Tuesday, January 28, 2025
Homeបរិយាយបរិយាយថ្ងៃនេះ ៖ សន្សឹមកុំបំបោល

បរិយាយថ្ងៃនេះ ៖ សន្សឹមកុំបំបោល

សាស្ត្រា “ច្បាប់កេរ្តិ៍កាល” ១ល្បះ សរសេរថា “ការក្រកុំគិតងាយ ការសម្ទាយជាកំរោល សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់អ្នកនយោបាយទុកជាយុទ្ធសាស្ត្រដឹកនាំ។ អ្វីៗដែលកើតលើលោកសន្និវាសនេះ ចៀសមិនផុតពី “អនិច្ចំ” មិនទៀងទាត់សោះឡើយ តែងវិលវល់ប្រែប្រួលបត់បែនទៅតាមកាលៈទេសៈ។ ខណៈដែលថ្ងៃបោះឆ្នោតជិតចូលមកដល់ ស្រាប់តែប្រទេសជាតិជួបគ្រោះទឹកជំនន់ និងស្ថានភាពអាកាសធាតុមិនអំណោយផលនោះ បើបក្សកាន់អំណាច និង គ.ជ.ប ខ្វះការប្រុងប្រយ័ត្ន ប្រឹងតែបំបោលជំរុញការបោះឆ្នោះឱ្យចប់ជាស្ថាពរនោះ ជួនកាលផ្តល់ផលវិបាកធ្ងន់ ដែល “នគរធំ” ក្តាប់ស្ថានការណ៍នេះបាន ក៏សូមលើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ទោះបីជាក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ទឹកជំនន់ប៉ុន្មានថ្ងៃកន្លងមកនេះ បានស្រកចុះបណ្តើរៗ ឯកំណាត់ផ្លូវជាតិលេខ៤ ដែលលិចទឹកនោះ ត្រូវបើកឱ្យធ្វើចរាចរណ៍ឡើងវិញក្តី ក៏ការព្យាករអាកាសធាតុ បញ្ជាក់ថា កម្ពុជា នឹងរងឥទ្ធិពលព្យុះស៊ុនទីញ បោកបក់មកពីប្រទេសចិន បង្កឱ្យមានភ្លៀងខ្យល់ខ្លាំងចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា។ ឥឡូវអាកាសធាតុអាប់អួខ្លាំងណាស់ ដែលពាក្យបុរាណថា “មេឃពុំជួកាល” អាចនឹងមានទឹកជំនន់ជាបន្តបន្ទាប់ ឬ “ឡើងស្រកៗ” មិនខានឡើយ។ បើសិនជាកំណាត់ផ្លូវជាតិ ផ្លូវលំ ភូមិឋាន ដែលធ្លាប់ទឹកលិចហើយស្រកទៅវិញ ស្រាប់តែទឹកឡើងក្រឺតៗនោះ ជាសញ្ញាថា “ការបោះឆ្នោត ថ្ងៃ២៩ កក្កដា មិនអំណោយផលទេ” បើ CPP និង គ.ជ.ប មិនពិចារណាពន្យារពេលបោះឆ្នោត ជួនកាល “ចចើងចង់លាភ រែងបាត់ធនទៅ”។

