Monday, November 25, 2024
Homeនយោបាយលោកគឹម សុខ ថា លោកសុខ ឥសាន ពិការខួរក្បាល ពន្យុះឱ្យរាស្ត្រចងកំហឹងនឹងលោកសម រង្ស៊ី

លោកគឹម សុខ ថា លោកសុខ ឥសាន ពិការខួរក្បាល ពន្យុះឱ្យរាស្ត្រចងកំហឹងនឹងលោកសម រង្ស៊ី

ភ្នំពេញ ៖ លោកគឹម សុខ ដែលបច្ចុប្បន្នកំពុងរស់នៅប្រទេសហ្វាំងឡង់ដ៍ បានវាយប្រហារមកលើលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថា ពិការខួរក្បាល ទើបពន្យុះឱ្យរាស្ត្រចងកំហឹងនឹងលោកសម រង្ស៊ី។

លោកគឹម សុខ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ថា “បើចង់ដឹងថា ត្រូវចងកំហឹងនឹងអ្នកណា គឺត្រូវដឹងថា រឿងហេតុបណ្តាលឱ្យផ្តាច់ EBA (បើកើតមាន) ជាកំហុសរបស់បុគ្គលណាសិន។

ចំណុចពិចារណាងាយៗ ៖ ទាំងអ្នកការទូតបស្ចិមប្រទេស មានអនុប្រធានសភាបារាំង លោកស៊ីលវ៉ាំង វ៉ាសឺម៉ង់ (Sylvain Waser-man), ព្រឹទ្ធសមាជិកអាមេរិក… ទាំងអនុប្រធានស្នងការអឺរ៉ុប លោកស្រីហ្វេដេរីកា ម៉ូហ្កែរីនី (Federica Mogherini) និងលោកស្រីសាស្ត្រាចារ្យ រ៉ូណា ស្មីត (Rhona K. M. Smith) អ្នករាយការណ៍ពិសេសនៃឧត្តមស្នងការអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា… ជាបន្តបន្ទាប់បានរំឭកផង ដាស់តឿនផង ទាំងមានន័យព្រមានលោកហ៊ុន សែន និងរបបដឹកនាំរបស់គាត់ ឱ្យកែខ្លួន វិលទៅកាន់ដំណើរប្រជាធិបតេយ្យតាមដំណាក់កាល ដូចជា ការបោះឆ្នោតឡើងវិញជាដើម ដើម្បីគេចពីវិធានការជាសម្ពាធដ៏ធ្ងន់ពីសហគមន៍អន្តរជាតិ ដូចជាលទ្ធភាពនៃការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក….។

សំណួរងាយរកចម្លើយ ៖ ហេតុអ្វីពួកអ្នកការទូតជាន់ខ្ពស់ តំណាងមុខមាត់សហគមន៍អន្តរជាតិទាំងនេះ តែងតែរំឭកក្រុមលោកហ៊ុន សែន ឱ្យកែខ្លួនពេលជួបជំនុំការងារជាមួយគាត់ និងមន្ត្រីនៃរបបគាត់? ហើយចុះមានមូលហេតុអ្វី ទើបពួកគេមិនប្រាប់ក្រុមបក្សប្រឆាំង ឱ្យកែខ្លួនផង លើស្ថានភាពតានតឹងនៃនយោបាយ កម្ពុជា?

ចម្លើយងាយយល់ ៖ ជាធម្មតា គេមិនដែលប្រាប់អ្នកមិនខុសឱ្យកែខ្លួនទេ គឺទាល់តែអ្នកនោះ ប្រព្រឹត្តកំហុស ហើយជាកំហុសធ្ងន់ទៀត ទើបគេប្រាប់ឱ្យកែខ្លួន។ ជាក់ស្តែង អ្នកដែលគេប្រាប់ហើយរំឭកទៀតឱ្យកែខ្លួន គឺលោកហ៊ុន សែន ដូច្នេះអ្នកខុស គឺលោកហ៊ុន សែន។ បើអ្នកខុស យើងស្គាល់មុខច្បាស់ថា ជាក្រុមលោកហ៊ុន សែន ទៅហើយ តើនាំគ្នាទៅចងកំហឹងនឹងលោកសម រង្ស៊ី យ៉ាងម៉េច? ហេតុនេះ សម្តីអំពាវនាវរបស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឈ្មោះសុខ ឥសាន បើហ៊ានធ្វើជាសាធារណៈក្នុងចំណោមមហាជន ដោយមិនដាក់កម្លាំងការពារ អាចត្រូវស្វាគមន៍ដោយកំហឹងពីពលរដ្ឋដែលស្រលាញ់យុត្តិធម៌វិញ ដោយអ្វីៗដែលគេមិនដឹងជាមុន ថ្វីបើជាទូទៅ សាធារណជនប៉ះអ្វីជិតដៃ ទាញហ្នឹង ដូចជាដុំថ្ម…។

