ភ្នំពេញ ៖ បន្ទាប់ពីលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោក ត្រូវបានប្រមុខរដ្ឋស្តីទី បញ្ចប់តំណែងសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី តាមការស្នើសុំរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មក លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា លោកអត់មានអ្វីភ័យខ្លាចនោះទេ អ្វីដែលលោកធ្វើរាល់ថ្ងៃ គឺធ្វើទៅតាមព្រះរាជក្រឹត្យដែលបានចែងអំពីភារកិច្ច និងឆន្ទៈគណបក្ស។

យោងតាមព្រះរាជក្រឹត្យ លេខ នស,រកត ០៥២០,៤៧៩ ចុះថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយសម្តេចសាយ ឈុំ ប្រមុខរដ្ឋស្តីទី បានត្រាស់បង្គាប់បញ្ចប់មុខតំណែងលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង សមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី។
ក្រោយពីត្រូវបានដកចេញពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានសរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់លោកថា “ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ ការពារប្រយោជន៍ពលរដ្ឋ ខ្ញុំបានខិតខំអស់លទ្ធភាពហើយ។ តែមិនថានៅទីណាឬកន្លែងណា ខ្ញុំនៅតែជាអ្នកបម្រើដ៏ស្មោះត្រង់របស់ពលរដ្ឋគ្រប់គ្នា”។
លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះបានទេ កាលពីម្សិលមិញ។
ដោយឡែក លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ថា សម្រាប់លោកអត់មានអ្វីភ័យខ្លាចដោយសារការបញ្ចប់តួនាទីប្រធានគណបក្សខ្មែរក្រោក នោះទេ អ្វីដែលលោកធ្វើរាល់ថ្ងៃ គឺធ្វើទៅតាមព្រះរាជក្រឹត្យដែលបានចែងអំពីភារកិច្ច និងឆន្ទៈគណបក្ស។

លោកពេជ្រ ស្រស់ បានមានប្រសាសន៍ថា “ខ្ញុំដូចជាមិនមានអីត្រូវរាំងស្ទះដោយសារតែគេដក បញ្ចប់តួនាទីរបស់ឯកឧត្តម William ទេ ប៉ុន្តែគ្រាន់ថា រយៈកាលនេះវាគាប់ជួននឹងជំងឺកូវីដ-១៩ ហើយអ៊ីចឹងខ្ញុំមិនដឹងថា ត្រូវដោះស្រាយបញ្ហាពលរដ្ឋណាមួយទេ គ្រាន់តែផ្សព្វផ្សាយឱ្យពលរដ្ឋយល់ដឹងអំពីការការពារខ្លួនកុំឱ្យឆ្លងមេរោគកូវីដ-១៩ហ្នឹងទេ ពីព្រោះបើយើងដាក់បេសកកម្មចុះទៅស្វែងរកតម្រុយបញ្ហារបស់ប្រជាពលរដ្ឋ ក៏វាអត់មានបានផលអីដែរ ព្រោះថ្នាក់ដឹកនាំជាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏រវល់ដែរពីរឿងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អ៊ីចឹងកាលណាចុះទៅ វាអត់បានផល ហើយអត់បានផល យើងចុះទៅធ្វើអី អ៊ីចឹងបានយើងស្ងប់ស្ងាត់មួយរយៈ ដើម្បីប្រយុទ្ធប្រឆាំងនូវមេរោគកូវីដ-១៩ នេះឯង”។
លោកពេជ្រ ស្រស់ បន្តថា “យើងកំពុងតែធ្វើជាបន្តបន្ទាប់ ប៉ុន្តែដោយសារតែមេរោគកូវីដ-១៩ វាយលុកទៅធ្វើឱ្យប្រព័ន្ធការពារថ្នាក់ជាតិ និងក្រោមជាតិហ្នឹង មានការរអាក់រអួល។ អ៊ីចឹងថ្នាក់ដឹកនាំមួយចំនួន លោករវល់មិនអាចធ្វើបញ្ហាអ្វីក្រៅពីនាំគ្នាទប់ស្កាត់មេរោគកូវីដ-១៩ហ្នឹងទេ អ៊ីចឹងនៅពេលដែលមានថ្នាំវ៉ាក់សាំង ក៏ដូចជាថ្នាំព្យាបាលមេរោគហ្នឹងមកដល់កម្ពុជា យើងនឹងធ្វើបន្តទៀត តែយើងក៏មិនបោះបង់ចោល”។

