ភ្នំពេញ ៖ អតីតប្រធានគណបក្សសម រង្ស៊ី និងជាឧត្តមទីប្រឹក្សានៃអតីតគណបក្សសង្គ្រោះជាតិ លោកគង់ គាំ ដែលពេលនេះមានសេរីភាពធ្វើនយោបាយឡើងវិញ ព្រមទាំងបានក្លាយជាប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ របស់កូនប្រុសពៅលោកទៀតនោះ បានហៅការប្រកាសចូលស្រុករបស់លោកសម រង្ស៊ី ថា ប្រៀបបានទៅនឹងផ្គរលាន់ តែមិនដែលមានភ្លៀងឡើយ។
លោកគង់ គាំ បានមានប្រសាសន៍ប្រាប់ “នគរធំ” កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ថា ”បាទ! ខ្ញុំវាយតម្លៃច្បាស់ថា រវាងគម្រោងពិតប្រាកដ គម្រោងដែលគ្រាន់តែប្រកាសហ្នឹង វាគ្មានការពិត ម្តងថាទុកឱ្យអន្តរជាតិជាអ្នកបង្ខំ មេដឹកនាំកម្ពុជា ហើយម្តងចេញមុខថា ខ្លួននឹងវិលមកហ្នឹង ដូច្នេះអត់មានអ្វីដែលជាការជាក់ស្តែងពិតប្រាកដនោះទេ។ ដូច្នេះហើយ ទើបខ្ញុំហៅថា ផ្គរលាន់មិនដែលភ្លៀងនោះ គឺខ្ញុំឃើញអំពាវនាវរកថវិកាឱ្យបាន៣០ម៉ឺនដុល្លារ ហើយរកអ្នកជូនពីប្រទេសថៃមក ឬពីក្រៅប្រទេសមក ហើយមានអន្តរជាតិជួយអមដំណើរ ឬក៏អំពាវនាវឱ្យអ្នកនៅក្នុងស្រុក ចាំទទួលលើកដៃ អីយ៉ាងម៉េច ហើយនិយាយរហូត លាយឡំគ្នារហូត ដើម្បីឱ្យរដ្ឋាភិបាលហ៊ុន សែន រលំអីហ្នឹង។ ដូច្នេះការវិលចូលរបស់សម រង្ស៊ី ហ្នឹង វាមិនខុសពីមុនរំលាយគណបក្សសង្គ្រោះជាតិ ហ្នឹង មេដឹកនាំបានប្រកាសដែរថា បើមិនមានការផ្លាស់ប្តូរជាវិជ្ជមានទេ គេមកនេះ មកប្រថុយ គេមកបំផុសកម្លាំងប្រជាពលរដ្ឋ ដើម្បីឆ្ពោះទៅរកការបោះឆ្នោត។ ដូច្នេះគឺវិធានការរបស់រដ្ឋាភិបាលប្រុងប្រៀបបង្ក្រាបកុំឱ្យមានបដិវត្តន៍ពណ៌នោះ។ ខ្ញុំគិតថា មេដឹកនាំដែលរងការចោទប្រកាន់ហ្នឹង គឺរៀនសូត្រ ដើម្បីឱ្យមានការផ្លាស់ប្តូរតាមបែបប្រទេសទុយនីស៊ី ហើយនិងស៊ែប៊ី ព្រោះនៅទុយនេស៊ី និងស៊ែប៊ី នោះ គេផ្លាស់ប្តូរដោយបំផុសកម្លាំងប្រជាពលរដ្ឋ ប្រឆាំងរដ្ឋអំណាច។ ដូច្នេះនោះហើយ ដែលជាមូលហេតុនាំឱ្យការចាប់ខ្លួនមេដឹកនាំគណបក្សសង្គ្រោះជាតិ ហើយនិងរំលាយគណបក្សសង្គ្រោះជាតិ។ ដូច្នេះបើថា លោកសម រង្ស៊ី ចូលឆ្នាំ ២០១៩ នេះ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋងើបឡើងឈូឆរ ដូច្នេះនោះជារឿងដែលគេហៅថា បដិវត្តន៍ពណ៌ហើយ”។
