Monday, November 25, 2024
Homeបរិយាយគេបបួលកុំខាន ឃើញគេបានកុំខំ

គេបបួលកុំខាន ឃើញគេបានកុំខំ

សុភាសិតខ្មែរបុរាណថា “គេបំបួលកុំឱ្យខាន ឃើញគេបានកុំខំ” មានអត្ថន័យអប់រំមនុស្សទូទៅ បើចង់ធ្វើអ្វី ត្រូវចេះ ពិចារណាជាមុនសិន កុំឱ្យតែឃើញគេបានអ្វី ចង់បាននឹងគេដែរ ជួនកាលបានត្រឹមខាតបង់ ប៉ុន្តែបើមានគេបបួលធ្វើកិច្ចការ ដែលល្អ គួរធ្វើនឹងគេចុះ។ បន្ទាប់ពីលោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី បានរួចពីពន្ធនាគារ ដែល មជ្ឈដ្ឋានខ្លះថា មកពីគាត់ធ្វើលិខិតសុំទោសសម្តេចហ៊ុន សែន បានពីរោះ ហើយស្រាប់តែលោកមាជ សុវណ្ណារ៉ា ធ្វើលិខិត ជូនពរថ្នាក់ដឹកនាំបក្សកាន់អំណាច មិនសូវពីរោះនោះ ច្បាស់ជាមិនបានលទ្ធផលល្អទេ ដែល “នគរធំ” សូមលើកខ្លឹមសារសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

“គេបបួលកុំឱ្យខាន” សំដៅដល់កិច្ចការអ្វីមួយ ដែលមានផលប្រយោជន៍ដល់សង្គម ឬគ្រួសារ ដូចជាការជួយលើកដី ជួសជុលផ្លូវក្រហេងក្រហូង ឬទៅធ្វើបុណ្យកឋិន បុណ្យផ្កាជាដើម បើមាន “គេបបួល ត្រូវតែទៅ”។ ផ្ទុយទៅវិញ បើកិច្ចការ ណារងគ្រោះដល់សង្គម ឬគ្រួសារ ដូចជាគេបបួលទៅលួចប្លន់ជាដើម គ្រាន់តែងក់ក្បាលយករួចខ្លួនសិនទៅ តែយើងកុំទៅ ព្រោះធម្មតាជនទុច្ចរិត បើបបួលជនណាហើយ ជននោះប្រកែក ច្បាស់ជាវាគុំកួនចងអាឃាតព្យាបាទមិនខាន ម៉្លោះហើយ គ្រាន់តែងក់ក្បាលរួច គេចបាត់ទៅទើបបានសុខ។

“ឃើញគេបានកុំខំ” ធម្មតាមនុស្សម្នាក់ៗ ជាបុថុជ្ជននេះ តែងមានលោភៈដូចៗគ្នា ឬថា មនុស្សណាក៏ចង់មានចង់បាន ដូចគ្នា គ្មានអ្នកណាចង់ក្រ អត់អង្ករច្រកឆ្នាំងនោះទេ។ ខ្លួនឯងមានមុខរបរដាំបន្លែលក់ត្រឹកៗរាល់ថ្ងៃ បានកាក់ល្អិត មិនដែល ស្ងួតហោប៉ៅទេ លុះផ្អើលតាមគេថា ទៅធ្វើការស៊ីឈ្នួលនៅប្រទេសថៃ បានកម្រៃខ្ពស់ជាងដាំបន្លែ ឬរត់ម៉ូតូឌុប ក៏បោះចបកាប់ចោល ទុកម៉ូតូកញ្ចាស់ឱ្យច្រេះស៊ី រួចឱបបង្វេចទៅប្រទេសថៃ។ បើសំណាងល្អក៏បានឆ្លងដែនស្រួលទៅ តែបើសំណាងអាក្រក់ ដោយសារខ្លួនជាពលករខុសច្បាប់ ក៏ត្រូវសមត្ថកិច្ចថៃ ចាប់ដាក់គុក រងទុក្ខវេទនា ទម្រាំរួចខ្លួនមកវិញ ប្រពន្ធកូននៅឯស្រុក អត់បាយក្រហាយទឹក ដោយសារប្តីនិងឪពុកជាបង្អែកគ្រួសារជាប់គុក ព្រោះតែ “ឃើញគេបាន ខំទៅនឹងគេ”។

