ភ្នំពេញ ៖ បន្ទាប់ពីមានមនុស្សមួយចំនួនឆ្ងល់ថា ហេតុអ្វីបានជាលោកស្ងាត់ម៉្លេះមួយរយៈនេះ មិនឃើញធ្វើសកម្មភាពនយោបាយអ្វីជួយសង្គម គួរឱ្យចាប់អារម្មណ៍ទៀត? ប្រហែលមកពីខ្លាចសម្តេចហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ស្តីឱ្យរឿងប្រជាពលរដ្ឋជំពាក់បំណុលធនាគារទេដឹង? លោកពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ឋានៈស្មើទេសរដ្ឋមន្ត្រី បានចេញមកបញ្ជាក់ថា លោកស្ងាត់ព្រោះកូវីដ-១៩ មិនមែនស្ងាត់ព្រោះសម្តេចហ៊ុន សែន ទេ។
លោកពេជ្រ ស្រស់ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ថា “មានបងប្អូនមួយចំនួនសួរខ្ញុំថា… ហេតុអ្វីបានជាឯកឧត្តមស្ងាត់ម៉្លេះមួយរយៈនេះ? ខ្ញុំសូមឆ្លើយតបទៅបងប្អូនមួយចំនួនទាំងនោះវិញថា ខ្ញុំមិនមែនស្ងាត់ទេ ក៏ប៉ុន្តែការងារដែលខ្ញុំត្រូវធ្វើគឺខ្ញុំបានធ្វើរួចអស់ហើយ នៅក្នុងកាលៈទេសៈមេរោគ Covid-19 វាយលុកនៅកម្ពុជាយើង ដូច្នេះខ្ញុំក៏ត្រូវសម្លឹងមើលរឿងជាច្រើនទៀតដែលនឹងត្រូវចូលរួមដោះស្រាយ ក្រោយពេល Covid-19 ស្ងប់ស្ងាត់ទៅវិញ ដូច្នេះហើយសូមបងប្អូនមេត្តាកុំយល់ច្រឡំថា ខ្ញុំស្ងាត់ដោយសារតែនាយករដ្ឋមន្ត្រី មានមតិមកលើរូបខ្ញុំអី ពីព្រោះយើងជាអ្នកនយោបាយ ត្រូវតែចេះរើសការងារមកធ្វើ គឺមិនមែនធ្វើគ្រប់ការងារដែលការងារខ្លះជាដែនសមត្ថកិច្ចរបស់អាជ្ញាធរ”។
បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះ លោកពេជ្រ ស្រស់ បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២០ ថា “តាមពិតទៅ មានប្រជាពលរដ្ឋក៏ដូចជាអ្នកលេងហ្វេសប៊ុក និងអ្នកផ្លែផ្កាមកខ្ញុំថា ខ្ញុំហ្នឹងស្ងាត់ដោយសារតែសម្តេចតេជោ ប្រើពាក្យថាស្តីឱ្យអ៊ីចឹង តែចង់ជម្រាបទៅវិញថា មិនមែនព្រោះតែសម្តេចតេជោ មានមតិមកលើខ្ញុំទេ ដោយសារតែជំងឺកូវីដទី១។
ទី២ ដោយសារកូវីដ ឱ្យខ្ញុំធ្វើអីក្រៅពីស្នើទៅរាជរដ្ឋាភិបាលគិតគូរដល់កូនបំណុល ហើយយើងស្នើ ឥឡូវនេះសម្តេចតេជោ លោកចេញមុខអន្តរាគមន៍។ ក្រៅពីនោះ មានតែការងារចេញសារអប់រំដល់ពួកគាត់ អ៊ីចឹងអស់ការអី ធ្វើហើយ នៅពេលកូវីដស្ងប់ស្ងាត់ យើងនឹងមានការងារឱ្យគេធ្វើច្រើនទៀត ដើម្បីចូលរួមដោះស្រាយ”។