ប៉ុន្មានថ្ងៃកន្លងមកនេះ ប្រទេសជប៉ុន រងគ្រោះដោយសារទឹកជំនន់ឡើងលិចដល់ដំបូលផ្ទះ រីឯប្រទេសចិន ទឹកឡើងហូរ កួចត្របាញ់ស្លាប់មនុស្សរាប់រយនាក់ ចំណែកប្រទេសថៃ ក៏រងគ្រោះធ្ងន់ណាស់ដែរ។ ដូច្នេះធារទឹកជំនន់ច្បាស់ជាហូរបុកចូលទន្លេមេគង្គ ខាងកម្ពុជា ហូរទៅតាមព្រែកស្ទឹងនានា ពន្លិចភូមិស្រុកដែលមានដីទំនាប ចៀសមិនរួច។ តាមការកត់សម្គាល់ ឆ្នាំខ្លះ មានទឹកជំនន់ឡើងស្រកៗ ពីរបីដងឯណោះ បណ្តាលឱ្យប្រជាពលរដ្ឋនៅមូលដ្ឋាននោះ មានក្តីរំខាន រកស៊ីអ្វីក៏មិនកើត រវល់តែរើកញ្ជើ ពកូនជញ្ជូនចៅរកទីទួលមានសុវត្ថិភាព បើប៉ះរដូវព្រះសង្ឃចូលវស្សាទៀតនោះ គ្រោះទឹកជំនន់ផ្តល់ផលវិបាកធ្ងន់ណាស់ ដល់ជីវភាពប្រជារាស្ត្រ តម្រូវឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ លាត់ជើងខោ មូរដៃអាវ ចុះជួយអស់ពីលទ្ធភាព។

ដូច្នេះនៅសល់តែ១សប្តាហ៍ទៀត ដល់ពេលបោះឆ្នោត បើសិនជាបក្សកាន់អំណាច និង គ.ជ.ប ពិចារណាមិនដិតដល់ ប្រឹងតែបំបោលចង់ឈ្នះធម្មជាតិនោះ អាចនឹង “ចាញ់ប្រៀបពួកប្រឆាំង CNRP”។ ហេតុអ្វីបានជាវាចាញ់ប្រៀប? ចំណុចនេះ គួរកុំភ្លេចថា ពួកប្រឆាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋ “ធ្វើពហិការ ម្រាមដៃស្អាត” អ៊ីចឹងដល់ថ្ងៃបោះឆ្នោតនោះ បើមានទឹកហូរកាត់ផ្លូវ ឬភ្លៀងផ្គររន្ទះខ្ទរខ្ទារពេញមេឃនោះ ច្បាស់ជាមាន “អវត្តមានច្រើន”។ សម្រាប់ក្មេងៗពេញកម្លាំង អត់បញ្ហាទេ ពួកគេនឹងទៅបោះឆ្នោតមិនហ៊ានខាន ប៉ុន្តែចំពោះតាយាយចាប់ពីអាយុ៧០ឆ្នាំឡើងទៅ ច្បាស់ជាសំងំក្នុងផ្ទះ ទៅបោះឆ្នោតមិនរួច ទោះជាពួកគាត់គាំទ្របក្សកាន់អំណាច ក៏ដោយចុះ។ ឧបមាមួយទៀត បើមានការបោះឆ្នោតនៅខេត្តកោះកុង ខេត្តព្រះសីហនុ សម្រាប់ពលរដ្ឋនៅជិតមណ្ឌលបោះឆ្នោត អាចទៅបោះបាន ប៉ុន្តែយុវវ័យមួយចំនួន ដែលឡើងមកធ្វើការរកស៊ីនៅរាជធានីភ្នំពេញ ទោះជាពួកគេគាំទ្រ CPP ក៏ដោយចុះ បើកំណាត់ផ្លូវជាតិលេខ៤ លិចទឹក ដោយតម្រូវឱ្យបើកបរយានជំនិះតាមផ្លូវជាតិលេខ៣ ឬផ្លូវវាងចម្ងាយរាប់រយគីឡូម៉ែត្រនោះ អ្នកខ្លះដែលជិះម៉ូតូ អាចរួញរា មិនទៅបោះឆ្នោតទេ។ នេះនិយាយតែពីអ្នកគាំទ្រ CPP ដោយមិនបូកបញ្ចូលអ្នកគាំទ្រ CNRP ដែលប្រកាសធ្វើពហិការនោះទេ។

