ជាទូទៅ ផ្កាម្លិះ ចម្ប៉ា កុលាបឈូក ក៏ដូចជាផ្កាផ្សេងៗទៀត វាក្តោបនៅពេលត្រូវកម្តៅថ្ងៃ លុះពេលរាត្រី ត្រូវទឹក សន្សើមធ្លាក់មកប្រោះព្រំ ក៏រីកស្រស់ស្គុសស្គាយ ចោលក្លិនក្រអូបសាយទាក់ចិត្តកវីនិពន្ធ ឬយុវវ័យកំពុងចាប់ផ្តើមស្នេហា។ រីឯពួកប្រឆាំងដែលមិនព្រមចុះចូលបក្សកាន់អំណាច ក៏មិនខុសពីផ្កានោះដែរ ដោយនាំគ្នាទន្ទឹងរង់ចាំទឹកសន្សើម ឬ “ជំនួយ ពីអន្តរជាតិ” លេចចេញជាសំណួរថា “កាលណាអតីតបក្សសង្គ្រោះជាតិ រស់វិញ?” ឬ “កាលណាផ្ការីក?” ដែល “នគរធំ” សូមលើកមកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
ធម្មតាបុប្ផានានា ទោះជាផ្កាដាំក្នុងសួនក្តី ផ្កាដុះក្នុងព្រៃក្តី ផ្កាឈើនានាក្តី កាលបើត្រូវកម្តៅថ្ងៃ ក៏ក្តោបត្របកគ្រប លម្អងមិនឱ្យជះក្លិនទៅក្រៅបាន លុះពេលរាត្រី មានទឹកសន្សើមធ្លាក់ ត្របកផ្កាក៏លាមកវិញ រីកស្រស់បំព្រង ចោលក្លិនតាម ខ្យល់ ដែលផ្កាខ្លះក្រអូបណាស់ មានផ្ការំដួល ផ្កាក្ទម្ព ផ្កាចម្ប៉ា ជាដើម វាក្រអូបច្រាសខ្យល់។ ជួនកាលបើមានភ្លៀងធ្លាក់ ខ្លាំងនៅពេលយប់ ក៏អាចធ្វើឱ្យផ្កាអស់ក្លិនបានដែរ មិនថាតែកម្តៅថ្ងៃចែងចាំងនោះទេ។
យ៉ាងណាមិញ បន្ទាប់ពីតុលាការកំពូល ចេញសាលដីកា “រំលាយគណបក្សសង្គ្រោះជាតិ” មក បក្សកាន់អំណាច បាន អំពាវនាវឱ្យសមាជិក សមាជិកាបក្សប្រឆាំង ចាប់តាំងពីមេឃុំ ចៅសង្កាត់ ជំទប់ ក្រុមប្រឹក្សាស្រុក ខេត្ត ចុះចូលបក្សកាន់អំណាច ដើម្បីរក្សាមុខតំណែង វៀរលែងតែបុគ្គល ១១៨រូប ដែលត្រូវដកសិទ្ធិធ្វើនយោបាយ។ លុះឃ្លាំមើលទៅឃើញមាន អ្នកចុះចូលមិនបាន១០០០នាក់ផង ឯអ្នករឹងរូសមិនព្រមរណបបក្សកាន់អំណាច មិនស្តាយប្រាក់ខែ និងមុខតំណែង ឃើញ នៅសល់ច្រើនណាស់។ មូលហេតុដែលក្រុមប្រឹក្សាទាំងនោះមិនព្រមចុះចូល គឺមកពី “និន្នាការនយោបាយ” ឬ “ទឹក និង ប្រេង” លាយចូលគ្នាមិនកើត ប៉ុន្តែ ពួកប្រឆាំងនៅក្នុងស្រុក គ្មានហ៊ានខ្វើកអ្វីទេ ម្នាក់ៗសំងំស្ងៀម រកមុខរបរចិញ្ចឹមជីវិត រៀងៗខ្លួន ដោយទុកសកម្មភាពប្រឆាំង ឱ្យពួករត់ទៅក្រៅស្រុក។ ទោះយ៉ាងណា ក៏ពួកប្រឆាំងដែលកំពុងសំងំ មិនខុសពី “ផ្ការង់ចាំទឹកសន្សើម” និងលេចចេញជាសំណួរថា “កាលណាផ្ការីក?”។ បានជាត្រូវសួរយ៉ាងនេះ មកពីសព្វថ្ងៃ “ផ្កាប្រឆាំង នោះ ប៉ះកម្តៅថ្ងៃ និងភ្លៀងធំរហូត” មិនដឹងជាថ្ងៃណាបានរីកស្គុសស្គាយចោលក្លិនលម្អងគន្ធា។
