លទ្ធផលសិក្សាស្រាវជ្រាវមួយ ដែលចេញផ្សាយក្នុងព្រឹត្តិបត្រ JAMA Oncology កាលពីពេលថ្មីៗកន្លងទៅនេះ លើកឡើងថា លំហាត់ប្រាណ អាចជាមធ្យោបាយកាត់បន្ថយអាការហេវហត់អស់កម្លាំងរបស់អ្នកកើតជំងឺមហារីក ល្អជាងការប្រើប្រាស់ឱសថ។
ដឹកនាំដោយវិទ្យាស្ថានមហារីក Wilmot Cancer Institute នៃសាកលវិទ្យាល័យ Rochester សហរដ្ឋអាមេរិក ការសិក្សាបានវិភាគលើអ្នកជំងឺចំនួន១១ពាន់នាក់ ដោយក្នុងនោះជិតពាក់កណ្តាលជាស្ត្រី ដែលមានជំងឺមហារីកសុដន់។ លទ្ធផលបង្ហាញថា ការហាត់ប្រាណតែមួយគត់ មានប្រសិទ្ធភាពធ្វើឱ្យថយចុះអាការហេវហត់អស់កម្លាំង ពាក់ព័ន្ធនឹងមហារីក។
លោកស្រី Karen Mustian អ្នកដឹកនាំការស្រាវជ្រាវពន្យល់ថា អ្នកជំងឺមហារីក បានប្រើប្រាស់ឱសថច្រើនមុខ ហើយជារឿយៗ ពួកគេតែងប្រឈមនឹងហានិភ័យពីផលប៉ះពាល់នានា បង្កដោយឱសថទាំងនោះ។ យ៉ាងណាក៏ដោយ ប្រសិនអ្នកជំងឺជួបប្រទះបញ្ហាហេវហត់ អស់កម្លាំង ពួកគេគួរឆ្លៀតពេលហាត់ប្រាណដោយដើរ១៥នាទី៕