លោកសុខ ឥសាន ត្រូវរៀនឱ្យយល់ថា ជាក្រឹត្យក្រមធម្មជាតិទៅហើយ គេប្រាប់មនុស្សខុសឱ្យកែមារយាទ រីឯទាំងសីលធម៌សង្គម ទាំងក្រឹត្យវិន័យសាសនា និងទាំងច្បាប់គ្រប់គ្រងប្រទេស អ្នកដែលត្រូវទទួលទោសឬធ្លាក់នរក គឺអ្នកសាងបាបឬប្រព្រឹត្តខុស។

ដោយពិនិត្យស្ថានការណ៍ជាតិត្រឹមក្រោយការបោះឆ្នោត ឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន សហគមន៍អន្តរជាតិស្រាវជ្រាវឃើញទាំងអស់ អំពីកំហុសច្រំដែលដ៏ធ្ងន់របស់លោកហ៊ុន សែន ទើបពួកគេបង្កើនសម្ពាធចាប់ផ្តើមពីការប្រាប់ ក្រោយមករំឭក បន្តមកទៀតដាស់តឿនម្តង ហើយម្តងទៀត ហើយមិនឃើញកែ គេក៏ប្រើភាសាការទូត មានន័យព្រមាននិងបិទផ្លូវលើរបបលោកហ៊ុន សែន ជាពិសេសករណីផ្តាច់ EBA អឺរ៉ុប និង GSP អាមេរិក។

សហគមន៍អន្តរជាតិ ទាំងពលរដ្ឋខ្មែរដឹងច្បាស់ណាស់ថា ៖

១-ពួកអ្នកបង្ក្រាបបាតុករទាំងបាញ់សម្លាប់ ដូចជាករណីនៅផ្លូវវេងស្រេង ដើមឆ្នាំ២០១៤ គឺជាកម្លាំងនៃអាជ្ញាធរហ៊ុន សែន គណបក្សប្រជាជនកម្ពុជា ទាំងបរិបទនៃការធ្វើឃាតលើ លោកបណ្ឌិតកែម ឡី កាលខែកក្កដា ២០១៦ គឺជាការទទួលខុសត្រូវផ្នែកសីលធម៌ និងកាតព្វកិច្ចរបស់រដ្ឋាភិបាលលោកហ៊ុន សែន។ នេះអាចជាមូលហេតុដែលរដ្ឋាភិបាលលោកហ៊ុន សែន មិនហ៊ានចាប់ឃាតករពិត នាំយកទៅកាត់ទោស។

២-អ្នកអនុវត្តផែនការទុច្ចរិតប្តឹងគរកៀរ កម្ចាត់លោកសម រង្ស៊ី ពីឆាកនយោបាយ ក៏ហ៊ុន សែន-គណក្សប្រជាជនកម្ពុជា។

៣-អ្នកអនុវត្តផែនការទុច្ចរិតចាប់លោកកឹម សុខា ដាក់ក្នុងឃុំ ខែកញ្ញា ២០១៧ ក៏ លោកហ៊ុន សែន-គណបក្សប្រជាជនកម្ពុជា។

៤-អ្នកអនុវត្តផែនការរំលាយគណបក្សសង្គ្រោះជាតិ កាលពីខែវិច្ឆិកា ២០១៧ ក៏លោកហ៊ុន សែន-គណបក្សប្រជាជនកម្ពុជា។