តាមព័ត៌មានទទួលបានថា គ.ជ.ប កំពុងពិចារណាឱ្យតំបន់ណាដែលមិនរងគ្រោះដោយទឹកជំនន់ បានបោះឆ្នោតតាមកាលបរិច្ឆេទ ថ្ងៃ២៩ កក្កដា ប៉ុន្តែកន្លែងលិចទឹក លិចទាំងមណ្ឌលបោះឆ្នោតនោះ ត្រូវពន្យារពេលសិនឱ្យបោះនៅពេលទឹកស្រកអស់។ ចំណុចនេះក៏មិនស្រួលដែរ ព្រោះការបោះឆ្នោតរតេតរតូត មុនក្រោយបែបនេះ មិនសូវឃើញមាននៅក្នុងស្តង់ដារអន្តរជាតិទេ ព្រោះថាការបោះឆ្នោតជាតិ គេធ្វើព្រឹបៗព្រមគ្នាតែម្តង មិនមែនដូចការបោះឆ្នោតជ្រើសតាំងគណៈកម្មការ ឬបង្កើតអង្គការ សមាគមនានានោះទេ។ ជួនកាលទៀត អ្នកបោះឆ្នោតមុនត្រឹមតែ១០ថ្ងៃ ក៏អាចបកក្រមរទឹកខ្មៅជាតិគីមី ដែលប្រឡាក់ម្រាមដៃចោលអស់ និងទៅឈរមើលអ្នកបោះឆ្នោតពេលក្រោយ។ សកម្មភាពបែបនេះ អាចនឹងរងការចោទប្រកាន់ពីពួកប្រឆាំង ឬអន្តរជាតិថា “បន្លំបោះឆ្នោត” មិនខាន ទោះជាការបោះឆ្នោតមានបញ្ជីឈ្មោះត្រឹមត្រូវក៏ដោយ។

ការរៀបរាប់ត្រួសៗខាងលើនេះ ជាផលវិបាកបង្កដោយគ្រោះទឹកជំនន់ លុះត្រាតែ គ.ជ.ប និងរដ្ឋាភិបាល ពន្យារពេលបោះឆ្នោតសិន ទើបល្អ។ ការពន្យារពេលនេះមិនខុសអ្វីទេ សូម្បីលោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ ក៏បានពន្យារការបោះឆ្នោត ប៉ុន្មានសាទៅហើយ មិនឃើញអី។ ចំណែកកម្ពុជា បើអាចពន្យារបាន ក៏ដូចជា “ទប់ស្កាត់ពហិការ” យ៉ាងមានប្រសិទ្ធភាព។ ចំណែកពួកប្រឆាំង ដែលធ្លាប់ស្នើឱ្យ “ពន្យារពេលបោះឆ្នោត ដើម្បីចរចា” នោះ ក៏មិនអាច “ស្រែកជយោ!” បានដែរ ព្រោះបញ្ហាពន្យារពេលបោះឆ្នោត បណ្តាលមកពីគ្រោះធម្មជាតិ មិនមែនជាចេតនានយោបាយ ចង់ទប់ស្កាត់ពហិការនោះទេ។

ដូច្នេះក្នុងកាលៈទេសៈដ៏លំបាកនេះ គួរតែអ្នកនយោបាយគ្រប់និន្នាការ គ្រប់គណបក្ស កាត់បន្ថយយុទ្ធនាការរកសំឡេងឆ្នោតសិន ដោយងាកទៅជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់វិញល្អជាង។ បក្សកាន់អំណាច ត្រូវទទួលបន្ទុកធ្ងន់ជាងគេ ក្នុងការបញ្ជូនមន្ត្រីជំនាញ ចុះដោះស្រាយពីផលប៉ះពាល់នេះ រីឯគណបក្ស១៩ទៀត ក៏មិនត្រូវបាំងដៃមើលនោះដែរ គួរបិទមីក្រូចាក់ផ្សាយគោលនយោបាយបក្ស ដោយចាក់ផ្សាយពីគោលការណ៍សង្គ្រោះមនុស្សវិញ។ រីឯពួកប្រឆាំង CNRP ដែលនៅក្រៅស្រុក ក៏គួរផ្អាកជម្លោះនយោបាយមួយគ្រាសិន ដោយទាក់ទងសុំជំនួយអន្តរជាតិ មកជួយពលរដ្ឋរងគ្រោះ ដែលក្នុងនោះ ក៏មានអ្នកគាំទ្រ CNRP ដែរ។

