ភ្នំពេញ ៖ ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ អតីតថ្នាក់ដឹកនាំនៃអតីតគណបក្សសង្គ្រោះជាតិ បានលើកឡើងថា សម័យកូវីដ-១៩ ដើរលេងជុំគ្នាបាន តែសាលារៀននៅតែបិទ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានសរសេរនៅក្នុងគណនីហ្វេសប៊ុករបស់ព្រះអង្គ នៅ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ថា “សម័យកូវីដ-១៩ ដើរលេងជុំគ្នាបាន តែសាលារៀននៅតែបិទ”។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ មិនអាចសុំការបញ្ជាក់បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើនេះបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់ព្រះអង្គមិនអាចទាក់ទងបាន។
គួរបញ្ជាក់ថា ការលើកឡើងរបស់ព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ បានធ្វើឡើងក្រោយពេលដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើលិខិតស្នើលោកហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិតសិក្សាដំណើរការឡើងវិញ យោងរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានបង្ហាញឱ្យឃើញថា រយៈពេល៣សប្តាហ៍ចុងក្រោយនេះ ក្រសួងរកមិនឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ឬកូវីដ-១៩។
លិខិតរបស់សមាគគ្រូបង្រៀនកម្ពុជាឯករាជ្យ លេខ០០៤សគកឯ ចុះថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដែលចុះហត្ថលេខាដោយអ្នកស្រីអ៊ុក ឆាយ៉ាវី ជាប្រធាន បានជម្រាបជូនលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថា “ផ្អែកតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលបានបង្ហាញឱ្យឃើញថា រយៈពេល៣សប្តាហ៍ចុងក្រោយនេះ ក្រសួងរកមិនឃើញអ្នកផ្ទុកមេរោគកូរ៉ូណា ឬកូវីដ-១៩ នេះទេ។ ហើយ មកដល់ថ្ងៃនេះ មានអ្នកជាពីមេរោគកូរ៉ូណា ចំនួន១២២នាក់ និងអ្នកមិនទាន់ជាចំនួន២នាក់។
ដូចនេះក្នុងស្ថានភាពប្រសើរដែលរកមិនឃើញអ្នកឆ្លងមេរោគកូរ៉ូណា ឬកូវីដ-១៩ ជាង៣សប្តាហ៍ហើយក្រសួងអប់រំ យុវជន និងកីឡា ត្រូវពិនិត្យមើលលទ្ធភាពតំបន់មួយចំនួនអាចឱ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតបើកដំណើរការដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។
ចំពោះកម្មវិធីសិក្សាពីចម្ងាយរបស់ក្រសួងអប់រំ យុវជន និងកីឡា អាចទៅដល់សិស្សដែលឪពុកម្តាយមានលទ្ធភាព ដោយឡែក សិស្សានុសិស្សក្រីក្រពិបាកនឹងទទួលបានពីកម្មវិធីនេះមកពីឪពុកម្តាយគ្មានលទ្ធភាព ដោយអាណាព្យាបាលភាគច្រើន ក៏ពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការជួយមើលការរៀនរបស់កូនៗ ដោយសាររវល់ធ្វើការងារ និងប្រកបមុខរបរដើម្បីជីវភាពរស់នៅប្រចាំថ្ងៃ។
សេចក្តីដូចបានគោរព និងជម្រាបខាងលើ សូមឯកឧត្តមបណ្ឌិតពិនិត្យនិងដោះស្រាយសំណើរបស់សមាគម ដោយអនុគ្រោះ”។
អ្នកស្រីអ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា អ្នកស្រីគាំទ្រចំពោះការលើកឡើងរបស់ព្រះអង្គម្ចាស់ស៊ីសុត្ថិ ធម្មិកោ ដែលថា សាលារៀននៅតែបិទនោះ។ ដូច្នេះពេលនេះ ក្រសួងអប់រំ យុវជន និងកីឡា គួរតែបើកសាលារៀន ទូទាំងប្រទេសឡើងវិញដូចអ្វីដែលសមាគម បានស្នើសុំ តែមកដល់ពេលនេះ ក្រសួងមិនទាន់បានឆ្លើយតបនៅឡើយ។
