Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា​បង្កើន​ការ​រឹត​បន្តឹង​ឥណ​ទាន​ដើម្បី​បញ្ចៀស​ហា​និភ័យ

ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុ​នានា​បង្កើន​ការ​រឹត​បន្តឹង​ឥណ​ទាន​ដើម្បី​បញ្ចៀស​ហា​និភ័យ

ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានធ្វើការរឹតបន្តឹង និងកាន់តែវិភាគនៃការផ្តល់ឥណទានរបស់ខ្លួន ដើម្បីទប់ស្កាត់ហានិភ័យក្នុងវិស័យនេះ។

លោកស៊ីម សេនាជាតិអគ្គនាយកមីក្រូហិរញ្ញវត្ថុប្រាសាក់បានថ្លែងឲ្យដឹងតាម ទូរស័ព្ទនៅព្រឹកថ្ងៃទី៥ កញ្ញានេះថា មានកត្តាមួយចំនួនទាក់ទងនឹងបញ្ហាអាកាសធាតុ និងការប្រមូលផលរបស់កសិករ មិនបានតាមផែនការ ទើបបានធ្វើឲ្យឥណទាននៃការសងត្រលប់មានភាពយឺតយ៉ាវ ដែលធ្វើឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានារឹតបន្តឹងឥណទានរបស់ខ្លួន ប៉ុន្តែកំណើននៃការសងត្រលប់យឺតបែបនេះ មិនទាន់ផ្តល់ហានិភ័យដល់វិស័យនេះនៅឡើយទេ។

People

លោកបន្តថា “ប៉ុន្តែទោះជាយ៉ាងណាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានរឹងបន្តឹង និងប្រុងប្រយ័ត្នជាងមុនក្នុងការផ្តល់ឥណទានដល់ប្រជាពលរដ្ឋ ព្រោះការសងត្រលប់យឺតជាងមុន ប៉ុន្តែមិនទាន់ដល់ដំណាក់កាលគួរឲ្យព្រួយបារម្ភទេ”។លោកបន្តថា “ការកើនឥណទានយឺតឬលឿន អាស្រ័យលើតម្រូវការរបស់ប្រជាពលរដ្ឋ និងគោលនយោបាយឥណទានរបស់មីក្រូហិរញ្ញវត្ថុនានា”។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ឥណទាននៃការសងយឺតយ៉ាវ បានកើនពី០.៨៣ភាគរយកាលពីឆ្នាំមុន ដល់១៣ភាគរយនាឆ្នាំនេះ។

លោកស៊ីម សេនាជាតិបានបន្តថា ការផ្តល់ឥណទានដល់ប្រជាពលរដ្ឋកាន់តែច្រើន ហើយប្រជាពលរដ្ឋកាន់តែច្រើនជំពាក់បំណុលស្ថាប័នមីក្រីហិរញ្ញវត្ថុ គឺទាក់ទងនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះបើប្រជាពលរដ្ឋត្រូវការប្រាក់ធ្វើអាជីវកម្ម ប៉ុន្តែពួកគេមិនទទួលបាន ពួកគេអាចងាកទៅរកប្រភពផ្សេងទៀត។ លោកបន្តថា វាមិនមានហានិភ័យដល់ប្រជាពលរដ្ឋទេ បើទោះជាពួកគេខ្ចីប្រាក់ច្រើនក៏ដោយ ឲ្យតែការខ្ចីនោះយកទៅធ្វើអាជីវកម្មដើម្បីបង្កើតប្រាក់។

លោកឧកញ៉ាហួត អេងតុងប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ប្រសិនជាគិតភាគរយនៃទំហំឥណទាន គឺមានការថមថយនាឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែបើគិតពីទំហំទឹកប្រាក់ គឺមិនមានការថមថយទេបើធៀបនឹងឆ្នាំមុន។លោកបន្តថា កំនើនទំហំឥណទានយឺតយ៉ាវជាងឆ្នាំមុន ដោយសារសមាគមបានរៀបចំទយុទ្ឋសាស្រ្តបែបនេះ ព្រោះបើកំណើនឥណទានលឿនពេក វាអាចមានហានិភ័យដល់សេដ្ឋកិច្ច និងសង្គមរបស់យើង។

លោកបន្តថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាបានពង្រឹង និងវិភាគជាងមុនក្នុងការផ្តល់ឥណទាន ព្រោះឥណទានសងត្រលប់នាឆ្នាំនេះ មានភាពយឺតយ៉ាវជាងឆ្នាំមុន ប៉ុន្តែវាមិនមានហានិភ័យទេ”។លោកបន្តថា “ធៀបជាមួយបណ្តាប្រទេសនានា ការផ្តល់ឥណទាន និងគុណភាពនៃឥណទានរបស់យើង នៅតែមានភាពល្អប្រសើរនៅឡើយ”។

យោងតាមរបាយការណ៍របស់សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា គិតត្រឹមរយៈពេល៦ខែដើមឆ្នាំនេះ ទំហំឥណទានសរុបក្នុងវិស័យនេះបានកើនដល់ចំនួន៣២០០លានដុល្លារអាមេរិក ហើយវិស័យនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋជាង២ម៉ឺននាក់។

ឯកឧត្តមវង្សី វិស្សុតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានទទួលស្គាល់ថា កំណើនឥណទានឆាប់រហ័ស ពិតជាផ្តល់ហានិភ័យដល់សេដ្ឋកិច្ច ប៉ុន្តែការផ្តល់ឥណទានក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុបានថមថយ ធ្វើឲ្យហានិភ័យក្នុងវិស័យនេះត្រូវបានកាត់បន្ថយហើយ៕

ដោយ ៖ គង់ លាងហួរ

RELATED ARTICLES