“ទឹកសន្សើម” ដែល “ផ្កាប្រឆាំង” រង់ចាំយ៉ាងអន្ទះសានោះ គឺ “គំនាបអន្តរជាតិ មកលើបក្សកាន់អំណាច” ពោលគឺកំពុងសង្ឃឹម លើអាមេរិក សហភាពអឺរ៉ុប ឱ្យដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើរដ្ឋាភិបាល ដើម្បីគាបសង្កត់ឱ្យប្រស់អតីតគណបក្សសង្គ្រោះជាតិរស់ វិញ។ សព្វថ្ងៃ ពួកប្រឆាំងនៅក្រៅប្រទេស កំពុងចែកផ្លូវគ្នាដើរ ដោយម្ខាង “សម រង្ស៊ីនិយម” ដើរតាម “ចលនាសង្គ្រោះជាតិ” ឯម្ខាងទៀត “កឹម សុខានិយម” ដើរតាម និងអភិរក្ស “គណបក្សសង្គ្រោះជាតិ” ដដែល។ ករណីដើរផ្លូវខុសគ្នានេះ “នគរធំ” ក៏ធ្លាប់ បរិយាយរួចមកហើយ ពីប្រធានបទ “បើគិតតាមក្បួនលេខគណិត មួយបូកនិងមួយត្រូវជាពីរ ប៉ុន្តែបើគិតតាមលក្ខណៈមិត្តភាព ស្មោះត្រង់ មួយបូកនិងមួយ ត្រូវជាមួយ ឬ១+១=១”។ ឥឡូវទោះជាពួកប្រឆាំងដើរតាមផ្លូវណា ក៏នៅតែប្រឆាំងដដែល ដោយ មានវត្ថុបំណងដូចគ្នា ត្រង់ “សុំឱ្យដោះលែងលោកកឹម សុខា” ជាពិសេស ជំរុញ អាមេរិក អឺរ៉ុប កាណាដា អូស្ត្រាលី ឱ្យដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើរដ្ឋាភិបាល ប៉ុន្តែ ប៉ុន្មានខែទៅហើយ អន្តរជាតិថាចោលៗ មិនដឹងជា “កាលណាផ្ការីក”។
ករណីផ្កាប្រឆាំង កំពុងរង់ចាំទឹកសន្សើម ស្តែងចេញតាមសម្តីលោកសាម អ៊ីន អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ មូលដ្ឋាន ដែលគាត់បានអំពាវនាវឱ្យអតីតក្រុមប្រឹក្សា ឃុំ សង្កាត់ ស្រុក ខេត្ត របស់អតីតគណបក្សសង្គ្រោះជាតិ ចូលរួម បោះឆ្នោតឱ្យបក្សរបស់គាត់ ដើម្បី “បំបែកសំឡេង៥០+១” ពីបក្សកាន់អំណាច។ ជាការឆ្លើយតបវិញ លោកជាម ច័ន្ទនី អតីតតំណាងរាស្ត្របក្សប្រឆាំង បានវាយបកថា ពួកលោកនៅតែសង្ឃឹមអតីតបក្សព្រះអាទិត្យ រស់វិញ ដោយមិនអាចចុះ ចូលជាមួយបក្សណាបានឡើយ។
រឿងសង្ឃឹមរស់វិញ ឬសង្ឃឹមទឹកសន្សើមធ្លាក់មកប្រោះព្រំនេះ ទំនងជាពួកប្រឆាំងមើលឃើញពីរបត់នយោបាយពីមុន ខណៈដែលគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវផ្តួលរំលំ ចំណែកសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជាប់បណ្តឹងតុលាការជាច្រើនករណី ថែមទាំងមានវិបត្តិផ្ទៃក្នុងបក្សជាមួយលោកញឹក ប៊ុនឆៃ ទៀតផង តែទីបំផុត “ហ៊្វុនស៊ិនប៉ិច រស់វិញ” ទោះជារស់ទាំង ត្រដាបត្រដួស ក៏ចាត់ទុកថា ជា “រដូវផ្ការីក” ឬ “សរទរដូវ”។
កាលនោះ អាមេរិក អឺរ៉ុប កាន់ជើងហ៊្វុនស៊ិនប៉ិច ចោទប្រកាន់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “ធ្វើរដ្ឋប្រហារ” ផ្តួលហ៊្វុនស៊ិនប៉ិច រហូតដល់សភាអាមេរិក បោះឆ្នោតបញ្ឈប់ជំនួយដល់កម្ពុជា រយៈពេល៣០ថ្ងៃ ខណៈដែលតុលាការក្រុង ភ្នំពេញ កាត់ទោសសម្តេចក្រុមព្រះ ពីបទដឹកជញ្ជូនអាវុធជាតិផ្ទុះខុសច្បាប់ និងការប្រឆាំងបទបញ្ជារបស់ថ្នាក់លើ ជាពិសេស ជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងសន្តិសុខក្នុងប្រទេស។ ទីបំផុត សម្តេចក្រុមព្រះ បែរជាបានយាងចូលប្រទេសវិញ ចូលរួម ក្នុងការបោះឆ្នោត ធ្វើឱ្យអ្នកតាមដាននយោបាយវិលក្បុងគ្រប់គ្នា។