៥-អ្នកអនុវត្តផែនការប្លន់យកកៅអីក្រុមប្រឹក្សាឃុំ-សង្កាត់ ចំនួន៥០០៧ តំណាងរាស្ត្រ ៥៥រូប រួមទាំងសមាជិកក្រុមប្រឹក្សាស្រុក-ខណ្ឌ ក្រុង ខេត្ត,រាជធានី ច្រើនរយនាក់ទៀតរបស់គណប្សសង្គ្រោះជាតិ ក៏លោកហ៊ុន សែន-គណបក្សប្រជាជនកម្ពុជា។

៦-អ្នកអនុវត្តផែនការនយោបាយទុច្ចរិត បោះឆ្នោតឧបកិច្ច ប្លន់យកអាសនៈសភាទាំង១២៥ កាលចុងខែកក្កដា ២០១៨ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិ ក៏លោកហ៊ុន សែន-គណបក្សប្រជាជនកម្ពុជា ។

៧-អ្នកដែលសហគមន៍អន្តរជាតិ ព្រមានឱ្យវិលទៅកាន់ប្រជាធិបតេយ្យ ដើម្បីប្រយោជន៍ពលរដ្ឋក្រីក្រខ្មែរទូទៅ ហើយរឹងទទឹងមិនព្រម ធ្វើឱ្យបានជាប្រយោជន៍កម្ពុជា ក៏លោកហ៊ុន សែន-គណបក្សប្រជាជនកម្ពុជា។

ហេតុនេះ ទាំងលោកសម រង្ស៊ី ទាំងលោកកឹម សុខា គណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរទូទាំងប្រទេស សុទ្ធតែជាអ្នករងគ្រោះដោយផែនការនយោបាយទុច្ចរិត អំណាចតត្រកូលនិយមរបស់លោកហ៊ុន សែន។ លោកសុខ ឥសាន ពិការម៉ាស៊ីនគិត ឬខួរក្បាលទេដឹង ទើបវង្វេង ប្រកាសពន្យុះឱ្យប្រជាពលរដ្ឋចងកំហឹង នឹងលោកសម រង្ស៊ី ជាជនរងគ្រោះដូច្នេះ?

លោកសុខ ឥសាន ត្រូវរៀនឱ្យយល់ ដើម្បីបំភ្លឺភាពងងឹតរបស់ខ្លួន អំពីរបៀបសម្រេចចិត្តរបស់សហភាពអឺរ៉ុប។ បើអឺរ៉ុប ផ្តាច់ EBA មែននោះ គេសំអាងលើរបាយការណ៍ស្វែងរកការពិតគ្រប់ជ្រុងជ្រោយពីក្រុមការងាររបស់គេ មិនមែនផ្អែកលើការបញ្ចុះបញ្ចូលរបស់លោកសម រង្ស៊ី ឬអ្នកណាឡើយ។ ការដាក់ផែនការ ដក EBA មិនមែនជាបំណងរបស់អឺរ៉ុប ចង់ធ្វើបាបកសិករ កម្មករខ្មែរទេ គឺព្រោះតែគេរកឃើញថា ក្រុមរបបលោកហ៊ុន សែន ប្រើប្រព័ន្ធអនុគ្រោះនេះ ដើម្បីបន្តប្រតោងអំណាចផ្តាច់ការអប្រជាធិបតេយ្យ និងប្រជាប្រិយភាពទាបរបស់គាត់។ គោលដៅ EBA អឺរ៉ុបសម្រាប់កម្ពុជា គឺដើម្បីជួយលើកស្ទួយជីវភាពគ្រួសារកម្មករ-កសិករក្រីក្រខ្មែរ និងការគោរពសិទ្ធិសេរីភាពពួកគាត់ ព្រមទាំងកែលម្អប្រជាធិបតេយ្យប្រទេស ជាដើម ក្នុងជំហាននាំកម្ពុជាឱ្យចម្រុងចម្រើន។ ប៉ុន្តែក្រុមលោកហ៊ុន សែន បែរជាគប់គិតជាមួយឈ្មួញទុច្ចរិតខ្មែរ-ចិន-យួន ពុករលួយ កេងប្រវ័ញ្ចពីគម្រោង EBA រីឯកម្មករ-កសិករ វិញ បានប្រយោជន៍មិនដល់១០%ផង។ របបគ្រួសារហ៊ុន សែន កើបផលសេដ្ឋកិច្ចពីកម្មករ-កសិករ ហើយសម្លាប់សិទ្ធិសេរីភាពមូលដ្ឋានរបស់ពួកគាត់ និងប្លន់អំណាចដឹកនាំប្រទេសទៀត គឺមិនបើកឱ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌។