លោកពេជ្រ ស្រស់ បន្តថា “កន្លងមក សម្តេចនាយករដ្ឋមន្ត្រី គាត់ថាកុំឱ្យខ្ញុំនិយាយច្រើនពេក រឿងធនាគារ គាត់ចេះគិតគូរដែរ ហើយ វាគ្រាន់តែអធិប្បាយរវាងអ្នកនយោបាយ និងអ្នកនយោបាយទេ បើនិយាយមួយម៉ាត់ គឺថា រវាងមន្ត្រីថ្នាក់ក្រោម និងមន្ត្រីថ្នាក់លើតែប៉ុណ្ណឹងឯង ព្រោះខ្ញុំជាមន្ត្រីរដ្ឋាភិបាលដែរ គាត់ជានាយករដ្ឋមន្ត្រី ហើយខ្ញុំជាទេសរដ្ឋមន្ត្រី អ៊ីចឹងការណែនាំរបស់នាយករដ្ឋមន្ត្រីមកថ្នាក់ក្រោម វាមានអីត្រូវចម្លែក វាធម្មតាទេ ហើយវាមិនមែនដល់ថ្នាក់ខ្លាចអីណាណី វាមិនមែនទេ វាខុសពីទម្រង់ការងារ”។
លោកពេជ្រ ស្រស់ បន្តទៀតថា “ដូចមិនមានអីត្រូវខ្លាចសម្តីគាត់ អ្នកនយោបាយ វាត្រូវការផ្លែផ្កា ឌឺដងគ្នាតិចតួច អាហ្នឹងវាជារឿងធម្មតា ហើយបើនយោបាយគណបក្សជំទាស់ហើយបើមិនមានផ្លែផ្កាជាមួយគណបក្សកាន់អំណាច ម៉េចហៅថា គណបក្សជំទាស់ និងគណបក្សកាន់អំណាច?
វាជារឿងធម្មតារបស់អ្នកនយោបាយទៅហើយ តែគ្រាន់តែថា អ្នកគាំទ្រនយោបាយមួយចំនួន គាត់អត់ចេះ មិនចេះធ្វើចេះ។ ប៉ុន្តែជាសកម្មភាពប្រតិភូគណបក្សប្រជាជនកម្ពុជា កំពុងចុះសិក្សាបញ្ហា ពលរដ្ឋដែលបានប្តឹងមកយើងនៅសល់១៣ករណីទៀត យើងកំពុងតែចុះជាបន្តបន្ទាប់។ អ៊ីចឹងយើងអត់មានខ្លាចជាមួយអ្នកណាទេ សំខាន់យើងធ្វើស្ថិតនៅក្រោមសីលធម៌ និងផ្លូវច្បាប់តែប៉ុណ្ណឹងឯង។
ដូច្នេះសិទ្ធិរបស់ពួកគាត់ៗថាម៉េច គ្មានរឿងដែលត្រូវចោទទេ គ្រាន់តែចង់ជម្រាបគាត់ថា យើងឈរលើគោលការណ៍អព្យាក្រឹត្យ និងយកគតិយុត្តិជាធំ ជាពិសេស ផ្តោតលើប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ អ៊ីចឹងខ្ញុំមិនចេះចុះញ៉ម ចេះខ្លាចនរណាទេ បើសិនជាខ្ញុំ និងក្រុមការងារយុវជនធ្វើត្រូវច្បាប់។
កាលណាយើងធ្វើត្រូវច្បាប់ យើងអត់ត្រូវខ្លាចនរណាគេទាំងអស់ ការលើកឡើងរបស់ខ្ញុំក៏មិនមែនខុសច្បាប់ ហើយសម្តេចតេជោ ស្នើឱ្យខ្ញុំមិនឱ្យនិយាយច្រើន ក៏គាត់មិនខុស គាត់មានដាក់សម្ពាធលើយើងឯណា គាត់គ្រាន់តែប្រើពាក្យស្នើតើ! អ៊ីចឹងអត់មានអីទៅក្រោមគំនាបគាត់ ឬក៏ខ្លាចគាត់ទេ គ្រាន់តែថា បើគាត់ដឹង ហើយគាត់យល់ហើយ យើងឈប់និយាយទៅ បើគាត់ទទួលខុសត្រូវហើយ អ្វីដែលយើងនិយាយៗ ឱ្យគាត់ទទួលខុសត្រូវហ្នឹងឯង”៕
កុលបុត្រ