ភ្ជាប់ជាមួយចំណុចនេះ លោកគង់ គាំ ក៏បានបកស្រាយភ្ជាប់ជាមួយការលើកឡើងដែលថា ក្រុមអាវលឿង ជាអ្នកភ័យខ្លាចលោកសម រង្ស៊ី ចូលស្រុកនោះ វាជារឿងលាបពណ៌ បង្វែងដានកុំឱ្យសកម្មជននៅមូលដ្ឋាន មើលឃើញលោកសម រង្ស៊ី ជាមេដឹកនាំអន់ខ្សោយ ខ្វះភាពក្លាហានតែប៉ុណ្ណោះ។ ចំណែកក្រុមអាវលឿង បានបញ្ជាក់ជូនថា សូមអញ្ជើញអ្នកក្លាហាន នៅក្នុងព្រេងនិទាន “គង់ហ៊ាន” ឆាប់មក កុំនៅក្រៅស្រុកយូរពេក នាំឱ្យកូនចៅនៅក្នុងស្រុកកើតរោគចិត្តដល់កម្រិតធ្ងន់ អាចឆ្កួត ពិបាកព្យាបាល។
លោកគង់ គាំ បានមានប្រសាសន៍ពន្យល់ពីបញ្ហានេះថា “ចំពោះខ្ញុំៗដូចអត់ដែលប្រើពាក្យអាវលឿងទេ ប៉ុន្តែអ្នកក្រៅប្រទេសដូចជាមានប្រើ។ ដូច្នេះរវាងពណ៌លឿង ហើយនិងពណ៌ខៀវនេះ គេហៅថា ការជជែកគ្នា ការយកឈ្នះ-ចាញ់គ្នាផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ ដែលមានប្រភពពីសម រង្ស៊ី ហើយនិងមានប្រភពពីសិទ្ធិមនុស្ស ដែលប្រភពពីសិទ្ធិមនុស្ស គឺស្រលាញ់ពណ៌លឿង ហើយនៅក្នុងផ្ទៃរូបសញ្ញាគណបក្ស សង្គ្រោះជាតិ ហើយខាងគណបក្សសម រង្ស៊ី ស្រលាញ់ពណ៌ខៀវ ដែលជាផ្ទាំងរបស់រូបសញ្ញាអ៊ីចឹង។ ដូច្នេះយើងហៅថា ក្រុមពណ៌ខៀវ ហើយនិងក្រុមពួកលឿងហ្នឹង មានផ្ទៃក្នុងសង្គ្រោះជាតិ ដែលមានប្រភពពីសម រង្ស៊ី ហើយនិងសិទ្ធិមនុស្ស តែប៉ុណ្ណឹងទេ។ ក្នុងចំណុចនេះ ខ្ញុំសុំបកស្រាយថា នៅក្រៅស្រុក លោកសម រង្ស៊ី ពេល គេរំលាយគណបក្សសង្គ្រោះជាតិ បានបង្កើតចលនាសង្គ្រោះជាតិ ជំនួសគណបក្សសង្គ្រោះជាតិ។ បានន័យថា លោកកឹម សុខា ត្រូវបានគេចាប់ឃុំឃាំងហើយ ដូច្នេះអ្នកនៅក្រៅប្រទេស លោកសម រង្ស៊ី ហ្នឹង ទៅជាប្រធានចលនា ហើយ បន្ទាប់មក ប្រធានចលនានេះ រវាងលោកកឹម សុខា ហើយនិងរវាងសម រង្ស៊ី អន្តរជាតិ មិននិយាយដល់ឈ្មោះសម រង្ស៊ី ទេ ព្រោះថា ចលនានេះ វាក្រៅសង្គ្រោះជាតិ ដែលរងគ្រោះជាក់ស្តែងនៅឯប្រទេសកម្ពុជា។ ដូច្នេះ គេនិយាយតែពីសង្គ្រោះជាតិ ហើយនិងកឹម សុខា តែប៉ុណ្ណោះទេ ដូច្នេះសម រង្ស៊ី ស្វះស្វែងចង់ឱ្យលេចមុខលេចមាត់ ដែលមានចរន្តរបស់ខ្លួន ប៉ុន្តែចរន្តដែលហៅថា ចលនាសង្គ្រោះជាតិ ហ្នឹង មិនមានអ្នកណាយកខ្លួនបៀត។ អ៊ីចឹងហើយ បន្ទាប់មកត្រូវធ្វើសន្និសីទកម្រិតពិភពលោក នៅអាត្លង់តា រដ្ឋចចា សហរដ្ឋអាមេរិក ហ្នឹង ដើម្បីលេចខ្លួន ហើយប្រែខ្លូនពីចលនាសង្គ្រោះជាតិ វិលចូលមកគណបក្សសង្គ្រោះជាតិវិញ ដោយមិនមែនខ្ញុំអ្នកថាទេ ប៉ុន្តែក្រុមមាននិន្នាការកឹម សុខា និយម គឺជាអំពើបក្សប្រហារ មិនគោរពលក្ខន្តិកៈ និងគោរពគណៈកម្មការចំពោះកិច្ចអីអ៊ីចឹង។ ដូច្នេះគាត់វិលមកវិញទាំងប្រទូសរ៉ាយ ទាំងអត់មានស្របច្បាប់ទេ ហើយឥឡូវនេះ ពីអាត្លង់តា មកប៉ារីស ពីនោះ មកទីនេះ ពីអន្តរជាតិចេញមុខ មកចេញមុខផ្ទាល់ខ្លួនថា ប្រកាសចូលឆ្នាំ២០១៩ នេះ គឺសុទ្ធតែជាគង់ហ៊ានហើយ។ ដូច្នេះហើយ ប្រហែលជាភាសានេះ ជាភាសាក្រុមកឹម សុខា និយម ព្រោះការសាបខ្យល់ វិលចូលប្រទេសអី ទាំងអស់ហ្នឹង សុទ្ធតែធ្វើឱ្យអ្នកខាងក្នុងប្រទេសហ្នឹង គឺមានការគាបសង្កត់ មានការបែកបាក់គ្នា មានការកាន់តែស្ងាត់ជ្រងំទៅ ដោយសាររងសម្ពាធពីអាជ្ញាធរអីជាដើមហ្នឹង។ ដូច្នេះអ្នកដែលនិយាយថា គង់ហ៊ានចង់ឱ្យលោកសម រង្ស៊ី មកឆាប់ៗហ្នឹង គឺគេចង់និយាយថា បើចូលហើយ ក៏ចូលទៅ ដើម្បីឱ្យចប់រឿងសម រង្ស៊ី ទៅ កុំឱ្យនៅរ៉ាំរ៉ៃយូរ នៅប្រឹងប្រែង នៅរវើរវើយ មិនច្បាស់លាស់អីទៀត នាំតែវេទនាដល់គេទាំងអស់គ្នាហ្នឹង”។
ជុំវិញការប្រកាសវិលចូលស្រុក របស់លោកសម រង្ស៊ី នេះដែរ កញ្ញាកឹម មនោវិទ្យា អតីតអគ្គនាយិការង អគ្គនាយកដ្ឋានទំនាក់ទំនងសាធារណៈ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវជាកូនស្រីច្បងរបស់លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ បានបញ្ចោញសារចំអកឱ្យលោកសម រង្ស៊ី ថា នឹងមិនហ៊ានអើតក្បាលមកស្រុកខ្មែរទេ បានត្រឹមតែនិយាយចោល បើមិនអាចម៌ទេ សូមកុំឱ្យឆ្កែទាំងឡាយអរអី។
កញ្ញាកឹម មនោវិទ្យា បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់នាង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ថា “បើមិនអាចម៍ទេ កុំឱ្យឆ្កែត្រេកអរ! បន្ទាប់ពីបរាជ័យនៅឯក្រៅប្រទេស គ្មាននរណាគាំទ្រ និងគ្មានការទទួលស្គាល់ជាប្រធានស្តីទីបក្សសង្គ្រោះជាតិ មេបក្សក្លែងក្លាយ សម រង្ស៊ី បាននិងកំពុងប្រើយុទ្ធសាស្ត្រ និងវិធីសាស្ត្រផ្សេងៗ ដើម្បីស្វែងរកការចាប់អារម្មណ៍ពីអ្នកក្នុងស្រុកវិញម្តង តាមរយៈឱ្យក្រុមបក្ខពួកខ្លួនមួយក្តាប់តូច ថតវីដេអូគាំទ្រការវិលត្រឡប់របស់ខ្លួន និងព្យាយាមបំពងសំឡេងពីផែនការវិលវិញនេះ។ តែខ្ញុំពិតជាដឹងច្បាស់ថា លោក សម រង្ស៊ី ដែលមានធាតុកំសាកពីកំណើតមកនេះ នឹងមិនហ៊ានអើតក្បាលមកស្រុកខ្មែរទេ បនាត្រឹមតែនិយាយចោល ដើម្បីផ្តល់ក្តីសង្ឃឹមឱ្យក្រុមចោរលួចបក្សនៅក្នុងស្រុកតែប៉ុណ្ណោះ។ បើមិនអាចម៍ទេ សូមកុំឱ្យឆ្កែទាំងឡាយអរអី ហើយក៏ល្មមខ្មាសខ្លួនឯងដែរដែលថាចូលស្រុក តែមិនហ៊ានចូល ហើយពួនសម្ងំក្នុងរូង៕កុលបុត្រ