ដូច្នេះកំហឹងនៃពលរដ្ឋក្រីក្រ កម្មករ-កសិករ និងពលសង្គមខ្មែរទូទៅនៅគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស មិនត្រឹមតែត្រូវពួកគាត់ចងទុកទេ ប៉ុន្តែនឹងទម្លាក់ជាក់ស្តែងលើពួកមេរោគបំផ្លាញសង្គម និងសម្លាប់ប្រជាធិបតេយ្យកម្ពុជា ឈ្មោះហ៊ុន សែន-សុខ ឥសាន”។

ទោះបីយ៉ាងណា លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានប្រតិកម្មឆ្លើយតបទៅលោកគឹម សុខ វិញថា លោកមិនពិការខួរក្បាលទេ គឺលោកគ្រាន់តែលើកឡើងតាមសម្តីលោកសម រង្ស៊ី ដែលប្រកាសឱ្យអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប ដាក់សម្ពាធមកលើកម្ពុជា។ ដូច្នេះបើសិនជាសហភាពអឺរ៉ុប ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ ប្រជាពលរដ្ឋច្បាស់ជាចងកំហងនឹងលោកសម រង្ស៊ី ដោយខ្លួនឯងមិនខាន ដោយមិនមែនលោក ឬគណបក្សប្រជាជនកម្ពុជា ពន្យុះពួកគាត់ឱ្យចងកំហឹងទេ។ ម៉្យាងទៀត ការដែលលោកគឹម សុខ មួលប្រកាច់ វាយប្រហារមកលើរាជរដ្ឋាភិបាល ជាពិសេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នោះ បើត្រឡប់ចូលស្រុកវិញ លោកគឹម សុខ អាចប្រឈមនឹងបណ្តឹងមួយទៀត។

លោកសុខ ឥសាន បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៩ ថា “អាហ្នឹងវាជារឿងការជាក់ស្តែង ពីព្រោះទណ្ឌិតសម រង្ស៊ី អ្នកនិយាយខ្លួនឯងថា ខ្លួនមានតួនាទីសំខាន់ ហើយមានកិត្តិយសនៅក្នុងសហគមន៍អឺរ៉ុបហ្នឹង ផ្តាច់ជំនួយ ឬប្រព័ន្ធអនុគ្រោះពន្ធ EBA ហ្នឹងពីកម្ពុជា។ អ៊ីចឹងបើកាលណាផ្តាច់អនុគ្រោះពន្ធពីកម្ពុជា វាមានផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករ និយោជិត ហើយកម្មករ និយោជិត ក៏គាត់មានបញ្ហាលំបាកជាច្រើននៅក្នុងការជួយក្រុមគ្រួសាររបស់គាត់។ អ៊ីចឹងសួរថា អ្នកណាធ្វើឱ្យសហគមន៍អឺរ៉ុប ហ្នឹង ផ្តាច់ជំនួយពីកម្ពុជា? មានតែសម រង្ស៊ី ហ្នឹង ហើយជាអ្នកផ្តាច់ ដែលជាអ្នកអួតខ្លួនឯង ខ្ញុំមានទៅថាឯណា គឺគាត់ថាខ្លួនឯង។ អ៊ីចឹងអ្នកណាដែលធ្វើឱ្យសហគមន៍អឺរ៉ុប ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធហ្នឹង ដែលធ្វើប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករនិយោជិត ក៏ដូចជារបស់ប្រជាជនកម្ពុជា ចិញ្ចឹមឪពុកម្តាយគាត់ អាហ្នឹងហើយ វាត្រូវយ៉ាងម៉េច? ប្រាកដជាប្រជាពលរដ្ឋលោកចងកំហឹង លោកថ្នាំងថ្នាក់ជាមួយអំពើទុច្ចរិតរបស់ទណ្ឌិតសម រង្ស៊ី ហ្នឹងហើយ។ ដូច្នេះខ្ញុំនិយាយអ៊ីចឹង រឿងអីខួរក្បាលខ្ញុំទៅខូច ខួរក្បាលអាអ្នករត់ចោលស្រុកនោះវាខូច”។

