ភ្នំពេញ ៖ មន្ត្រីបក្សកាន់អំណាច បានលើកឡើងថា ពាក់ព័ន្ធការដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃរបស់បងប្អូនកម្មករដែលវិលត្រឡប់ពីស្រុកកំណើតពីសំណាក់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្រុមប្រឆាំង បែរជាចាត់ទុកថាជាការដាក់ទណ្ឌកម្មទៅវិញ ដែលពួកប្រឆាំងផ្កាប់មុខនេះ មិនចេះមើលកាលៈទេសៈសោះ។
លោកជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាទីប្រឹក្សាផ្ទាល់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (គណបក្សកាន់អំណាច) បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២០ ថា “ការដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ចំពោះមនុស្សដែលសង្ស័យ គឺជាវិធានរបស់អង្គការសុខភាពពិភពលោក តម្រូវឱ្យត្រូវតែអនុវត្តបែបនេះ ដើម្បីតាមដានរកវីរុសកូវីដ-១៩ មិនមែនជាការដាក់ទណ្ឌកម្មដូចមនុស្សមួយចំនួនបានចោទប្រកាន់នោះទេ។ សូមអស់លោកបើកភ្នែកមើលពិភពលោកដោយប្រើវិចារណញ្ញាណ មិនមែនហាមាត់និយាយតាមបែបសភាវគតិដូច្នេះទេ។

រាជរដ្ឋាភិបាល ពិតជាត្រូវចំណាយកម្លាំង និងថវិកាមិនតិចទេក្នុងការអនុវត្តចត្តាឡីស័កចំពោះកម្មករ រយៈពេល១៤ថ្ងៃនេះ ព្រោះត្រូវផ្តល់ម្ហូបអាហារបីពេល ក្នុង១ថ្ងៃ ការមើលថែ ការការពារសុវត្ថិភាពសព្វបែបយ៉ាង។ សួរថា កត្តាទាំងនេះ តើអ្នកណាជាអ្នកនាំឱ្យកើតឡើង? ហើយរាជរដ្ឋាភិបាល ចង់ធ្វើបែបហ្នឹងទេ?
បើអស់លោកពិតជាមានមនសិការគិតគូរដល់កម្មករមែន សូមអស់លោកជួយផ្តល់កម្លាំងចិត្ត និងជួយណែនាំពួកគាត់ឱ្យយល់ពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីសុវត្ថិភាពសុខភាពទាំងអស់គ្នា ទើបប្រសើរ មិនមែនប្រើភាសាញុះញុងបែបហ្នឹងទេ។
ខ្ញុំពិតជាមានភាពខ្មាសអៀនជំនួសពួកអស់លោក ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ឆ្ងល់ ហេតុអីបានជាផ្នត់គំនិតប្រឆាំងរបស់អស់លោកក្រាស់ដល់ម៉្លឹង? ហេតុអីបានជាប្រឆាំងមិនចេះមើលកាលៈទេសៈបែបនេះ? ប៉ុន្តែដោយសារតែបែបហ្នឹងហើយ បានជាទៅមុខមិនរួច”។