យ៉ាងណាមិញ ករណីលោកមាជ សុវណ្ណារ៉ា អតីតប្រធាននាយកដ្ឋានព័ត៌មាន នៃអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុង ជាប់ពន្ធនាគារព្រៃស បានផ្ញើលិខិតជូនពរសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងទិវា ៧មករា នោះ ត្រូវអ្នកឃ្លាំមើលស្ថានការណ៍យល់ថា “មកពីលោកមាជ សុវណ្ណារ៉ា មានគេបបួលឱ្យធ្វើលិខិតនោះ”។ កាលពីខែមុន យើងឃើញលោកហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខាលើកលែងទោស តាមសំណើសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន។ លុះមិនបានប៉ុន្មាន លោកមាជ សុវណ្ណារ៉ា ក៏ធ្វើតាម ហាក់ស្របនឹងសុភាសិតថា “គេបបួល កុំឱ្យខាន” នេះឯង។ បើមានគេបបួលឱ្យធ្វើ លុះត្រាតែធ្វើដូចគ្នា ដោយការប្រើពាក្យពេចន៍ពីរោះទន់ភ្លន់ ប៉ុន្តែលិខិតលោក មាជ សុវណ្ណារ៉ា ដែលតំណាងឱ្យអ្នកជាប់ទោស១៥នាក់នោះ បានយកពាក្យ “អ្នកទោសមនសិការ” មកប្រើ រហូតដល់លោក សុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច បញ្ចោញប្រតិកម្មថា “ការប្រើពាក្យជាអ្នកទោសមនសិការ គឺជាចេតនាអាក្រក់ ចង់ដាក់កំហុសមកលើសមត្ថកិច្ចតុលាការ និងជាពិសេស មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងកាន់អំណាចថា ជាអ្នក ខុស ចាប់អ្នកអត់ខុសច្បាប់មកដាក់គុកយ៉ាងអយុត្តិធម៌។ ដូច្នេះបើនៅតែមិនទទួលស្គាល់ការពិតនៃកំហុសរបស់ខ្លួនទេ អស់ លោកពាក់ព័ន្ធនឹងពិរុទ្ធភាពនិងកំហុសជាប់ពន្ធនាគារ ក៏មិនអាចរកឃើញនូវពន្លឺយុត្តិធម៌សម្រាប់ខ្លួន ហើយក៏មិនអាចយក មនោសញ្ចោតនាតាមរយៈការលើកសរសើរ ឬការជូនពរថ្នាក់ដឹកនាំប្រទេស ដើម្បីបានរួចទោសនោះដែរ”។

ដូច្នេះយើងឃើញថា “បើគេបបួលកុំឱ្យខាន” ត្រូវតែទៅនឹងគេ ប៉ុន្តែ ត្រូវមើលជំហានគេសិន តើគេដើរយ៉ាងម៉េច? សរសេរពាក្យពេចន៍យ៉ាងម៉េច? បើភ្លាត់តែបន្តិច “ខាតកាន់តែធ្ងន់”។ យ៉ាងណាមិញ លិខិតលោកមាជ សុវណ្ណារ៉ា ឃើញខុស ធ្ងន់នៅត្រង់ប្រើពាក្យ “អ្នកទោសមនសិការ” នោះហើយ ដែលជាឧបសគ្គមិនឱ្យលោករួចខ្លួន។ “មនសិការ” ជាភាសាបាលី មានន័យថា ការធ្វើទុកក្នុងចិត្ត ការកំណត់ទុកក្នុងចិត្ត ដំណើរយកចិត្តទុកដាក់ ឬឧបាយកលដែលកំណត់ក្នុងចិត្ត។ ពាក្យនេះ សម្រាប់ប្រើក្នុងនយោបាយ សំដៅដល់ “ការយកចិត្តទុកដាក់តែរឿងជាតិ រឿងបក្ស តស៊ូដើម្បីយុត្តិធម៌សង្គម ទោះត្រូវ ស្លាប់ក៏មិនលះបង់ការតស៊ូ”។ កន្លងមក អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ តែងប្រើពាក្យ “មនសិការជាតិ ឧត្តមគតិជាតិ” នៅក្នុងសុន្ទរកថា ឬការឃោសនា ដោយជំរុញអ្នកគាំទ្រឱ្យធ្វើបាតុកម្ម កូដកម្ម ប្រឆាំងបក្សកាន់អំណាច។ លុះដល់លោក មាជ សុវណ្ណារ៉ា យកពាក្យនេះមកសរសេរក៏ “ពាំត្រណោត” ប្រែក្លាយលិខិតជូនពរ ទៅជា “លិខិតទាមទារយុត្តិធម៌” ទៅវិញ ជាហេតុនាំឱ្យមានប្រតិកម្មពីមន្ត្រីរាជរដ្ឋាភិបាល។

“ឃើញគេបានកុំខំ” មានន័យថា កាលលោកហុង សុខហួរ បានផ្ញើលិខិតសុំទោសសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងពីរោះ ដោយទទួលស្គាល់កំហុស ហើយប្រកាសថា “គាត់ឈប់ធ្វើនយោបាយទៀតហើយ” ទើបមានការសន្តោសប្រណី លើកលែងទោសឱ្យគាត់ បានទៅរស់នៅប្រទេសបារាំង ព្រោះគាត់មានសញ្ជាតិ២។ ឥឡូវលោកមាជ សុវណ្ណារ៉ា ឃើញលោក ហុង សុខហួរ បានចេញពីគុក ក៏ចង់ចេញដែរ ក៏ធ្វើលិខិតជូនពរថ្នាក់ដឹកនាំ ដោយ “មិនមើលរបៀបគេសរសេរ” បានត្រឹម “ខុសជាន់លើខុស” តែប៉ុណ្ណោះ។