ដូច្នេះយើងឃើញថា ទំនងជាមើលឃើញអតីតកាល ខណៈដែលអាមេរិក អឺរ៉ុប ជួយហ៊្វុនស៊ិនប៉ិច ឱ្យរស់វិញ ទើប អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ សង្ឃឹមយ៉ាងនេះដែរ ក៏រឹងរូសមិនព្រមចុះចូលបក្សកាន់អំណាច និងនាំគ្នាចាំមើលទណ្ឌកម្ម អន្តរជាតិដាក់មកលើបក្សកាន់អំណាច ដើម្បីបើកផ្លូវឱ្យអតីតបក្សព្រះអាទិត្យរះនោះរស់ឡើងវិញ។
អ៊ីចឹងសួរថា “តើអតីតបក្សសង្គ្រោះជាតិ រស់វិញទេ?” សំណួរនេះ យើងទុកឱ្យអ្នកតាមដាននយោបាយឆ្លើយទៅចុះ គ្រាន់តែបញ្ជាក់ថា លោកសម រង្ស៊ី អាចធ្វើនយោបាយនៅក្រៅប្រទេសបាន ដោយគ្មានកំហុស ឬខុសនឹងច្បាប់ប្រទេសគេ ដែលជាករណីគួរពិចារណា។ គួរកុំភ្លេចថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ក្រុម ជធធ ដោយមានឈ្មោះឈុន យ៉ាសិទ្ធិ ជាមេខ្លោង មានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានផ្ទុះអាវុធនៅកណ្តាលរាជធានីភ្នំពេញ បណ្តាលឱ្យមាន មនុស្សស្លាប់៧នាក់ របួសជាង១០នាក់។ ឈុន យ៉ាសិទ្ធិ ក៏ត្រូវរាជរដ្ឋាភិបាលកម្ពុជា ចង្អុលមុខចំៗ ដោយមានការចាប់ខ្លួន សកម្មជន ជធធ ដាក់ពន្ធនាគារ ជាច្រើនរូប ខណៈដែលមេដឹកនាំចលនា ជធធ ឈុន យ៉ាសិទ្ធិ ត្រូវតុលាការអាមេរិក កាត់ ទោសដាក់គុកពីបទធ្វើនយោបាយឆ្លងដែន ខុសនឹងច្បាប់អាមេរិក។ ផ្ទុយទៅវិញ លោកសម រង្ស៊ី ធ្វើនយោបាយនៅ អាមេរិកដែរ ខណៈដែលគាត់មានឈ្មោះជាទណ្ឌិតនៅស្រុកខ្មែរ បែរជាមានសេរីភាពយ៉ាងទូលំទូលាយ ដែលចំណុចនេះហើយ នាំឱ្យកូនចៅគាត់ទាំងក្នុងនិងក្រៅប្រទេស កំពុងសង្ឃឹម “ទឹកសន្សើម” នេះឯង ហើយម្នាក់ៗជឿថា មិនយូរទេ ផ្កាស្វិត ក្រៀមក្រញង់ ដោយត្រូវកម្តៅថ្ងៃហួតហែងនោះ នឹងរីកស្គុសស្គាយដូចដើម។
សរុបទៅ “កាលណាផ្ការីក?” ចង់លើកពីករណីពួកប្រឆាំង ដែលមិនព្រមចុះចូលបក្សកាន់អំណាច មកពីពួកគេកំពុង សង្ឃឹមអាមេរិក អឺរ៉ុប ឱ្យជួយនេះឯង។ ទោះបីជាមន្ត្រីបក្សកាន់អំណាចថា “ខ្មោចសង្គ្រោះជាតិ មិនអាចរស់វិញ” ក៏ករណី ប្តឹងខ្មោច ឈ្លោះជាមួយខ្មោច ធ្វើឱ្យពួកប្រឆាំងយល់ថា “មកពីមិនមែនខ្មោច ទើប ជភភ បន្តយុទ្ធសាស្ត្រទប់ទល់”។ ដូច្នេះ បើពួកប្រឆាំងសង្ឃឹមអាមេរិក អឺរ៉ុប ជាពិសេស កំពុងពេញចិត្តនឹងសេចក្តីថ្លែងការណ៍របស់លោកស្រីរ៉ូណា ស្មីត អ្នករាយការណ៍ពិសេស អ.ស.ប ផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា គួរតែបក្សកាន់អំណាច រកយុទ្ធសាស្ត្រថ្មីមកតទល់ទើបបាន ដើម្បី បញ្ចៀសកុំឱ្យផ្ការីកជាថ្មី ទាក់ចិត្តយុវវ័យដូចមុន…៕
ដោយ អាចារ្យថាំ