពោលគឺការកែទម្រង់ លុះត្រាតែ “កុំសំចៃរំពាត់ ទើបក្មេងមិនខូច”។ យ៉ាងណាមិញ រាជរដ្ឋាភិបាល ប្រៀបបាននឹង “គ្រូសូត្រ” ឯមន្ត្រីក្រោមឱវាទ ជាពិសេស “សាច់ញាតិឯង” ប្រៀបបាននឹង “កូនសិស្សសាលាវត្ត”។ បើគ្រូសូត្រស្លូតពេក សិស្សកំហូចទាំងនេះ ចេះតែឈ្មុល តាមរបងវត្ត ទៅលួចបេះផ្លែឈើអ្នកស្រុកនៅក្បែរវត្ត ដូចរឿង “តាភោគ និងក្មេងវត្ត” ប៉ុន្តែបើ “គ្រូសូត្រកាច” ឧស្សាហ៍ វ៉ៃប្រដៅកុំសំចៃរំពាត់ ច្បាស់ជាកូនសិស្សខ្លាច រាបត្រង់កន្ទុយមិនខាន។
តាញៀនកាហ្វេម្នាក់ គាំទ្របក្សកាន់អំណាច និយាយថា “កន្លងមក សម្តេចមិនទាន់ធ្វើខ្លាំងទេ ព្រោះមានគូប្រជែងនយោបាយខ្លាំងដូចគ្នា បើសម្តេចកែទម្រង់ខ្លាំងពេក ក្រែងជនពុករលួយអន់ចិត្តលួចបោះឆ្នោតឱ្យបក្សប្រឆាំង។ ឥឡូវ CNRP រលាយហើយ នៅតែបក្សតូចៗ មិនបារម្ភទេ ដូច្នេះច្បាស់ជាសម្តេចកែទម្រង់ស៊ីជម្រៅឱ្យមានប្រសិទ្ធភាព បោសសម្អាត អំពើពុករលួយឱ្យរាបដូចស្មៅមិនខានឡើយ។ ថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រី បានព្រមានដកស័ក្តិទម្លាក់ផ្កាយ មន្ត្រីណា ដែលចេញមុខអន្តរាគមន៍ចំពោះគ្រួសារបក្ខពួកដែលប្រព្រឹត្តខុសច្បាប់ ដោយសម្តេចបញ្ជាក់ថា កុំថាត្រឹមផ្កាយ ទោះបីលោកខែ ក៏សម្តេច ទម្លាក់បានដែរ ដើម្បីអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ស្មើភាព និងមានតម្លាភាពក្នុងសង្គម”។
តាម្នាក់ទៀត មាននិន្នាការដូចគ្នាពោលបន្តថា “ចង់អូសទាញអ្នកមាននិន្នាការប្រឆាំង មកវិញ គ្មានស្អីធំជាងលុបបំបាត់ កុងត្រូលជជុះ ចាប់មេល្បែងស៊ីសងដុះស្លែ អូសកឧត្តមសេនីយ៍ណាដែលកាងឈើឱ្យឈ្មួញ កាងអំពើខុសច្បាប់ចូលរង្វង់ក្រចក សេះឱ្យអស់ គឺបើធ្វើយ៉ាងនេះបាន CPP មិនចាំបាច់ឃោសនាទេ គង់តែឈ្នះ ឯពួកប្រឆាំងក៏លែងប្រឆាំង”។
ការលើកឡើងខាងលើនេះ បង្ហាញថា ប្រជាពលរដ្ឋគាំទ្របក្សកាន់អំណាច ចង់ឱ្យរដ្ឋាភិបាលប្រើធម៌ក្តៅនេះឯង ឬថា “សំចៃរំពាត់ ធ្វើឱ្យក្មេងខូច” ឯក្មេងនោះ ភាគច្រើនជាប់សែស្រឡាយអ្នកធំ។ ទោះយ៉ាងណា កំណែទម្រង់បឋម គួរតែកុំឱ្យ ប៉ះពាល់ដល់ប្រជាពលរដ្ឋដែលខុសច្បាប់បន្តិចបន្តួច ដូចជាពួកគាត់ជិះម៉ូតូមកពីស្រែ ជ្រុះកញ្ចក់បាត់ ស្រាប់តែប៉ូលិសអូសម៉ូតូ គាត់ទៅ ទុកពីរបីថ្ងៃ ក៏មិនល្អដែរ។ រឿងបង្ក្រាបកន្ទុយលេខ បើចាប់តែកូនកញ្ច្រែង ក៏មិនកើតដែរ ព្រោះវាធ្វើឱ្យរាស្ត្រក្តៅ ក្រហាយកាន់តែខ្លាំង ខណៈដែលមេធំដុះស្លែ គ្មានសមត្ថកិច្ចណាហ៊ានក្អក។
សរុបទៅ “សំចៃរំពាត់ ធ្វើឱ្យក្មេងខូច” ចង់បង្ហាញពីដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវតែកែទម្រង់ឱ្យដល់កម្រិត ដើម្បី ស្តារប្រជាប្រិយភាពមកវិញ។ ទោះជារំលាយបក្សប្រឆាំងធំជាងគេនោះ ក៏និន្នាការប្រឆាំងនៅតែមានដដែល ដូច្នេះបើរដ្ឋាភិបាលសំចៃរំពាត់ អាចធ្វើឱ្យមន្ត្រីក្រោមឱវាទដែលធ្លាប់រកស៊ីខុសច្បាប់ មិនខ្លាចច្បាប់ លុះត្រាតែ “រករំពាត់ផ្តៅពីរបី មកដាក់ លើតុ ទុកធ្វើសឺគួរ ទើបសិស្សខ្លាច”៕
ដោយ អាចារ្យថាំ