លោកជុំ កុសល បានសរសេរបន្ថែមនៅថ្ងៃដដែលថា “អរុណសួស្តីថ្ងៃអាទិត្យ សូមជូនពរបងប្អូនសុវត្ថិភាពក្នុងការធ្វើដំណើរ។
មានរឿងហួសចិត្តមួយព្រឹកនេះ ដោយសារតែឃើញមានអ្នកចោទថា ការដាក់ឱ្យនៅដាច់ដោយឡែកចំនួន១៤ថ្ងៃរបស់បងប្អូនកម្មករ ដែលវិញត្រឡប់ពីស្រុកកំណើត ពីសំណាក់ក្រសួងសុខាភិបាល គឺជាការដាក់ “ទណ្ឌកម្ម” ទៅវិញ។ នេះបានចំជាអ្នកកំពូលទើស មិនយល់ពីស្ថានការណ៍មែន។
ពេលរាជរដ្ឋាភិបាល មិនអនុញ្ញាតឱ្យឈប់សម្រាកចូលឆ្នាំ ក៏មានអ្នកទៅញុះញុងកម្មករឱ្យប្រឆាំងបទបញ្ជា និងឱ្យនាំគ្នាសម្រុកទៅស្រុក។ ដល់ពេលត្រឡប់មកវិញ ក្រសួងអនុវត្តវិធីចត្តាឡីស័ក ដើម្បីតាមដានសុខភាព បែរជាមកចោទថា ដាក់ទណ្ឌកម្ម។ បំណងពួកនេះប្រហែលជាគេចង់ឃើញប្រជាពលរដ្ឋកម្ពុជា ឆ្លងកូវីដ-១៩ ពេញប្រទេស ហើយស្លាប់គរជើងគ្នាដូចនៅអ៊ីតាលី បារាំង អាមេរិក ទើបគេស្ងប់ចិត្ត”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកជុំ កុសល បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ថា “ចង់និយាយថា អ្វីដែលគាត់មានគំនិតប្រឆាំងហ្នឹង មិនថាប្រឆាំងអ្វីទេ គឺថាប្រឆាំងផ្កាប់មុខ ប្រឆាំងអត់មានមើលស្ថានភាពប្រទេសជាតិ ប្រឆាំងអត់មើលកាលៈទេសៈ ដូចករណីមេសហជីព គាត់គួរតែអរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ពិនិត្យតាមដានសុខភាពកម្មករ គាត់លើកទឹកចិត្តកម្មករទៅឱ្យចូលរួម សហការជាមួយរាជរដ្ឋាភិបាលទៅ អាហ្នឹងបានហៅថា គាត់ការពារផលប្រយោជន៍កម្មករ គាត់មានមនសិការការពារកម្មករពិតប្រាកដ តែនៅពេលដែលរាជរដ្ឋាភិបាលអនុវត្តវិធានការ ដើម្បីសុខភាពកម្មករ វាទៅជាគាត់ចោទរាជរដ្ឋាភិបាលថា ធ្វើទណ្ឌកម្មដល់កម្មករទៅវិញ វាផ្ទុយគ្នាស្រឡះពីវិធានការដើម្បីការពារកម្មករពីជីងឺកូវីដ-១៩”។

លោកជុំ កុសល បន្តថា “ការប្រឆាំងផ្កាប់មុខនេះ វាពិតហើយ វាគ្រោះថ្នាក់។ គ្រោះថ្នាក់យ៉ាងម៉េច? គ្រោះថ្នាក់ហ្នឹង គាត់មានផ្នត់គំនិតមួយប្រឆាំងមិនមើលកាលៈទេសៈ គឺថា គាត់អត់ខ្វល់ ធ្វើម៉េចឱ្យតែថាប្រឆាំង។
ខ្ញុំឧទាហរណ៍ ដូចករណីរឿងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលអ៊ីចឹង ចូលឆ្នាំ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល លោកមិនអនុញ្ញាតឱ្យឈប់សម្រាកទៅចូលឆ្នាំទេ ព្រោះខ្លាចឆ្លងកូវីដ លោកដាក់វិធានការ ការពារដើម្បីទាំងអស់គ្នា ប៉ុន្តែគាត់នេះ គាត់បែរជាញុះញង់កម្មករឱ្យប្រឆាំងនឹងបទបញ្ជាឱ្យកម្មករសម្រុកទៅស្រុក អាហ្នឹងហើយដែល វាគ្រោះថ្នាក់។
អ៊ីចឹងឃើញកម្មករមួយចំនួន គាត់ទៅដល់ត្រឡប់មកវិញ គេធ្វើចត្តាឡីស័ក គាត់បែរទៅជាចោទ ត្រង់ហ្នឹងដែលគ្រោះថ្នាក់មួយ គ្រោះថ្នាក់ត្រង់ថា ដើម្បីបំពេញមហិច្ឆតាប្រឆាំងរបស់គាត់ៗអត់ខ្វល់ ដឹងតែពីប្រឆាំង ទោះបីជាស្ថានការណ៍យ៉ាងម៉េចក៏ដោយ អាហ្នឹងវានាំឱ្យគ្រោះដល់ជាតិហើយ។
អ៊ីចឹងបើសិនជាគាត់ធ្វើអ៊ីចឹងហើយ បែរជាជំងឺហ្នឹងវារាតត្បាតឆ្លងស្លាប់គរជើងដូចនៅប្រទេសគេ បញ្ហា វាវីវរធំហើយ ដោយសារតែអាផ្នត់គំនិតប្រឆាំងរបស់គាត់ មិនមើលកាលៈទេសៈហ្នឹងហើយ”៕
កុលបុត្រ