ផ្ទុយទៅវិញ បើពួកប្រឆាំងក្រៅស្រុក មិនជួយចូកជួយចែវ បែរជាស្រែក “ជយោ!ៗ ពន្យារពេលបោះឆ្នោតបានហើយ!” ឬស្រែកថា “CPP ចាញ់ប្រៀបយើងហើយ!” នោះ មិនហៅថា អ្នកនយោបាយមានគុណធម៌នោះទេ។ ចំណែកមន្ត្រី CPP បើមិនពន្យារពេលបោះឆ្នោត ឬចាត់ចែងបោះឆ្នោតរតេតរតូតមុនក្រោយ បណ្តាក់គ្នាដូចខ្យង ឬថា “ចង់យកឈ្នះពួកប្រឆាំង” អាចនឹងជួបផលវិបាកពីរឿង “អ្នកមិនទៅបោះឆ្នោតច្រើន” ចៀសមិនរួច។ “នគរធំ” ទទួលស្គាល់ថា អ្នកនយោបាយម្នាក់ៗ ចូលចិត្តកាន់ “អស្មិមានះ” បើចង់ទៅណា គឺទៅហ្នឹងហើយ ប៉ុន្តែយុទ្ធសាស្ត្រនយោបាយខ្លាំងដល់កម្រិតណាក៏មិនឈ្នះ “គ្រោះធម្មជាតិ” នោះដែរ។ បើអ្នកដឹកនាំប្រទេស ត្រៀមទៅសម្ពោធសមិទ្ធផលអ្វីមួយ ស្រាប់តែកើត “ផ្ទៃមេឃពុំជួកាល” នោះ មិនគួរប្រថុយប្រថានជិះឧទ្ធម្ភាគចក្រ ហោះកាត់ផ្ទៃមេឃនោះទេ។ យ៉ាងណាមិញ ការពន្យារពេលទៅសម្ពោធ ក៏មិនទាន់ហួសពេល ឯការពន្យារពេលបោះឆ្នោត ទោះជា “ផុតអាណត្តិ៥ឆ្នាំ” ក៏ប្រជាពលរដ្ឋមិនឱ្យខុសទេ ព្រោះតែគ្រោះទឹកជំនន់ ឯរដ្ឋាភិបាល ក៏នៅតែជា “រដ្ឋាភិបាលចាំផ្ទះ” ដដែល។

សរុបទៅ “សន្សឹមកុំបំបោល ក្រែងពុំដល់ដូចប្រាថ្នា” គ្រាន់តែជាការពញ្ញាក់ស្មារតីបក្សកាន់អំណាច និង គ.ជ.ប គួរពិចារណាពីគ្រោះទឹកជំនន់ ដែល “ឡើងស្រកៗ” មិនទៀងទាត់។ បើអាចពន្យារបាន គួរតែពន្យារពេលបោះឆ្នោត តែបើបោះបណ្តាក់គ្នាដូចខ្យង ក៏មិនល្អដែរ ហើយបើត្រឹម១សប្តាហ៍ ទឹកស្រកអស់នោះ ក៏មិនត្រូវពន្យារពេលនោះដែរ។ ចំណែកពួកប្រឆាំង ដែលចង់ឱ្យមានការពន្យារពេលបោះឆ្នោតនោះ ក៏មិនគួរមានមោទនភាពពេកដែរ និយាយរួម កាលៈទេសៈបែបនេះ អ្នកនយោបាយគ្រប់រូបគួរតែចុះជួយប្រជាពលរដ្ឋរងគ្រោះវិញ ប្រសើរជាងឈ្លោះគ្នាដណ្តើមអំណាច…៕

RELATED ARTICLES