ឧទាហរណ៍នៅក្នុងរឿង “ក្អែកគោក ត្រាប់តាមក្អែកទឹក” បានតំណាលពីក្អែកគោក ១ក្បាល ទំលើចុងព្រឹក្សា ក្បែរមាត់ បឹងមួយ បានឃើញក្អែកទឹក សម្លមស្លាបបោះពួយពីលើមែកឈើទៅឆាបត្រីបានយកទៅស៊ី ក៏ធ្វើត្រាប់តាម។ ដោយហេតុតែ ខ្លួនវាជាសត្វគ្មានជំនាញខាងមុជទឹក លុះសម្លបស្លាបបោះពួយទៅឆាបត្រី និងមុជទឹកដេញចាប់ត្រី ក៏ទៅវ័ណ្ឌនឹងសារាយ រហូត ឈ្លក់ទឹកងាប់ទៅ។ យ៉ាងណាមិញ បើមនុស្សណាឃើញគេបាន ស្រាប់តែចង់បានដូចគេ មិនមើលមុខមើលក្រោយឱ្យច្បាស់ សិន អាចនឹងជួបវាសនាអាក្រក់ដូចក្អែកគោក។ កំហុសក្អែកគោក នៅត្រង់ “មិនចេះមុជទឹក” ក៏ដូចលោកមាជ សុវណ្ណារ៉ា ដែល “មិនចេះសរសេរ ឬពឹងគេសរសេរឱ្យ” ដោយមិនបានពិនិត្យពាក្យ “អ្នកទោសមនសិការ” បានត្រឹមវ័ណ្ឌក ត្រដររស់ ក្នុងទីឃុំឃាំងមិនដឹងជាថ្ងៃណាមានសេរីភាព។

ទោះយ៉ាងណា “កំហុសជាបទពិសោធន៍ស្វែងរកត្រូវ” ហេតុនេះបុគ្គលម្នាក់ៗ គួរ “ខ្លួនទីពឹងខ្លួន” ឬ ស្របនឹងពុទ្ធភាសិត ថា “អត្តា ហិ អត្តនោ នាថោ” ល្អជាងពឹងគេ ឬដើរតាមគេ។ ក្អែកគោក កំពុងស្រេកទឹក វាហើរទៅហើរមក ក៏បានឃើញ ក្អមពួចមួយមានទឹកកន្លះ រុញចំពុះឱនផឹកមិនដល់ ក្អែកនោះក៏ពាំគ្រាប់ក្រួសមកទម្លាក់ក្នុងក្អម ជាច្រើនរយគ្រាប់ ធ្វើឱ្យទឹក ឡើងដល់មាត់ក្អម វាក៏បាន ផឹកទឹកនោះទៅ។ សម្រាប់លោកមាជ សុវណ្ណារ៉ា អាចរកវិធីដោយឡែក ដើម្បីឱ្យមានសេរីភាព ដូចជាសរសេរលិខិតសុំទោស សម្តេចហ៊ុន សែន ជាថ្មី ដោយសារភាពទទួលស្គាល់កំហុសរបស់ខ្លួន ឬឱ្យប្រពន្ធកូនបន្ទន់ឥរិយាបថ ជួយសុំទោសឱ្យប្តី និងឪពុក ជាដើម គង់តែបានសម្រេច ព្រោះសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ចូលចិត្តភាពទន់ភ្លន់ មិនមែនរម៉ាំងរម៉ោកនោះទេ។

សរុបទៅ “គេបបួលកុំឱ្យខាន ឃើញគេបានកុំឱ្យខំ” មានន័យយ៉ាងនេះឯង។ រឿងគេបបួលលោកមាជ សុវណ្ណារ៉ា ធ្វើ លិខិតជូនពរថ្នាក់ដឹកនាំរដ្ឋាភិបាល មិនទាស់ខុសអ្វីទេ ប៉ុន្តែ កំហុសត្រង់មិនចេះរៀបឃ្លោងឃ្លាឱ្យពីរោះ។ ចំពោះករណីលោក ហុង សុខហួរ រួចពីទុក្ខទោស ព្រោះគាត់ប៉ិនប្រសប់ក្នុងការសរសេរ ប៉ុន្តែបើលោកមាជ សុវណ្ណារ៉ា ធ្វើតាមគេដដែលៗមិនល្អ ទេ គួររកវិធីសាស្ត្រដោយឡែកមកប្រើវិញ គង់តែបានសម្រេចមិនខាន ព្រោះបក្សប្រឆាំងត្រូវរំលាយចោលទៅហើយ រដ្ឋាភិបាល មិនចង់សន្សំកម្មជាមួយអតីតមន្ត្រីបក្សប្រឆាំងល្អិតល្អោចនោះទេ ហេតុនេះបើធ្វើត្រូវចិត្តបក្សកាន់អំណាច នឹងបាន រួចទុក្ខទោសក្នុងពេលឆាប់ៗនេះ…៕

ដោយ អាចារ្យថាំ

RELATED ARTICLES