អ្នកស្រីអ៊ុក ឆាយ៉ាវី បានមានប្រសាសន៍ថា “ចំពោះសម្តីនេះ ខ្ញុំគិតថា យើងអត់មានការដើរជុំគ្នានៅឡើយ ព្រោះសព្វថ្ងៃទាំងសហជីព ទាំងសមាគម ទាំងអង្គការ យើងនៅតែនៅឆ្ងាយពីគ្នា តាមអ្វីដែលក្រសួងសុខាភិបាល មានប្រសាសន៍ថា យើងត្រូវទប់ស្កាត់នូវការជួបប្រជុំណាមួយអ៊ីចឹងទៅ។ អ៊ីចឹងបន្ទូលរបស់ព្រះអង្គម្ចាស់ធម្មិកោ ដែលថា ពួកគាត់អាចដើរជុំគ្នាបាន ប៉ុន្តែពួកខ្ញុំអត់ដើរជុំគ្នាបាន អ៊ីចឹង ខ្ញុំអត់គាំទ្រ។
ប៉ុន្តែចំពោះពាក្យថា សាលារៀននៅតែបិទ យើងឃើញហើយ សមាគមដាក់លិខិតទៅ គឺសាលារៀន ក៏មិនទាន់បានបើក អ៊ីចឹងការហ្នឹងត្រឹមត្រូវ ដែលសាលារៀននៅតែបិទ។ ត្រង់ចំណុចនេះ បើយើងឃើញកូវីដ បានជាសះស្បើយអស់ហើយ នៅសល់តែម្នាក់ អ៊ីចឹងគួរតែក្រសួងអប់រំពិចារណាក្នុងការដាក់ឱ្យសាលារៀនដំណើរការវិញ។
បើសិនជាយើង បើកសាលារៀនឡើងវិញ យើងឃើញថា សិស្សានុសិស្ស គាត់បានទទួលការអប់រំទាំងអស់គ្នាបាន បើសិនជាដាក់សាលារៀនមិនទាន់ចូល បានន័យថា អ្នកដែលបានសិក្សានោះ គឺមានតែអ្នកដែលមានធនធាន អ្នកដែលមានទូរស័ព្ទអីអាចប្រើប្រាស់បាន ហើយនិងក៏ត្រូវការអ្នកដែលមានលុយដែរ។
អ្នកមានលុយ ធម្មតាប្រើទូរស័ព្ទក្តី អីក្តី លុះត្រាតែអ្នកហ្នឹងឯងមានលុយដាក់អ៊ីនធើរណេត ដូច្នេះអាហ្នឹងគឺមិនបានទូលាយទៅដល់កូនប្រជាពលរដ្ឋដែលក្រីក្រទេ។ បានន័យថា បើបិទសាលារៀនយូរ នឹងមានផលប៉ះពាល់ចំពោះសិស្សានុសិស្សដែលគ្មានធនធាន ដូចជា ឪពុកម្តាយក្រីក្រ គឺគាត់ជួបប្រទះនូវការដែលមិនអាចទទួលនូវការអប់រំសម្រាប់ពួកគាត់ទាំងអស់គ្នាបាន ទោះបីក្រសួងអប់រំ ខិតខំបង្រៀនពីចម្ងាយបែបណាក្តី ប៉ុន្តែពួកគាត់នៅតែមិនអាចទទួលការអប់រំបានទូលាយ ដោយសារតែកត្តាជីវភាពរបស់គាត់ អ៊ីចឹងគួរតែក្រសួងពិចារណា ក្នុងការបើកសាលាដំណើរការវិញ ដើម្បីឱ្យពួកគាត់ទទួលបានការអបរ់ទាំងអស់គ្នា”។
ទោះបីយ៉ាងណា ជុំវិញបញ្ហានេះ “នគរធំ” មិនអាចទាក់ទងលោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានទេ កាលពីម្សិលមិញ។ ប៉ុន្តែលោករស់ សុវាចា បានឆ្លើយតប មក “នគរធំ” តាមរយៈប្រព័ន្ធតេឡេក្រាម កាលពីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ថា “ចំពោះមុខនេះ សូមយោងសេចក្តីណែនាំលេខ២៣ អយក។សណន ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្តីពីការសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិកត្រូនិក សិស្សានុសិស្ស កម្រិតមត្តេយ្យ បឋមសិក្សា និងមធ្យមសិក្សា”។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ បានបន្តពន្យារការចូលរៀនឡើងវិញក្រោយពីវិស្សមកាលតូច។ ដើម្បីធានាថា សិស្សអាចបន្តរៀនបាននៅតាមផ្ទះ ក្រោមការជួយសម្របសម្រួលពីមាតាបិតា អ្នកអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលារៀន ក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តផលិតវិដេអូសម្រាប់ការបង្រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក (E-Learning) សម្រាប់សិស្ស នៅតាមផ្ទះ ចាប់ពីមត្តេយ្យសិក្សា បឋមសិក្សា រហូតដល់មធ្យមសិក្សាទុតិយភូមិ និងពង្រីកការ ផ្សព្វផ្សាយឱ្យបានកាន់តែទូលំលាយជាងមុន។
ក្នុងន័យនេះ ក្រសួងអប់រំ ធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ការិយាល័យអប់រំយុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រប់គ្រឹះស្ថានសិក្សាទាំងសាធារណៈ និងឯកជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស ព្រមទាំងគណៈកម្មការគ្រប់គ្រងសាលារៀន គណៈកម្មការទ្រទ្រង់សាលារៀន ឱ្យចូលរួមអនុវត្ត “ការសិក្សាពីចម្ងាយ” និង “ការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក”…៕
កុលបុត្រ