លោកសុខ ឥសាន បន្តថា “ចំពោះលោកសម រង្ស៊ី ជាអ្នករងគ្រោះនោះ គឺជាការទទួលស្គាល់ហើយថា ទណ្ឌិតសម រង្ស៊ី ជាអ្នករងគ្រោះដោយអំពើទុច្ចរិតរបស់ខ្លួនឯង អាហ្នឹងខ្ញុំឡងទៅវិញ គឺអ្នកដែលរងគ្រោះហ្នឹងមកពីទង្វើអវិជ្ជមានរបស់ខ្លួនឯង ហើយវាច្បាស់លាស់ ហើយបរទេសវាយតម្លៃពីអំពើពុករលួយនៅកម្ពុជា ក៏អ្នកវិភាគហ្នឹងគាំទ្រ ហើយការពិត ជាក់ស្តែងមួយទៀត ដែលទើបនឹងនិយាយថ្មីៗនេះ គឺអ្នកវិភាគរត់ចោលស្រុកហ្នឹង ចោទប្រកាន់មកលើរាជរាជរដ្ឋាភិបាល គណបក្សប្រជាជន ថាចង់ធ្វើវិសោធនកម្មរំលាយរបបរាជានិយម ទៅជារបបសាធារណរដ្ឋ អី ក៏ដឹងចិត្តគណបក្សប្រជាជនកម្ពុជា ជាងគណបក្សប្រជាជនកម្ពុជា ម៉្លេះ! អាហ្នឹងខួរក្បាលល្អហើយ ដែលនិយាយផ្ទុយពីការពិតជាក់ស្តែង។ អាហ្នឹងជាការញុះញង់ ជាការមួលបង្កាច់ធ្ងន់ណាស់ វាផ្ទុយអំពីការពិតជាក់ស្តែង វាត្រូវទទួលបណ្តឹងទៀតហើយ ពីព្រោះរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ការពាររបបរាជានិយម ការពាររដ្ឋធម្មនុញ្ញឱ្យបានគង់វង្សមកដល់សព្វថ្ងៃ ហើយអ្វីសំខាន់ទៀត សម្តេចតេជោ ការពារប្រជាពលរដ្ឋ ដូច្នេះមូលហេតុអីបានជាអ្នកវិភាគរត់ចោលស្រុក និយាយបែបនេះផ្ទុយពីការពិត? ដូច្នេះខ្ញុំអត់មានអីបញ្ជាក់ទេ គ្រាន់តែថា ទោះបីអ្នកវិភាគរត់ចោលស្រុកហ្នឹងនៅក្មេងក៏ពិតមែន ក៏ប៉ុន្តែនៅក្មេងទាំងចំណេះវិជ្ជាខ្លួនឯង មានសញ្ញាបត្រប៉ុនណាក៏ដោយ តែនិយាយអំពីសច្ចធម៌ ផ្ទុយអំពីក្រឹត្យក្រមសត្យានុម័ត អាហ្នឹងអ្នកឯងមិនអាចទទួលបានការគាំទ្រពីមហាជនពីប្រជាជនកម្ពុជាទេ ហើយបើសិនជាចូលស្រុក អាចប្រឈមនឹងផ្លូវច្បាប់ទៀត អាហ្នឹងគឺអ៊ីចឹង ហើយប្រជាជនគេមានការថ្នាំងថ្នាក់ មានការចងកំហឹងជាមួយអ្នកវិភាគ ដែលប្រមាថជាតិសាសន៍ឯង ដែលប្រមាថរាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោត ដែលមានប្រជាជនជាង៨៣% ទៅចូលរួមបោះឆ្នោត”៕ កុលបុត្រ

RELATED ARTICLES