លោកពេជ្រ ស្រស់ បន្តទៀតថា “ការដកនេះ មិនមែនជាការព្រមានទេ ព្រោះអ្វីៗគឺបានចែងច្បាស់លាស់ហើយនៅក្នុងព្រះរាជក្រឹត្យ និយាយរួម គឺសម្រាប់ខ្លួនខ្ញុំអត់មានភ័យខ្លាចទេ ព្រោះយើងធ្វើការដោយទឹកចិត្តត្រឹមត្រូវរបស់យើង អ៊ីចឹងអត់មានភ័យព្រួយខ្លាចបាត់បង់តំណែងទេ យើងមិនដែលដាក់គោលដៅចង់បានតំណែងអស់ហ្នឹងផង។
ដូច្នេះសុំឱ្យពលរដ្ឋកុំយល់ច្រឡំ ការបញ្ចប់តំណែង មានន័យថា បញ្ចប់ការងារឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទាំងមូល វាមានប្រតិភូគណបក្សដទៃទៀត ក្រៅពីគណបក្សខ្មែរក្រោក មានគណបក្សយុវជន មានគណបក្សផ្សេងៗអ៊ីចឹង។ អ៊ីចឹងសុំឱ្យប្រជាពលរដ្ឋកុំទាន់អាលគិតអីខុសពីអ្វីដែលរដ្ឋាភិបាលធ្វើ នៅតែបម្រើពលរដ្ឋដដែល។

អ៊ីចឹងការបញ្ចប់មុខតួនាទី យើងត្រូវមើលដើមហេតុ ហើយឥរិយាបថរបស់ប្រតិភូមួយៗ យើងធ្វើការប្រកបទៅដោយចំណេះដឹង និងជំនាញច្បាស់លាស់ ហើយបើយើងធ្វើការតាមអារម្មណ៍ អាហ្នឹងគឺខុសច្បាប់ វាខុសនឹងសីលធម៌ ខុសនឹងក្រឹត្យក្រមហើយ។
ដូច្នេះចង់មិនចង់ គឺថា គេនឹងពិចារណាបញ្ចប់តួនាទី គេអាចមានសិទ្ធិហៅមកព្រមាន ឬក៏បញ្ចប់តួនាទីតែម្តង ហើយសុំបញ្ជាក់ផងដែរថា ការបញ្ចប់មុខងាររបស់ឯកឧត្តម William មិនបានមានន័យថា បញ្ចប់កូតាគណបក្សខ្មែរក្រោក ក្នុងឧត្តមក្រុមប្រឹក្សាឯណា គាត់នៅមានពីររូបទៀត ជាតំណាងរបស់ឯកឧត្តមវីល្លៀម។ អ៊ីចឹងគណបក្សខ្មែរក្រោក អាចចាត់តំណាងណាមួយមកធ្វើជាប្រធានប្រតិភូបានទៀតតើ! អ៊ីចឹងសូមកុំឱ្យមានការយល់ច្រឡំ”។

គួរបញ្ជាក់ថា ការសម្រេចបញ្ចប់មុខតំណែងលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់នេះ ធ្វើឡើងក្រោយពីមានប្រតិកម្មពីក្រសួងបរិស្ថានចំពោះលោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ប្រធានប្រតិភូគណបក្សខ្មែរក្រោក ដែលបានដឹកនាំសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ចុះបំពេញបេសកកម្មនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ភូមិសាស្ត្រស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ ២០២០ ថាជាទង្វើគ្មានការទទួលខុសត្រូវ និងភាពមិនយល់ដឹងអំពីរបៀបរបប និងនីតិវិធីនៃការបំពេញការងារនៅក្នុងក្របខ័ណ្ឌនៃការងាររដ្ឋបាលសាធារណៈ ចរិតក្រអឺតក្រទម និងការប្រើប្រាស់ពាក្យសម្តីប្រមាថ មួលបង្កាច់ ចោទប្រកាន់ដោយគ្មានមូលដ្ឋានភ័ស្តុតាងច្បាស់លាស់ មកលើអាជ្ញាធរមូលដ្ឋាន និងមន្ត្រីមាន សមត្ថកិច្ចដែលមិនស័ក្តិសមជាអ្នកមានសមត្ថកិច្ច និងជាដៃគូរាជរដ្ឋាភិបាល ចុះបំពេញបេសកកម្ម នោះទេ៕
កុលបុត្រ